Yearendyearend1140x150
Img 0571

កម្ពុជាបញ្ចូនក្រុមហ៊ុនដាំស្វាយទាំង៦ទៅខាងភាគីចិនដើម្បីវាយតម្លៃចុងក្រោយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានកសិកម្មបានសម្រេចបញ្ជូនក្រុមហ៊ុន និងកសិដ្ឋានដាំស្វាយចំនួន៦សម្រាប់ការនាំចេញទៅប្រទេសចិន ដោយបច្ចុប្បន្ននេះភាគីកម្ពុជាបានស្នើសុំទៅខាងភាគីចិនឲ្យចុះមកត្រួតពិនិត្យ និងវាយតម្លៃទៅលើស្តង់ដាក្នុងការដាំស្វាយឲ្យមានគុណភាពសមស្របសម្រាប់ការនាំចេញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ឯកឧត្តម ងិន ឆាយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុន និងកសិដ្ឋានផ្សេងដែលទទួលបានការអនុញ្ញាតស្វាយស្រស់ទៅប្រទេសចិននៅឡើយទេ។ បច្ចុប្បន្នក្រសួងកសិកម្មកំពុងតែធ្វើការវាយតម្លៃ និងកំពុងតែធ្វើការសាងសង់កន្លែងសម្លាប់មេរោគ ហើយក្រោយពីការសាងសង់រួចទើបភ្នាក់ងារត្រួតពិនិត្យភូតគាមអនាម័យរបស់ចិននឹងមកធ្វើការវាយតម្លៃ។

បើតាម ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ថា ក្រុមហ៊ុននិងកសិដ្ឋានដាំស្វាយចំនួន៦នេះ ខាងភាគីកម្ពុជាបានវាយតម្លៃហើយថា មានលក្ខណៈល្អគ្រាប់គ្រាន់ក្នុងការដាំដុះស្របទៅតាមស្តង់ដានិងគុណភាពសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងនោះក៏មានក្រុមហ៊ុនHyundaiមានកន្លែងសម្លាប់មេរោគដែលស្របទៅតាមស្តង់ដា។ ដូច្នេះក្រសួងកសិកម្មបានផ្សាភ្ជាប់កសិដ្ឋានចំនួន៦នេះទៅជាមួយក្រុមហ៊ុនHyundai។

ឯកឧត្តម ងិន ឆាយ បានបន្តថា គិតមកដល់ពេលនេះ ក្រុមហ៊ុនដែលបានដាក់ពាក្យមកអគ្គកសិកម្ម ដើម្បីទទួលបានសិទ្ធិក្នុងការនាំចេញស្វាយស្រស់ទៅប្រទេសចិនមានប្រមាណ៥០កសិដ្ឋាននិងក្រុមហ៊ុន ដែលអគ្គកសិកម្មកំពុងចុះវាយតម្លៃនៅទីវាលផ្ទាល់។ នៅក្នុងដំណាក់កាលទី១ អគ្គកសិកម្មជ្រើសរើសកសិដ្ឋានក្រុមហ៊ុនចំនួន៦ដែលក្រសួងបានស្នើសុំទៅខាងភាគីចិនចុះមកត្រួតពិនិត្យនិងវាយតម្លៃ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីភាគីចិននៅឡើយ។

សូមបញ្ជាក់ថា យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានកសិកម្មឃើញថា ក្នុងឆ្នាំ២០១៩ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយកែវរមៀតចំនួនប្រមាណជា ១២៤ ៣១៩ហិកតា និងមានបរិមាណផលប្រមាណជា ១ ៤៤៨ ៦៧៧តោន។

បើតាមរបាយកាណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោន កើនឡើងប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩,២១៤ តោនប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង