Yearendyearend1140x150

លោក ស៊ី ជីនភីង៖ចិនចាត់ទុក«អាស៊ាន»ជាទិសដៅអាទិភាពផ្នែកការទូត និង “ខ្សែក្រវាត់និងផ្លូវ”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ប្រមុខរដ្ឋចិន លោក ស៊ី ជីនភីង បានថ្លែងចាត់ទុកអាស៊ានជាទិសដៅអាទិភាពផ្នែកការទូត និងជាតំបន់សំខាន់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ។លោកថ្លែងបែបនេះ ធ្វើឡើង ក្នុងឱកាសសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី១៧នៅថ្ងៃនេះ។

នៅចំពោះមុខសមាជិកអាស៊ានលោក ស៊ី ជីនភីង ប្រមុខរដ្ឋចិនបានគូសបញ្ជាក់ពីការបម្រែបម្រួលស្ថានការណ៍ពិភពលោកក្នុងរយៈពេលមួយរយឆ្នាំមក ដោយលោកមើលឃើញថា ពហុប៉ូលភាវូបនីយកម្មនៃពិភពលោក សេដ្ឋកិច្ចសកលភាវូបនីយកម្ម ព័ត៌មានភាវូបនីយកម្មសង្គម និងវប្បធម៌ពិពិធកម្ម កំពុងអភិវឌ្ឍកាន់តែស៊ីជម្រៅ ជោគវាសនារបស់ប្រជាជនគ្រប់ប្រទេសផ្សារភ្ជាប់គ្នាយ៉ាងស្អិតល្មួតជាងពេលណាៗទាំងអស់។

ក្រោមស្ថានការណ៍ថ្មី លោក ស៊ី ជីនភីង បានអះអាងថា ភាគីចិនចាត់ទុកអាស៊ានជាទិសដៅអាទិភាពផ្នែកការទូត និងជាតំបន់សំខាន់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ចិនគាំទ្រការកសាងសហគមន៍រួមវាសនាអាស៊ាន គាំទ្រឋានៈស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា គាំទ្រអាស៊ានដើរតួនាទីកាន់តែធំក្នុងការបង្កើតក្របខ័ណ្ឌតំបន់បែបបើកទូលាយ និងប្រកបដោយបរិយាប័ន្ន។

បើតាមលោក ស៊ី ជីនភីង ក្រោមការណែនាំនៃ «ទស្សនទានឆ្នាំ២០៣០នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន» ភាគីចិនមានឆន្ទៈរួមជាមួយអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រក្សាភាពល្អប្រសើរនៃការអភិវឌ្ឍក្នុងតំបន់ ដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលកាន់តែជិតស្និទ្ធ។

លោកបានលើកឡើងសេចក្តីផ្តួចផ្តើម ៤ ចំណុច៖ ទី១ លើកកម្ពស់ការកសាងទំនុកចិត្តផ្នែកយុទ្ធសាស្ត្រ តភ្ជាប់ផែនការអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ។ ចិនរីករាយរួមជាមួយអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យក្នុងរយៈ ៥ ឆ្នាំខាងមុខនេះដោយអនុលោមតាម « ផែនការប្រតិបត្តិនៃសេចក្តីប្រកាសរួម ស្តីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន (2021-2025)» , អនុវត្ត«សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចសហប្រតិបត្តិការតភ្ជាប់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ជាមួយ <ផែនការមេនៃការតភ្ជាប់គ្នារវាងអាស៊ាន 2025>» ដើម្បីកសាងច្រកពាណិជ្ជកម្មថ្មីផ្លូវគោកនិងសមុទ្រ បង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់គ្នានៃហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែក ផ្លូវថ្នល់ កំពង់ផែ ទូរគមនាគមន៍ ជាដើម ពន្លឿនការកសាងគម្រោងសំខាន់និងរបៀងសេដ្ឋកិច្ចដែលមានស្រាប់ និងបង្កើតសម្ព័ន្ធដឹកជញ្ជូនពហុទម្រង់ចិន-អាស៊ាន។ ឆ្នាំក្រោយជាខួបទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ភាគីចិនមានឆន្ទៈរួមជាអាស៊ាន ប្រារព្ធសកម្មភាពអបអរសាទរមួយចំនួន ដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

ទី២ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ចតំបន់ដោយគ្រប់ជ្រុងជ្រោយ ។ ប្រទេសចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាននានា ចាត់ទុកខួប១០ឆ្នាំនៃការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានជាឱកាស ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យបានល្អថែមទៀត ។ ភាគីចិនស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចដោយគ្រប់ជ្រុងជ្រោយក្នុងតំបន់ សង្ឃឹមថាអាចចូលជាធរមានក្នុងពេលឆាប់ៗ ។ ភាគីចិនរីករាយខិតខំប្រឹងប្រែងរួមជាមួយភាគីអាស៊ាន ធ្វើឱ្យពាណិជ្ជកម្មមានភាពរលូន ជំរុញការវិនិយោគ បើកទូលាយទីផ្សារទៅវិញទៅមក ជំរុញឱ្យខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់តម្លៃនៃភាគីទាំងពីររួមបញ្ចូលគ្នាដោយស៊ីជម្រៅ ។

ទី ៣ លើកកម្ពស់ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលមានភាពស៊ីជម្រៅ ។ ឆ្នាំនេះជាឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន ភាគីចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៃអាស៊ាន ក្តាប់ជាប់កាលានុវត្តភាពនៃបដិវត្តបច្ចេកវិទ្យានិងកំណែទម្រង់ផលិតកម្មជុំថ្មី ពង្រីកឧត្តមភាពបំពេញបន្ថែមគ្នា ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បង្កើតកិច្ចសហប្រតិបត្តិការថ្មីកាន់តែច្រើនខាងវិស័យទីក្រុងវៃឆ្លាត ប្រព័ន្ធ5G វៃឆ្លាតសិប្បនិមិត្ត ពាណិជ្ជកម្មអេឡិចត្រូនិក ទិន្នន័យធំនិងការព្យាបាលជំងឺតាមអនឡាញជាដើម បង្កើនការការពារសន្តិសុខទិន្នន័យនិងការសម្របសម្រួលគោលនយោបាយ ដើម្បីពូនជ្រំកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភាគីទាំងពីរ ។ ភាគីចិនរីករាយកសាងកំពង់ផែព័ត៌មានចិន-អាស៊ានជាមួយអាស៊ាន ជំរុញការតភ្ជាប់គ្នាខាងឌីជីថល និងកសាងផ្លូវសូត្រឌីជីថល ។

ទី ៤ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បង្កើនកិច្ចកសាងសមត្ថភាពសុខាភិបាលសាធារណៈ។ ភាគីចិនរីករាយរួមជាមួយអាស៊ានធ្វើកិច្ចសន្ទនាអំពីគោលនយោបាយផ្នែកសុខាភិបាលសាធារណៈ ធ្វើឱ្យយន្តការសហប្រតិបត្តិការមានសុក្រឹតភាព ចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បង្កើនការចែករំលែកព័ត៌មាននិងកិច្ចសហប្រតិបត្តិការក្នុងការសិក្សាស្រាវជ្រាវ ផលិតនិងប្រើប្រាស់ថ្នាំវ៉ាក់សាំង។ ភាគីចិននឹងគិតគូរជាអាទិភាពអំពីតម្រូវការរបស់ប្រទេសអាស៊ានបន្ទាប់ពីថ្នាំវ៉ាក់សាំងត្រូវបានដាក់ឱ្យប្រើប្រាស់ ដោយផ្តល់ការគាំទ្រខាងមូលធនដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់អាស៊ាន រួមគ្នាកសាងឃ្លាំងស្តុកសម្ភារៈបរិក្ខារពេទ្យសម្រាប់ការឆ្លើយតបជាបន្ទាន់ ព្រមនិងបង្កើតយន្តការប្រាស្រ័យទាក់ទងជាបន្ទាន់ខាងសុខាភិបាលសាធារណៈចិន-អាស៊ាន។

ថ្លែងសារចុងក្រោយនៃកិច្ចប្រជុំបើលោក ស៊ី ជីនភីង ប្រទេសចិននឹងពង្រីកការបើកទូលាយយ៉ាងដាច់ខាតមិនងាករេ បង្កើនការជំរុញគ្នារវាងសេដ្ឋកិច្ចជាតិនិងអន្តរជាតិ ជំរុញការងើបឡើងវិញរបស់ពិភពលោកតាមរយៈការស្តារឡើងវិញរបស់ប្រទេសចិន បណ្តាប្រទេសនានាលើពិភពលោកក្នុងនោះបូករួមទាំងប្រទេសអាស៊ានសុទ្ធតែនឹងទទួលបានផលប្រយោជន៍ពីក្នុងនោះ។ សម្លឹងមើលទៅអនាគត កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននឹងកាន់តែទូលំទូលាយថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង