Yearendyearend1140x150

អាជីវករផ្សារមួយចំនួនបាត់ចំណូលជាងពាក់កណ្ដាល ក្នុងពេលផ្ទុះកូវីដ-១៩

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/

ភ្នំពេញ៖ កាលពីដើមឆ្នាំ២០២០ ដែលជំងឺកូវីដ១៩ ទើបនឹងឈានចូលមកដល់ប្រទេសកម្ពុជា ដោយធៀបទៅនឹងស្ថានភាពបច្ចុប្បន្នជាពិសេសបន្ទាប់ពីក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ដែលជាព្រឹត្តិការណ៍នៃការផ្ទុះជាថ្មីលក្ខណៈទ្រង់ទ្រាយធំនៃជំងឺឆ្លងកូវីដ១៩ ដែលធ្វើឱ្យអាជីវករជាច្រើនរូបនៅតាមផ្សារចំនួន បានផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹងក្រុមការងារស៊ីស៊ីថាមស៍ ជាមតិយោបល់ខ្លះអំពីស្ថានភាពការប្រកបរបរអាជីវកម្មរបស់ខ្លួនថា ប្រាក់ចំណូលជាងពាក់កណ្ដាលត្រូវបានថយចុះ បើធៀបទៅនឹងស្ថានភាពមុននិងអំឡុងពេលមានវិបត្តិកូវីដថ្មី នេះជាក្ដីបារម្ភរបស់អាជីវករដែលបានប្រឈមមុខនឹងវិបត្តិកូវីដ១៩ ដោយមិនអាចប្រកែកបាន។

អ្នកស្រី តាន់ អ៊ៀមង៉ អាយុ៥៩ឆ្នាំ ជាអាជីវករលក់សំលៀកបំពាក់នៅក្នុងផ្សារអូរឬស្សី បានប្រាប់ស៊ីស៊ីថាមស៍ថា ចាប់តាំងពីមានជំងឺកូវីដ១៩មកដល់ដំបូង ការលក់របស់អ្នកស្រីមានការផ្លាស់ប្ដូរនៃប្រាក់ចំណូលរបស់គាត់បានត្រឹមតែ៥០ ទៅ៦០ភាគរយតែប៉ុណ្ណោះ បន្ទាប់មកក្នុងអំឡុងពេល មានបញ្ហាគ្រោះទឹកជំនន់ដោយទឹកភ្លៀង ក៏បានស្ងាត់រឿងកូវីដមួយរយះពេលផងដែរនោះ អ្នកស្រីសង្កេតឃើញថា ការលក់ប្រចាំថ្ងៃមានការហក់ឡើងបានមួយកម្រិត តែស្រាប់តែមានការប្រកាសពីក្រសួងសុខាភិបាលជាបន្ទាន់អំពីការរីករាលដាលនៃជំងឺកូវីដ១៩សារជាថ្មីម្ដងទៀត ទើបមិនសូវមានមនុស្សចេញក្រៅដូចមុនម្ដងទៀត។

អ្នកស្រី អ៊ៀមង៉ បានបញ្ជាក់ថា ភាគច្រើនអ្នកទិញទំនេរតែថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ ដល់ពេលកូវីដមកម្ដងទៀតចឹង អ្នកស្រីពិតជាពិបាកចិត្តខ្លាំងណាស់ អ្នកទិញមកចង់ចេញក្រៅដោយសារតែជំងឺកូវីដ១៩នេះ។ បើសិនជំងឺឆ្លងមួយនេះ បាត់ខ្លួនចេញទៅ និងមិនមានការឆ្លងជាបន្តបន្ទាប់ទៀត នោះអ្នកស្រីក៏ដូចជាអ្នកលក់ផ្សេងៗទៀត ពិតជាសប្បាយចិត្តណាស់ហើយ។

លោក ពេជ្រ ចែម អាយុ ៥៩ឆ្នាំ ជាអ្នកលក់លតឆា នៅក្នុងផ្សារអូរឬស្សី និយាយថា កាលពីដើមដំបូងកូវីដមិនទាន់មកដល់ គាត់លក់លតបាន ១០គីឡូក្រាមក្នុងមួយថ្ងៃ បន្ទាប់ពីកូវីដមកដល់ ការលក់ក៏ធ្លាក់ចុះ មកត្រឹម ០៦ទៅ០៧គីឡូក្រាម រហូតដល់កូវីដឆ្លងសាជាថ្មីម្ដងទៀត លោកលក់បានត្រឹមតែ០៥គីឡូក្រាមតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ ភាគច្រើនមានមនុស្សច្រើនមកផ្សារទិញម្ហូបអាហារតែពេលព្រឹក ដល់ពេលថ្ងៃ និងល្ងាចមិនសូវមានមនុស្សមកផ្សារនោះទេ ហើយប៉ុន្មានថ្ងៃនេះ លតឆានៅសល់ច្រើនណាស់។

អ្នកលក់លតឆារូបនេះ បន្តថា ការលក់លតតាមផ្សារដូចគាត់ វាពិតជាពិបាកណាស់ បើគ្មានមនុស្សឡើងផ្សារក៏គ្មានអ្នកទិញដែរ ហើយវាកាន់តែពិបាកជាងនេះទៅទៀត បើសិនជាលោកបញ្ឈប់ការលក់ ហេតុនេះលោកនៅតែបន្តអាជីវកម្មមួយនេះ បើទោះបីជាការលក់មានការធ្លាក់ចុះប្រហែលពាក់កណ្ដាលនៃបរិមាណដើមក៏ដោយ គឺលក់តាមដំណើរធម្មតា បានប៉ុណ្ណាយកប៉ុណ្នឹងទៅ។

កញ្ញា អាយ៉ា អាយុ ១៨ឆ្នាំ ជាអាជីវករលក់ស្បែកជើង នៅក្នុងផ្សារធំថ្មី បានប្រាប់ថា តាំងពីជំងឺកូវីដ-១៩បានចូលមកដល់កម្ពុជា ការលក់ដូរមិនមានការរីកចំរើនឡើយតែថែមទាំងធ្លាក់ចុះទៀត ហើយដល់ស្ងប់ជំងឺកូវីដទៅ ប្រាក់ចំណូលក៏បានកើនឡើងមួយចំនួន តែមិនក៏ច្រើនដែរ។ តែយ៉ាងមិញ កញ្ញាក៏បានសង្កេតឃើញថា បើធៀបទៅពីមុនមិនទាន់មានកូវីដ១៩ និងប្រហែលពីរបីថ្ងៃនេះ ទទួលបានត្រឹមតែ៤០ភាគរយ មានន័យថា ប្រាក់ចំណូលពីការលក់ស្បែកជើងបានធ្លាក់ជាងពាក់កណ្ដាលបាត់ទៅហើយ។

កញ្ញា អាយ៉ា បន្ថែមថា កញ្ញាសប្បាយចិត្តនៅពេលមនុស្សច្រើនឡើងផ្សារកាលនៅរាងស្ងប់កូវីដ តែថ្មីៗនេះ ប្រហែលជាពីរបីថ្ងៃនេះ មិនសូវមានមនុស្សមកផ្សារ ដោយសារភាពភ័យព្រួយបារម្ភនៃវិបត្តិកូវីដ១៩ថ្មីឡើងវិញ។ អាយ៉ាប្រាប់ថា ដោយឡែកម្ចាស់តូបក្បែរៗនោះមួយចំនួន គេបានបិទតូបតាំងពីកូវីដ១៩ ដំបូងៗមកម្ល៉េះ ដោយសារទីមួយគឺ គេមិនបានចំណាយលើថ្លៃជួលតូបក្នុងផ្សារ ទីពីរគឺ គេបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩។

លោក ខន់ ថន អាយុ ៧៣ឆ្នាំ ជាអ្នករត់ស៊ីក្លូនៅម្ដុំផ្សារធំថ្មី និយាយថា គាត់ពិបាករកស៊ីណាស់ ព្រោះមនុស្សមិនសូវដើរច្រើន ហើយអ្នកជិះស៊ីក្លូភាគច្រើនជាមនុស្សចំណាស់ៗ ពួកគាត់មិនផ្សារទិញម្ហូប និងរបស់របរប្រើប្រាស់ផ្សេងៗល្មមៗ និងអ្នកស្គាល់។

អ្នករត់ស៊ីក្លូរូបនេះ បានបញ្ជាក់ថា ជាធម្មតាប្រាក់ចំណូលដែលទទួលបានច្រើនបំផុតត្រឹមតែ២ម៉ឺនរៀល ហើយដល់ពេលកូវីដថ្មីមកដល់ជាលក្ខណៈទ្រង់ទា្រយធំ នៅប៉ុន្មានថ្ងៃនេះ តាំងពីព្រឹកដល់ថ្ងៃត្រង់ ជួនកាលថ្ងៃខ្លះមិនទាន់បានមួយនាក់ផង ហើយមួយថ្ងៃត្រូវចំណាយលើបាយបីពេល តែក្រឡេកទៅមើលចំណូលទទួលបានត្រឹមតែ ៥-៦ពាន់រៀល ហើយជួនកាលបាន១ម៉ឺនរៀលហើយ ដែលលោកនៅតែបន្តរត់ស៊ីក្លូទាំងត្រដរ ព្រោះគ្មានមុខរបរណាក្រៅពីនេះទេ។ លោក ខន់ ថន ក៏ដូចជាសមាជិកនានានៃសមាគមស៊ីក្លូខ្មែរ ពិបាកទ្រាំទ្រនៃការចំណាយចាយវាយប្រចាំថ្ងៃណាស់ ព្រោះប្រាក់ចំណូលជាក់ស្ដែងនៅអំឡុងកូវីដថ្មីៗនេះ វាថយចុះជាងធម្មតា តែក៏មិនដឹងធ្វើយ៉ាងម៉េចដែរ។

លោក ធួន ថន អាយុ ៥៧ឆ្នាំ ជាអ្នកលក់ការ៉េមចល័តពីផ្សារអូឡាំពិកទៅដល់ស្ពានជ្រោយចង្វា ហើយបន្តទៅសួនមុខវាំង ផ្សារចាស់ ផ្សារធំថ្មី និងផ្សារកណ្ដាល នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ថ្មីនេះ លោកបានប្រាប់ដោយសេចក្ដីបារម្ភទាំងសុខភាពរបស់ខ្លួន ក៏ដូចជាប្រាក់ចំណូលរបស់ខ្លួនផងដែរ ដោយខ្លាចមិនមានប្រាក់ផ្គត់ផ្គង់ដល់គ្រួសារនៅតាមខេត្ត។ ជាក់ស្ដែង លោក ធួន ថន ជាកសិករនៅខេត្តព្រៃវែង ហើយត្រូវចំណាកស្រុកមករកស៊ីនៅភ្នំពេញធ្វើជាអ្នករុញរទេះលក់ការ៉េមចល័ត។

លោក ធួន ថន បន្ថែមទៀតថា ប្រាក់ចំណូលពីមុនជាមធ្យម លោកទទួលបានយ៉ាងហោចណាស់ ៥ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ តែដល់កូវីដមកដល់រហូតដល់ឆ្លងសារជាលើកថ្មីនេះ ការលក់ថយចុះច្រើនជាងពាក់កណ្ដាលទៅទៀត គឺបានត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ហើយថ្ងៃខ្លះក៏មិនបានផង ហើយលក់ការ៉េមទៅតាមសួនដែលមានមនុស្សដើរលេងច្រើន ដូចជាសួនមុខវាំង សួនវត្តបទុម សួនវត្តភ្នំជាដើម។ លោក ថន រុញរទេះលក់ការ៉េម ចាប់ពីម៉ោង០៧ព្រឹកដល់ម៉ោង០៨កន្លះយប់ ទើបមកដល់បន្ទប់ស្នាក់នៅ។ លោកសង្ឃឹមថា ជំងឺកូវីដ១៩នេះ នឹងបាត់បង់ពីពិភពលោកឆាប់ៗ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា អាជីវកម្មធុនតូចធំនានា អាចស្ដារឡើងវិញបាន។

កញ្ញា ហាក់ ស្រីពៅ អាយុ ៣១ឆ្នាំ ជាអាជីវករលក់ការ៉េមតាមកូនឡាន ប្រចាំការនៅមុខផ្សាររាត្រី និយាយថា នៅថ្ងៃបុណ្យឯករាជ្យជាតិ មានមនុស្សច្រើនតែមិនសូវមានអ្នកទិញ ព្រោះសេដ្ឋកិច្ចខ្មែរធ្លាក់ចុះខ្លាំង ការរកស៊ីប្រាក់ចំណូលក៏មិនសូវកាក់កប ហើយអ្នកដើរលេងតាមមាត់ទទ្លេ និងតាមផ្សារផ្សេងៗ ពួកគាត់ក៏មិនបានចាយខ្ជះខ្ជាយច្រើនដែរ វាទៅតាមស្ថានភាព និងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់បុគ្គលផងដែរ ហើយជាពិសេសនោះ ហេតុផលម្យ៉ាងទៀតគឺមនុស្សមិនសូវចង់ដើរទេ ដើម្បីការពារការឆ្លងនូវជំងឺកូវីដ១៩។

កញ្ញា ស្រីពៅ បន្តថា កាលពីមុន និងក្រោយពេលកូវីដមកដល់ហើយដំបូងៗនេះ ការលក់ថយចុះម្ដងហើយ ដល់ពេលកើតសារជាថ្មីម្ដងទៀតនេះ វាខុសគ្នាជាងពាក់កណ្ដាល បានសេចក្ដីថា ៥០ភាគរយនៃប្រាក់ចំណូលរបស់ស្រីពៅត្រូវបានថយចុះ។ នេះជាក្ដីបារម្ភរបស់អ្នកលក់ការ៉េមរូបនេះក៏ដូចជាអ្នកប្រកបរបរអាជីកម្មផ្សេងៗទៀត ដែលពួកគាត់ពិតជាប្រឈមមុខខ្លាំងទៅនឹងប្រាក់ចំណូលរបស់ពួកគាត់ប្រចាំថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង