Cct850x100 1
1800px x h300px kh

ក្រសួងការបរទេសកម្ពុជា៖ការបិទទូតស៊ុយអែតជាកិច្ចការផ្ទៃក្នុង មិនប៉ះពាល់ដល់ទំនាក់ទំនងការទូតឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលពីស៊ុយអែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានសម្រេចបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា នៅចុងឆ្នាំ២០២១ ដោយប្តូរទៅក្រុងបាងកក ប្រទេសថៃវិញ។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការបិទទូតស៊ុយអែតជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ហើយការបិទនេះមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ស៊ុយអែតឡើយ។

បើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការបិទទូតស៊ុយអែតជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ក្នុងការបិទ ឬបើកស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស ហើយការប្រកាសបិទស្ថានទូតនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងស៊ុយអែតទេ។

លោក កុយ គួង បានថ្លែងយ៉ាងដូច្នេះថា “ជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ក្នុងបិទ ឬបើកស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស ការប្រកាសបិទស្ថានទូតនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ស៊ុយអែតទេ”។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស៊ុយអែត បានពន្យល់ថា ការផ្លាស់ប្តូរទូតនេះ ជាផ្នែកមួយនៃការសម្របខ្លួនប្រចាំរបស់ស្ថាប័ននៅបរទេសរបស់ក្រសួងការបរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវការត្រួតពិនិត្យ និងសេវាកម្មថ្មី។ ចំពោះការបិទស្ថានទូតនេះ ក្រសួងការបរទេសស៊ុយអែត នឹងមិនមានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងនៅតែបន្ត ដោយទីភ្នាក់ងារអភិវឌ្ឃន៍អន្តរជាតិស៊ុយអែត៕

Khcct banner

អត្ថបទទាក់ទង