Yearendyearend1140x150
Img 0571

ពលរដ្ឋខ្មែរមួយចំនួនគាំទ្រ«ការវិនិយោគចិន»តែសុំឱ្យគោរពច្បាប់របស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បច្ចុបន្បន្ននេះសង្គេតឃើញថាមានអ្នកវិនិយោគ និងអ្នកប្រកបរបរអាជីវកម្មជនជាតិចិនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុកមួយចំនួន បានហៅការបណ្តាក់ទុនរបស់ជនជាតិចិននេះ បានផ្តល់នូវផលប្រយោជន៍ជាច្រើនដូចជា ការបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ ជួយក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត។ ប៉ុន្តែយ៉ាងណា ពលរដ្ឋខ្មែរខ្លះក៏បានលើកឡើងពីផលអវិជ្ជមាននៃការវិនិយោគនេះផងដែរ។

កញ្ញា ង៉ាន់ សុគុន ជានិស្សិតសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថាការវិនិយោគរបស់ជនជាតិចិនជារឿងល្អប្រសើរមួយ ពោលគឺការវិនិយោគនេះបានផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ហើយនៅពេលជនជាតិចិនមកវិនិយោគទុននៅស្រុកខ្មែរបានសាងសង់សំណង់ទៅធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ មានអគារខ្ពស់ៗ មានអគារស្កឹមស្កៃ ទំនើប ជឿនលឿន ទាំងនេះគឺបានមកពីការវិនិយោគរបស់ជនជាតិចិន។

កញ្ញាសង្ឃឹមថា “ការវិនិយោគរបស់ជនជាតិចិននឹងបានចំណូលចូលរដ្ឋបានច្រើន ព្រោះកាលណាអ្នកវិនិយោគចូលមកកម្ពុជាកាន់តែច្រើន គឺត្រូវបង់ពន្ធ និងត្រូវមានកញ្ចប់ថវិកា មួយសម្រាប់តម្កល់ ហើយថវិកានេះបានចូលមកជាតិ” ។

ទន្ទឹមនឹងនេះការវិនិយោគរបស់ជនជាតិចិននៅប្រទេសកម្ពុជាច្រើនលើសលុប កញ្ញា ង៉ាន់ សុគុន ក៏បានមើលឃើញពីផលអវិជ្ជមានមួយចំនួន ប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរដែរ។ ចំណែកការវិនិយោគរបស់ជនបរទេសក្នុងប្រទេសកម្ពុជាហាក់ដូចជាមិនសមាមាត្រ មានន័យថាលើសលុបដោយជនជាតិចិនច្រើនពេក ក្រៅពីនេះមិនសូវឃើញជនជាតិដទៃច្រើនដូចនេះទេ។ ម៉្យាងវិញទៀតការវិនិយោគ និងបើករបររកស៊ីមួយចំនួនគឺខុសច្បាប់ និងការបង្កភាពអសន្តិសុខដែលបង្កឡើងដោយជនជាតិចិន។

កញ្ញា ង៉ាន់ សុគុន ជានិស្សិតសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំណែកលោក សុខ ចាន់ស៊ី ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានយល់ថា ការវិនិយោគ និងអ្នកប្រកបរបរអាជីវកម្មជនជាតិចិននៅក្នុងប្រទេសកម្ពុជា បានផ្តល់នូវសារៈប្រយោជន៍ជាច្រើនដូចជា ការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើន។ ជាពិសេសអ្នកវិនិយោគចិនបានទាក់ទាញភ្ញៀវទេសចរចិនឲ្យមកលេងកម្សាន្តនៅប្រទេសកម្ពុជា ដែលផ្តល់នូវចំណូលជាតិនិងប្រជាជនក្នុងស្រុកផងដែរ។ លើសពីនេះ ការវិនិយោគទៅលើការនាំចេញចូលទំនិញរវាងប្រទេសចិន និងកម្ពុជាដែលបានផ្តល់ផលចំណេញដល់ប្រទេសទាំងពីរ។

សាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះបន្តទៀតថា ការវិនិយោគ និងអ្នកប្រកបរបរអាជីវកម្មជនជាតិចិននៅកម្ពុជា ក៏បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាដែរ ព្រោះតាមរយៈការវិនិយោគរបស់ជនជាតិចិនកន្លងមកឃើញថា មានជនជាតិខ្លះបានប្រកបរបរខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តបទឧក្រឹដ្ឋបង្កភាពចលាចលនៅក្នុងសង្គមខ្មែរ។

លោក សុខ ចាន់ស៊ី ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

រីឯពលរដ្ឋខ្មែរជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យម្នាក់ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ចំពោះកញ្ញាផ្ទាល់យល់ថាការវិនិយោគរបស់ជនជាតិចិននៅប្រទេសកម្ពុជាឲ្យតែស្របច្បាប់ត្រឹមត្រូវ កុំឲ្យមានបទល្មើសផ្សេងៗ ពោលគឺការវិនិយោគនេះជួយឲ្យសេដ្ឋកិច្ចខ្មែររីកចម្រើនមួយផ្នែកដូចជាជួយប្រជាពលរដ្ឋខ្មែរស្រួលរកការងារធ្វើ។ ឧទាហរណ៍ជាក់ស្តែងក្រុមហ៊ុនចិនអាចយករបស់ប្រើប្រាស់ផ្សេងៗមកលក់នៅស្រុកខ្មែរ ដូច្នេះប្រជាពលរដ្ឋខ្មែរមានរបស់ប្រើប្រាស់គ្រប់គ្រាន់ មានទំនិញផ្លាសប្តូរ និងចេញចូល។ ម៉្យាងទៀតការវិនិយោគ និងការរកស៊ីទាក់ទងនឹងវិស័យកាត់ដេរ បានបង្កើតការងារឲ្យប្រជាពលរដ្ឋខ្មែរ មានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ចៀសវាងការធ្វើចំណាកស្រុកដើម្បីទៅធ្វើការនៅប្រទេសក្រៅ។

លោក ខន រដ្ឋា ជានិស្សិតសិក្សាជំនាញសំណង់ស៊ីវិលនៅសាកលវិទ្យាបច្ចេកវិទ្យាប៉េកាំងនៃប្រទេសចិន បានលើកឡើងថា សម្រាប់ជនជាតិចិនដែលមកវិនិយោគ និងរកស៊ីនៅប្រទេសកម្ពុជា គឺបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ដូចជាការណ៍ដែលក្រុមហ៊ុនចិនអាចមកសាងសង់ អគារធំៗ ឬក៏រោងចក្រ។ ម៉្យាងទៀតតាមរយៈការវិនិយោគរបស់ជនជាតិចិនអាចធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យផ្សេងៗ។ ជាក់ស្តែងប្រសិនបើក្រុមហ៊ុនចិនចង់មកបើកនៅស្រុកខ្មែរគឺត្រូវបង់ពន្ធចូលរដ្ឋ ដែលនេះជាកត្តាជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។

លោក ខន រដ្ឋា បន្តថា ទន្ទឹមនឹងនេះចំណុចអវិជ្ជមានក៏មានដែរ មានជនជាតិចិនមួយចំនួនមកវិនិយោគ និងរកស៊ីនៅប្រទេសកម្ពុជាមិនគោរពច្បាប់ប្រទេស ប៉ុន្តែយ៉ាងណាក្តីរាជរដ្ឋាភិបាលកម្ពុជាកំពុងតែរឹតបន្តឹងច្បាប់ហើយ។ ចំណុចអវិជ្ជមានមួយទៀតគឺទាក់ទងនឹងបុគ្គលិក ឬក៏កម្មករចិនដែលមកធ្វើការនៅស្រុកខ្មែរ ដែលបានបង្កជាអសន្តិសុខនៅតំបន់ខ្លះដូចជានៅកំពង់សោម។

ជារួមការវិនិយោគ និងការប្រកបរបររបស់ជនជាតិនៅក្នុងប្រទេសកម្ពុជាមានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន ក៏ប៉ុន្តែយុវជន ខន រដ្ឋា នៅតែចង់ឲ្យជនជាតិមកវិនិយោគនៅស្រុកខ្មែរមកច្រើនកាន់តែល្អ ដើម្បីជួយអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ប៉ុន្តែរដ្ឋាភិបាលត្រូវតែពង្រឹងច្បាប់បន្តិច។

លោក ខន រដ្ឋា ជានិស្សិតសិក្សាជំនាញសំណង់ស៊ីវិលនៅសាកលវិទ្យាបច្ចេកវិទ្យាប៉េកាំង។

សម្រាប់កញ្ញា ឆន ស្រីស្រស់ ជាបុគ្គលិកក្រុមហ៊ុនមួយ យល់ថាការវិនិយោគរបស់ក្រុមហ៊ុនចិនមកកម្ពុជា កញ្ញាយល់ថាល្អ វាមានគុណសម្បត្តិច្រើនសម្រាប់កម្ពុជា ប៉ុន្តែវាក៏មានគុណវបត្តិផងដែរ។ កញ្ញានិយាយតែជ្រុងតូចមួយ ដែលទាក់ទងនឹងសេដ្ឋកិច្ច ចំពោះកម្ពុជាសព្វថ្ងៃ បើសម្លឹងមើលទៅ គឺវិស័យកាត់ដេរ វាយនភ័ណ្ឌគឺមានភាពលូតលាស់គួរអោយកត់សំគាល់ ដែលភាគច្រើនសុទ្ធសឹងតែជាការវិនិយោគរបស់ក្រុមហ៊ុនចិន វាជាកត្តាមួយដែលធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការ ដោយសារតែប្រជាជនភាគច្រើនមាន មុខរបរ មានការងារធ្វើច្រើនជាងមុន និងទទួលបានចំណូលជាប្រចាំ(ប្រាក់ខែ) ដែលអាចធ្វើឲ្យពួកគេអាចប្រើប្រាស់ក្នុងការចំណាយ និងដោះស្រាយជីវភាពបានមួយកម្រិត។

កញ្ញា ឆន ស្រីស្រស់ ជាបុគ្គលិកក្រុមហ៊ុនមួយនៅភ្នំពេញ។

កញ្ញាបន្តថា ចំណូល និងការចាយវាយទាំងនោះ នឹងធ្វើអោយទីផ្សារមានដំណើរការ ហើយសេដ្ឋកិច្ចនឹងដើរ។ មួយវិញទៀតវាក៏ជួយកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកផងដែរ។ ចំពោះគុណវិបត្តិគឺ ក្រុមហ៊ុនឬអ្នកវិនិយោគមួយចំនួន ប្រព្រឹត្តអំពើល្មើសច្បាប់ ដែលធ្វើអោយមានភាពរាំងស្ទះ និងអស្ថេរភាពក្នុងសង្គម ដូចជាករណីហឹង្សា ការចាប់ជំរិត ការលេងល្បែងជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង