Cct850x100 1

ក្រសួងអភិវឌ្ឍន៍ជនបទត្រូវការថវិកាជាង៩១លានដុល្លារដើម្បីជួសជុលផ្លូវខូចខាតដោយទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍជនបទត្រូវការថវិកាប្រមាណជាង៩១លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវខូចខាតដោយទឹកជំនន់។ ក្នុងនោះ ផ្លូវជនបទដែលរងផលប៉ះពាល់នៅទូទាំងប្រទេសមានចំនួន៦៧០ខ្សែ ស្មើនឹងប្រវែង ៥៣៨៩,៥៩គ.ម ក្នុងនោះ ផ្លូវរងការខូចខាតប្រវែង ៣១៥៤,៤២ គ.ម សំណង់សិល្បការ្យសរុបចំនួន ២២៩ កន្លែង ដោយប៉ាន់ស្មានថវិកាអស់ចំនួន ៣៦៦,៤៥៨,៦៩០,៧០០រៀល ស្មើនឹង ៩១,៦១៤,៦៧៣ ដុល្លារអាមេរិក។

ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងសន្និសីទថា តាមគម្រោង ក្រសួងត្រូវការថវិកាប្រមាណជាង៩១លានដុល្លារអាមេរិក ហើយមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ចបានសម្រេចផ្តល់ថវិកាប្រមាណជា១៥លានដុល្លារអាមេរិក ដើម្បីធ្វើការដោះស្រាយបញ្ហាផ្លូវជនបទដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ថវិកាចំនួន១៥លានដុល្លារដែលបានមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយភ្លាមៗទៅលើ៣ខេត្តជាអាទិភាពរួមមាន សម្រាប់ខេត្តបន្ទាយមានជ័យត្រូវការថវិកា៤.៦លានដុល្លារ ខេត្តពោធិសាត់ត្រូវការ៤.៦លានដុល្លារ ខេត្តបាត់ដំបងត្រូវការ៣.៣លានដុល្លារ។

បើតាមឯកឧត្តម ចាន់ ដារ៉ុង ក្នុងចំណោម២៥ រាជធានីខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទត្រូវការលុយ៩១លានដុល្លារ ដោយក្រសួងបានកំណត់អាទិភាពលើផ្លូវជនបទនៅខេត្តទាំង៩ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន ខេត្តបន្ទាយមានជ័យ ៦៨ខ្សែ, ខេត្តពោធិសាត់១០៨ខ្សែ, ខេត្តបាត់ដំបង ១៣ខ្សែ, ខេត្តកំពង់ស្ពឺ ៤២ខ្សែ, ខេត្តប៉ៃលិន ០៩ខ្សែ, ខេត្តកណ្តាល ៣៧ខ្សែ, ខេត្តសៀមរាប ៤៣ខ្សែ, ខេត្តកំពង់ឆ្នាំង ០៨ខ្សែ, ខេត្តឧត្តរមានជ័យ ១៥ខ្សែ។

ទាក់ទងនឹងយុទ្ធសាស្ត្រឆ្លើយតបវិញ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះទៅសិក្សា និងវាយតម្លៃទំហំផលប៉ះពាល់ជាក់ស្តែង កំណត់អាទិភាពសម្រាប់ស្តារឡើងវិញ (Rehabilitation)។ សិក្សាយុទ្ធសាស្ត្រផ្តោតលើសារៈសំខាន់នៃប្រភេទផ្លូវ ដូចជាផ្លូវឆ្អឹងខ្នង និងសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវកែលម្អជាកៅស៊ូ ឬបេតុង ដើម្បីលើកកម្រិត (Upgrade) និងធានាភាពធន់នឹងការប្រែប្រួលអាកាសធាតុ ធ្វើយ៉ាងណាអាចប្រើប្រាស់បានគ្រប់រដូវកាល និងមិនត្រូវបានកាត់ផ្តាច់ទៀត ទោះមានគ្រោះមហន្តរាយទៀតក៏ដោយ។

ក្រសួងអភិវឌ្ឍជនបទ ចុះអន្តរាគមន៍បន្ទាន់តាមមុខព្រួញ សំខាន់ៗ ដែលបានវាយតម្លៃរួច ពិសេសខេត្តគោលដៅដែលបានទទួលរងផលប៉ះពាល់ខ្លាំង។ ក្រសួងបានប្រើប្រាស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ជាតិ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង ២៥ ជាសេនាធិការផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការតាមដាន និងវាយតម្លៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលបណ្តាលមកពីគ្រោះមហន្តរាយនានាលើវិស័យអភិវឌ្ឍជនបទនៅជនបទកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង