Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

«ស្ករត្នោតកំពង់ស្ពឺ»កំពុងប្រឈមបញ្ហាដោយសារតម្រូវការទីផ្សារខ្ពស់ តែខ្វះការផលិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ បច្ចុប្បន្នស្ករត្តោតកំពង់ស្ពឺ កំពុងប្រឈមនឹងបញ្ហាដោយសារជួបប្រទះបញ្ហាខ្សែចង្វាក់ផលិតកម្មពោលគឺខ្វះកម្លាំងពលកម្ម និង ធនធានមួយចំនួន ខណៈតម្រូវការស្ករត្នោតកំពង់ស្ពឺ ទាំងក្នុងស្រុក និងក្រៅស្រុក កំពុងមានការពេញនិយម និងតម្រូវការទីផ្សារខ្ពស់ពីអតិថិជន។នេះបើតាមលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០។

លោក សំ សារឿន បានថ្លែងឱ្យដឹងថា ការនាំចេញស្ករត្នោតទៅក្រៅប្រទេសមានតម្រូវការច្រើន រីឯតម្រូវការក្នុងស្រុកក៏ពេញនិយម តែបញ្ហាត្រង់ថាការផ្គត់ផ្គង់ស្ករត្នោតនៅមានការខ្វះខាតមិនបានគ្រប់តម្រូវការទីផ្សារនោះទេ ដោយការប្រើប្រាស់នៅក្នុងស្រុកតម្រូវការក្នុងមួយឆ្នាំៗមានចំនួន១០០ទៅ២០០តោនឯណោះ។

មូលហេតុនៃការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់នេះ លោក សំ សារឿន ពន្យល់ថា ដោយសារកត្តាមួយចំនួន មានជាអាទិ៍៖ ប្រជាកសិករដែលប្រកបរបរនេះថ្មីថ្មោងបានបោះបង់ការឡើងត្នោត ពោលគឺនៅសល់តែប្រជាកសិករចាស់ៗតែប៉ុណ្ណោះ ដែលនៅតែបន្តរបរនេះក្នុងសហគមរបស់ពួកគេប្រមាណតែ១០០ជាងគ្រួសារទេ។ហើយដើម្បីបង្កើនការផលិតឡើងវិញ សមាគមកំពុងតែគៀងគងប្រជាកសិករឱ្យបាន២០០គ្រួសារដើម្បីមានលទ្ធភាពផលិតស្ករត្នោតឱ្យគ្រប់តម្រូវការក្នុងស្រុក និងក្រៅស្រុក។

បើតាមលោក សំ សារឿន បច្ចុប្បន្នប្រជាកសិករដែលប្រកបរបរធ្វើត្នោតនេះ មានតែបីស្រុកប៉ុណ្ណោះ គឺស្រុកឧដ្ដុង ស្រុកសំរោងទង និងស្រុកអង្គស្នួល ដែលកំពុងប្រកបរបរនេះហើយស្ថិតក្នុងការគ្រប់គ្រងរបស់សហគម និងកំពុងមានការខ្វះខាតផ្នែកសម្ភារៈ ឧបករណ៍មួយចំនួន និងវត្ថុធាតុដើម ដូចជាពពែល បង្អោង តែយ៉ាងណាក៏ដោយខាងសមាគមកំពុងតែដោះស្រាយជូនប្រជាកសិករដែលកំពុងជួបបញ្ហានេះ។

បន្ថែមពីនេះ ការផ្គត់ផ្គង់ស្ករប្រើប្រាស់នៅក្នុងស្រុកមានចំនួន ២៥០តោនក្នុងមួយឆ្នាំ ចំណែកឯការនាំចេញទៅក្រៅប្រទេសមានភាពចន្លោះប្រហោងនៅឡើយ ពោលប្រជាកសិករមានការលំបាកក្នុងការផលិតដោយសារតែបញ្ហាខ្វះខាតកម្លាំងពលកម្ម ដូច្នេះការនាំចេញទៅក្រៅប្រទេសមិនបានតាមចំនួននៃតម្រូវការកំណត់នោះទេ។

លោកបន្តថា សហគមបាននឹងកំពុងដោះស្រាយបញ្ហាមួយចំនួនដែលប្រជាកសិករជួបប្រទះទៅតាមលទ្ធភាពជាក់ស្ដែង ហើយបច្ចុប្បន្នសមាគមបានចុះកុងត្រាជាមួយសមាគមមួយនៅប្រទេសបារំាង ហើយសមាគមនោះបានជួយសេវាសង្គមជាថវិការទៅតាមលទ្ធភាពដល់សមាគមស្ករត្នោតក្រោមផលិតផលសមធម៌។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១០ដែលបានសហការណ៍ទិញស្ករត្នោតពីសហគម ដែលភាគច្រើនជាក្រុមហ៊ុនក្នុងស្រុក ហើយមានក្រុមហ៊ុនមួយចំនួនទទួលទិញស្ករត្នោតពីសហគមហើយនាំចេញទៅក្រៅប្រទេសដោយខ្លួនឯងមានជាង១០ប្រទេស ដូចជាចិន កូរ៉េ ជប៉ុន អង់គ្លេស អាឡឺម៉ង់ បារាំង អេស្បាញ អាមេរិកជាដើម៕

អត្ថបទទាក់ទង