Yearendyearend1140x150
Img 0571

ក្រសួងអប់រំ៖សាលារៀននៅភ្នំពេញ និងទីរួមខេត្តកណ្តាលនឹងបើកឡើងវិញនៅថ្ងៃ ២៣វិច្ឆិកា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០តទៅ ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសឱ្យគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះ ចំណែកឯក្លិបហាត់ប្រាណ កន្លែងលេងកីឡា មានដូចជាពហុកីឡាដ្ឋានជាតិអូឡាំពិកជាដើម អាចបើកដំណើរជាប្រក្រតីឡើងវីញនៅថ្ងៃទី១៩ នេះតែម្ដង បន្ទាប់ពីផ្អាកមួយរយៈដោយសារព្រឹត្តិការណ៍ ០៣វិច្ឆិកា។

បើតាមក្រសួងអប់រំ ក្រសួងនៅតែមិនផ្លាស់ប្ដូរកាលបរិច្ឆេទសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នោះទេ។

ទន្ទឹមនឹងនេះ ក្រសួងបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ដែលបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២ ត្រូវបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។

សូមរំលឹកដែរថា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ចូលសហគមន៍ ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ក្រសួងអប់រំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងអប់រំ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង