Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

១០ខែឆ្នាំ២០២០កម្ពុជានាំ«អង្ករ»ទៅចិនជិត២០ម៉ឺនតោនគិតជាទឹកប្រាក់ជាង១២៤លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) 

ភ្នំពេញ៖យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល១០ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនបានចំនួន ជិត ២០ម៉ឺនតោន ឬ ៣៦.២៦% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ជាង ១២៤លានដុល្លារ។

ថ្លែងក្នុងសិក្ខាសាលាតាមអនឡាញ (Webinar) ស្តីអំពី “ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរវាងចិន និងកម្ពុជា និងគុណភាពផលិតផលចិន-កម្ពុជា” ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានលើកឡើងថា​ តាំងពីឆ្នាំ ២០១៤ រហូតមកដល់ខែ ១០ ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសចិន មានការកើនឡើងដល់បរិមាណប្រមាណជិត១លានតោន ហើយចំនួនរោងម៉ាស៊ីនដែលមានគុណភាព និងស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលឆ្លើយតប តាមបទដ្ឋានទទួលស្គាល់ពីប្រទេសចិន បានកើនឡើង ដល់៤៤ រោងម៉ាស៊ីន។ 

ដោយឡែកសំរាប់តែរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនបានចំនួន ជិត ២០ម៉ឺនតោន ឬ ៣៦.២៦% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ជាង ១២៤លានដុល្លារ ហើយបិរមាណការនាំចេញនេះ គឺមានកំណើន ជាង ៥% ផងដែរបើប្រៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

បើតាមលោកឧកញ៉ា សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមផ្តល់ធាតុចូល លើការសិក្សាស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Dali សម្រាប់ជំរុញការនាំចេញអង្ករកម្ពុជាទៅប្រទេសចិន ដែលជាយន្តការមួយក្នុងយន្តការដែលសហព័ន្ធបាននិងកំពុងតែខិត ក្នុងការងារផ្តោតជាគោលលើទីផ្សារប្រទេសចិន ដែលការសិក្សាស្រាវជ្រាវនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើននូវតម្លៃ បន្ថែម លើគុណភាពសម្រាប់អង្ករកម្ពុជា.

គួរបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ កំណើននៃតម្រូវការបញ្ជាទិញពីទីផ្សារចិនគឺមានការកើនឡើងជាលំដាប់។ការកើនឡើងនេះ ដោយសារតែមានការអន្តរាគមន៍ពី​រដ្ឋាភិបាល ចរចាជាមួយនឹងរដ្ឋាភិបាលចិន សុំឲ្យទិញអង្ករពីកម្ពុជាឲ្យបានចំនួនច្រើន  ពី១០ម៉ឺន ឡើង២០ម៉ឺន រហូតដល់ចុងក្រោយ៣០ម៉ឺន។ការបើកផ្លូវ រវាងរដ្ឋនិងរដ្ឋដែលបានព្រមព្រៀងគ្នា ក៏បានធ្វើឱ្យកំណើននៃការនាំចេញអង្ករទៅប្រទេសចិន មានការកើនឡើងជាលំដាប់ ដែលដោយសារតែការចរចារបស់រាជរដ្ឋាភិបាល៕  

អត្ថបទទាក់ទង