Yearendyearend1140x150

យុវតីសេង ហ្គេកលីជោគជ័យសរសេរសៀវភៅជាលើកដំបូងរបស់ខ្លួនមានចំណងជើងថា "កូនសិស្សជីវិត"

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
យុវតីសេង ហ្គេកលី​ អ្នកនិពន្ធសៀវភៅជាលើកដំបូងរបស់ខ្លួនមានចំណងជើងថា "កូនសិស្សជីវិត"
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)

ភ្នំពេញ៖ មិត្តអ្នកអានជាទីមេត្រី នៅពេលនេះក្រុមការងារយើងសូមនាំអារម្មណ៍របស់លោកអ្នកមកស្គាល់យុវតីម្នាក់ឈ្មោះថា សេង ហ្គេកលី ។ យុវតីសេង ហ្គេកលី មានអាយុ១៩ឆ្នាំ បានសម្រេចនូវភាពជោគជ័យរបស់ខ្លួន គឺការសរសេរសៀវភៅជាលើកដំបូងមានចំណងជើងថា "កូនសិស្សជីវិត" ។សៀវភៅ គឺអប់រំដល់មនុស្សអំពីមេរៀនជីវិតដែលមិនបានបង្រៀននៅសាលារៀន ជាសៀវភៅបែបលើកទឹកចិត្តប្រមូលផ្តុំទៅដោយអត្ថបទខ្លីៗដោយបង្កប់ន័យអប់រំពីជីវិត និង សាងកម្លាំងចិត្ត ដែលសាកសមទៅនឹងយុវវ័យបច្ចុប្បន្ន។

សៀវភៅកូនសិស្សជីវិតភាគ១ និងភាគ២​ (រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
សៀវភៅកូនសិស្សជីវិតភាគ១+២​ (រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
អ្នកនិពន្ធសៀវភៅបែបលើកទឹកចិត្ត អប់រំ និងសាងទំនុកចិត្ត (រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
ថ្ងៃទិវាអំណានជាតិលើកទី៥ នៅថ្ងៃ១១ មីនា ឆ្នាំ២០២០ (រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)

សៀវភៅ "កូនសិស្សជីវិត" មានភាគ១ និងភាគ២ ជាប្រភេទសៀវភៅអប់រំបែបលើកទឹកចិត្ត ដែលប្រមូលផ្ដុំដោយរឿង និងអត្ថបទខ្លីៗដែលបង្កប់ន័យអប់រំពីជីវិត ក៏ដូចជាគោលគំនិតអប់រំសម្រាប់អភិវឌ្ឍខ្លួនមួយចំនួន ដែលមនុស្សគួរបានសិក្សារៀនសូត្រហើយប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ សៀវភៅ«កូនសិស្សជីវិត»ត្រូវបានរៀបរៀង និងបោះពុម្ពផ្សាយដំបូងនៅឆ្នាំ២០១៨ ដោយអ្នកនិពន្ធ សេង ហ្គេកលី ផ្ទាល់ និង មិនមានស្ថិតក្រោមគ្រឹះស្ថានបោះពុម្ពណាមួយឡើយ។

យុវតីសេង ហ្គេកលី ជាម្ចាស់ស្នាដៃនៃសៀវភៅនេះ។យុវតីសេង ហ្គេកលី មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមនុស្សមិនសូវចូលចិត្តនិយាយស្ដីច្រើន មិនមានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើរឿងអ្វីមួយតាមដែលខ្លួនស្រលាញ់ និងចូលចិត្តឡើយ ធ្វើអ្វីតាមតែមនុស្សជុំវិញខ្លួនប្រាប់តែប៉ុណ្ណោះ ហើយមិនសូវទទួលបានលទ្ធផលល្អឡើយ រហូតដល់បាត់បង់ម្ចាស់ការលើខ្លួនឯង និងចាប់ផ្ដើមបាក់ទឹកចិត្ត។ ពេលពិបាកចិត្តម្ដងៗ ហ្គេកលីចូលចិត្តនៅតែឯង មិនហ៊ាននិយាយជាមួយអ្នកណា ក្រៅពីអានសៀវភៅដែលជាចំណង់ចំណូលចិត្ត ក្នុងការកាត់បន្ថយអារម្មណ៍ស្រ្តេសបានមួយគ្រាផងដែរ។

មូលហេតុដែលហ្គេកលីដាក់ចំណងជើងសៀវភៅថា «កូនសិស្សជីវិត» គឺដោយមើលឃើញថា នៅក្នុងជីវិតមនុស្សម្នាក់ៗរួមទាំងខ្លួនឯងផ្ទាល់ ការរៀនពីជីវិតគឺមិនចេះចប់មិនចេះហើយឡើយ មនុស្សត្រូវរៀនពីមេរៀនជីវិតរហូតពេញមួយជីវិត។ ជីវិតប្រៀបបានដូចជាសាលាដ៏ធំមួយដែលយើងអាចរៀនសូត្របានគ្រប់ពេលវេលា។ យើងទាំងអស់គ្នាគឺជាកូនសិស្សជីវិត។ មនុស្សម្នាក់ៗ ក្លាយជាកូនសិស្សជីវិតទាមទារត្រូវសិក្សារៀនសូត្រពី បញ្ហាជីវិត ដោយរកវិធីដោះស្រាយតាមមធ្យោបាយផ្សេងៗ តាមបទពិសោធន៍ជីវិតរៀងៗខ្លួន ដែលមិនមានបង្រៀននៅសាលា។ 

ជាការពិតណាស់ អ្វីដែលបានសិក្សាស្រាវជ្រាវតាមរយៈអាន ស្ដាប់ សង្កេត និងកត់ត្រាកន្លងមក បានជួយដោះស្រាយបញ្ហាក្នុងជីវិតរបស់ហ្គេកលីបានច្រើនផងដែរ។ ហ្គេកលី តែងតែសរសេរ ឬសង្ខេបរាល់គោលគំនិតទាំងអស់ជាអត្ថបទខ្លីៗ ហើយភាគច្រើនអត្ថបទទាំងនោះ មិនមែនបានសរសេរឡើងទៅតាមអារម្មណ៍របស់ខ្លួនឯងនោះទេ ត្រូវមានអំណះអំណាងពិតជាក់ស្ដែងពីឯកសារ និងសៀវភៅដែលបានអានរួច។ 

សៀវភៅមួយក្បាលបានចេញរូបរាងឡើង ក៏ព្រោះខ្លួនជាមនុស្សចូលចិត្តអានសៀវភៅ ដោយចំណាយពេលជាច្រើនម៉ោងទៅលើការអាន និងស្រាវជ្រាវបន្ថែម តាមរយៈការសង្កេតមើលពីអ្វីដែលនៅជុំវិញខ្លួន អានសៀវភៅពីជីវប្រវត្តិរបស់បុគ្គលល្បីៗ ស្ដាប់បុគ្គលជោគជ័យ ហើយតាំងខ្លួនជាកូនសិស្សម្នាក់ដែលកំពុងរៀនមេរៀនជីវិត សិក្សាស្វែងយល់ពីខ្លួនឯង និងអ្នកដទៃ ស្វែងរកនិយមន័យនៃសេចក្ដីសុខពិត និងសិក្សារៀនសូត្រពីអ្វីដែលចាំបាច់យកមកប្រើប្រាស់ក្នុងជីវិតជាក់ស្ដែង។ 

អ្នកនិពន្ធជាកូនអ្នកខេត្តកំពង់ចាមរូបនេះ បានបញ្ជាក់អំពីលក្ខណៈពិសេសនៃសៀវភៅ «កូនសិស្សជីវិត»ត្រូវបានចែកចេញជា៧ផ្នែក ហើយមានចំនួន ៦៨មេរៀនខ្លីៗ ដែលផ្នែកនីមួយៗ មានដូចជា(១)ផ្នែកកម្លាំងចិត្ត (២)ខ្លួនឯង (៣)អ្នកដទៃ (៤)គ្រួសារ (៥)ភាពជោគជ័យ (៦)ក្ដីស្រលាញ់ និង(៧)សេចក្ដីសុខ។ ក្នុងចំណោមផ្នែកទាំង៧នេះ វាមានគុណសម្បត្តិរៀងៗខ្លួន អាស្រ័យទៅនឹងប្រភេទនៃបញ្ហាដែលអ្នកអានកំពុងជួបប្រទះ និងចង់ដោះស្រាយ។ បើសិនអ្នកអានកំពុងបាក់ទឹកចិត្ត ហេតុនេះ ផ្នែកកម្លាំងចិត្តជាអ្វីដែលពួកគាត់ទាមទារអានឱ្យស៊ីជម្រៅ ហេតុនេះផ្នែកនីមួយៗនៃសៀវភៅ សុទ្ធតែឆ្លុះបញ្ចាំង និងបានបង្រៀនអ្នកអានទាំងឡាយ ឱ្យយល់ដឹង និងចេះប្រើប្រាស់ជីវិតរស់នៅផ្ទាល់ខ្លួនបានត្រឹមត្រូវ។

យុវតី សេង ហ្គេកលី និយាយពីមេរៀនបែបរឿងខ្លីៗក្នុងសៀវភៅ ដោយមានការពន្យល់គោលគំនិតអប់រំផ្សេងៗទាក់ទងនឹងមេរៀនជីវិតដល់អ្នកអាន ដើម្បីឱ្យពួកគាត់មានគោលគំនិតវិជ្ជមាន មានកម្លាំងចិត្ត ចាប់ផ្ដើមមានភាពតស៊ូ រៀនស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់គោលដៅរបស់ខ្លួនថាចង់ធ្វើអ្វី? រៀនសម្រេចចិត្តដោយខ្លួនឯង និងម្ចាស់ការលើខ្លួនឯង។ អត្ថបទចំនួនផ្សេងទៀតបានបង្រៀនពីផ្នត់គំនិតផ្សេងៗ ពីភាពជោគជ័យរបស់បុគ្គលល្បីៗ ពន្យល់អំពីសាសនាព្រះពុទ្ធ និយាយពីហេតុផលចិត្តសាស្រ្តផ្សារភ្ជាប់ជាមួយផ្នែកវិទ្យាសាស្រ្ត។ ឧទាហរណ៍៖ ហេតុអ្វីបានជាមនុស្សយើងខ្ជិល? ហេតុអ្វីបានជាយើងចូលចិត្តពន្យារពេល?ជាដើម។ នៅក្នុងសៀវភៅនោះ បានរៀបរាប់លម្អិតពីហេតុផលទាំងនោះបានច្បាស់លាស់ និងមានអំណះអំណាងត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ក្រៅពីសរសេរសៀវភៅហើយ ហ្គេកលីក៏បានបង្កើតជាវីដេអូអប់រំខ្លីៗបានច្រើនគួរសម ក្នុងមួយសប្ដាហ៍មាន១ ឬ២វីដេអូ ដែលផ្សាយទៅដល់អ្នកទស្សនាចំនួនច្រើនគួរសមតាមបណ្ដាញសង្គមហ្វេសប៊ុក។ វិធីទាំងនោះវាផ្ដល់ភាពងាយស្រួល និងសាកសមផងដែរ សម្រាប់អ្នកមួយចំនួនមិនមានពេលអានសៀវភៅ ឬពួកគាត់មិនទាន់បានស្គាល់សៀវភៅ«កូនសិស្សជីវិត»។

ហ្គេកលី បាននិយាយថា តាមបទពិសោធន៍របស់ខ្លួននៅពេលបានអានសៀវភៅ ដូចមានមនុស្សបាននិយាយរៀបរាប់ប្រាប់យើងពីនេះពីនោះ និងមើលវីដេអូល្អៗ នោះយើងក៏ទទួលបានកម្លាំងចិត្តពីការអានសៀវភៅផងដែរ។ ដើម្បីបានសរសេរសៀវភៅមួយក្បាលដែលល្អ ខ្លួនត្រូវចំណាយពេលក្នុងការអានសៀវភៅបានច្រើន ទាំងការអាន ការស្ដាប់ ការសង្កេតរឿងនៅជុំវិញខ្លួន រួចធ្វើការសង្ខេបគោលគំនិតសំខាន់ៗ។ ការកំណត់បែងចែកពេលវេលាបានច្បាស់ល្អ ក្នុងមួយថ្ងៃសរសេរមួយអត្ថបទ ឬក្នុងមួយអាទិត្យសរសេរ ២ទៅ៣អត្ថបទទៅតាមស្ថានភាពជាក់ស្ដែង។ ហើយសៀវភៅចំនួនមួយក្បាលហ្គេកលីត្រូវចំណាយពេលមួយឆ្នាំ ដើម្បីផ្ដោតលើគុណភាពខ្លឹមសារសៀវភៅទាំងមូល និងព្យាយាមរកអ្វីថ្មីៗ គោលគំនិតល្អៗសម្រាប់អ្នកអាន ព្រោះមិនចង់អោយអ្នកអានខាតបង់ទាំងលុយកាក់ និងពេលវេលាដែលខ្លួនបានចំណាយលើសៀវភៅមួយក្បាលៗឡើយ។

សព្វថ្ងៃនេះ ម្ចាស់ស្នាដៃសៀវភៅ«កូនសិស្សជីវិត»រូបនេះ នៅតែយកគោលគំនិត ដែលមានក្នុងសៀវភៅមកអនុវត្តប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជារឿយៗ ហើយហ្គេកលី យល់ឃើញថា ការសរសេរសៀវភៅ និងការផលិតវីដេអូអប់រំទាំងអម្បាលម៉ានរបស់ខ្លួនដែលបានផ្សាយចេញទៅ ធ្វើឱ្យហ្គេកលីបានរៀនសូត្រពីសកម្មភាពទាំងនោះដូចគ្នាដែរ ក្នុងការដាស់តឿនស្មារតីជាប្រចាំ ពង្រឹងវិន័យរបស់ខ្លួន កុំឱ្យមានទម្លាប់ពន្យារពេល ស្វាហាប់ក្នុងការធ្វើកិច្ចការងារផ្សេងៗ ស្វែងរកនូវអ្វីៗដែលថ្មីមកអភិវឌ្ឍខ្លួនក្នុងពេលដែលអាចចែករំលែកដល់អ្នកដទៃផ្សេងៗទៀតផងដែរ។

ជីវិតវាពិតជាលំបាក និងរឹតតែស្មុគស្មាញ បើយើងមិនសិក្សារៀនសូត្រ និងស្វែងយល់ពីវា។ ហេតុនេះ ផ្លូវចិត្តរបស់យើងក៏ដូចគ្នាដែរ វាក៏ត្រូវការអាហារផ្លូវចិត្តល្អៗដូចជារឿងល្អៗ ការគិតល្អៗប្រកបដោយវិជ្ជមាន និងការលើកទឹកចិត្តខ្លួនឯងជាការចាំបាច់ខានពុំបាន។ នៅពេលយើងកាន់តែធំឡើង ទំនួលខុសត្រូវកាន់តែច្រើន និងកាន់តែខ្ពស់តាមហ្នឹងដែរ បើសិនជាមិនមានអ្នកប្រឹក្សា ណែនាំលើកទឹកចិត្តនោះទេ ប្រាកដណាស់យើងនឹងងាយបាក់ទឹកចិត្ត និងពិបាកចិត្តគ្មានគោលដៅច្បាស់លាស់ តែដល់ពេលយើងមានសៀវភៅសម្រាប់ជាមិត្តប្រឹក្សា និងជាគ្រូបង្រៀនពីមេរៀនផងដែរ។ កញ្ញា ហ្គេកលី សង្ឃឹមថា សៀវភៅមួយក្បាលនេះ នឹងចូលរួមជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្ដល់ជាគំនិត និងជាកម្លាំងចិត្តដល់អ្នកទាំងអស់គ្នាក្នុងការបន្តដំណើរជីវិតឆ្ពោះទៅមុខទៀត។

ថ្មីៗនេះ ក៏មានមនុស្សវ័យចំណាស់ច្រើននាក់ បានជាវកុម្ម៉ង់ និងនិយាយថា សៀវភៅមួយក្បាលនោះប្រៀបដូចជាទីប្រឹក្សារបស់ពួកគាត់ សូម្បីតែព្រឺទ្ធបុរសរងនៃសាកលវិទ្យាល័យមួយ ក៏គាត់បានសរសើរពេញចិត្តនៃស្នាដៃនិពន្ធរបស់ហ្គេកលី ហើយបានណែនាំដល់និស្សិតផ្សេងៗដទៃទៀតនៅសាលានោះ ស្វែងរកអាន និងមើលវីដេអូរបស់ហ្គេកលី ព្រោះគាត់យល់ឃើញថា វាជាសៀវភៅ និងជាវីដេអូល្អៗ សម្រាប់អប់រំជីវិត។

យុវតី សេង ហ្គេកលី និយាយថា «ជាគោលបំណងនៅថ្ងៃខាងមុខ ក្រៅពីសរសេរសៀវភៅ និងផលិតវីដេអូអប់រំលើកទឹកចិត្តហើយ ខ្ញុំមានបំណងចង់បង្កើតកម្មវិធីកិច្ចសម្ភាសន៍ជាមួយវាគ្មិនជាច្រើនរូបដែលមានភាពជោគជ័យផ្នែកជំនួញ អប់រំ ផ្នែកសិល្បះ និងអ្នកស្គាល់មួយចំនួនផ្សេងទៀត ដែលគិតថា គាត់មានគោលគំនិតអប់រំល្អៗមានប្រយោជន៍ក្នុងការចែករំលែកទៅដល់អ្នកទស្សនា។ បើសិនជាខ្ញុំចែករំលែកតែឯង នោះអ្នកទស្សនាទទួលបានតែពីខ្ញុំម្នាក់តែប៉ុណ្ណោះ ដូច្នេះហើយខ្ញុំយល់ថាគួរតែសហការជាមួយបុគ្គលផ្សេងៗទៀតជា វិធីល្អក្នុងការចែករំលែកទៅដល់យុវជន និងអ្នកទស្សនាជាច្រើននាក់នៅតាមបណ្ដេញប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ប្រហែល១ខែទៀត ខ្ញុំនឹងចេញផ្សាយសៀវភៅកូនសិស្សជីវិតភាគ៣ បន្តទៀតដែលជាសំណូមពររបស់ប្រិយមិត្តអ្នកអានផងដែរ»។

ជាចុងក្រោយ ហ្គេកលី សូមលើកទឹកចិត្តដល់កូនខ្មែរគ្រប់វ័យ ទាំងអាណាព្យាបាល និងគ្រឹះស្ថានសិក្សានានាក្នុងប្រទេស ជួយជម្រុញលើកទឹកចិត្តឱ្យមានចំណង់ចំណូលចិត្តអានសៀវភៅ ព្រោះតាមបទពិសោធន៍របស់ហ្គេកលី ត្រូវបានផ្លាស់ប្ដូរប្រសើរឡើងតាមរយះការអានសៀវភៅនេះឯង បើសិនកូនខ្មែរចង់ជោគជ័យ និងសម្រេចការងារទាំងឡាយ គួរងាកមកស្រលាញ់ការអានឱ្យកាន់តែខ្លាំងឡើងៗ និងសំណូមពរអ្នកទាំងអស់គ្នា គួរចាប់ផ្ដើមបណ្ដុះសកម្មភាពនេះជាទម្លាប់ មិនថានៅទីកន្លែងណាក៏យើងអាចបណ្ដុះការអាននេះបានដែរ ព្រោះភាគច្រើនអ្នកជោគជ័យក្នុងជីវិតការងារផ្សេងៗ មហាសេដ្ឋី បុគ្គលល្បីៗនៅជុំវិញពិភពលោក ពួកគាត់សុទ្ធតែជាអ្នកអានសៀវភៅឱ្យបានច្រើនក្បាល និងទៀងទាត់។

សូមបញ្ជាក់ថា យុវតី សេង ហ្គេកលី បច្ចុប្បន្នមានអាយុ ២១ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផ្លាស់ប្ដូរការសិក្សានៅរាជធានីភ្នំពេញតាំងពីថ្នាក់ទី៥មកម្ល៉េះ ហើយប្រលងថ្នាក់បាក់ឌុបឆ្នាំ២០១៥ នៅសាលាអន្តរជាតិប៊ែលធី បច្ចុប្បន្នជាអ្នកសរសេរសៀវភៅ«កូនសិស្សជីវិត»តាំងពីឆ្នាំ២០១៨ និងជាអ្នកផលិតវីដេអូអប់រំចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម៕

យុវតី សេង ហ្គេកលី (រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)
(រូបភាពដោយ៖ កញ្ញា​សេង ហ្គេកលី)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង