Yearendyearend1140x150

កូវីដ១៩៖អ្នកប្រកបរបរ«ម៉ាស្សានិងស្ប៉ា»ត្អូញត្អែរពីផលប៉ះពាល់ក្រោយបិទហាងលើកទី២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១១ វិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញ បានបិទទីតាំងសេវាកម្មសុខភាព មានម៉ាស្សា និង ស្ប៉ាប្រមាណជិត២រយទីតាំង ដើម្បីចូលរួមប្រឆាំងនឹងកូវីដ១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាល។អាជីករប្រកបរបរ ឬបើកហាងម៉ាស្សា និងស្ប៉ាមួយចំនួន បានលើកឡើងពីផលប៉ះពាល់ និងខាងបង់ពីការបិទហាងលើកទី២នេះ។

ក្រុមអ្នកប្រកបរបរម៉ាស្សា និងស្ប៉ាខ្លះបានត្អូញត្អែរថា ពួកគាត់ពិបាកខ្លាំងក្នុងការប្រកបរបរនេះ ព្រោះការបិទហាងលើកទី២នេះ គឺមិនមានចំណូលសោះតែម្តង។ ជាក់ស្តែង សព្វថ្ងៃមានកាចំណាយច្រើនលើប្រាក់ខែបុគ្គលិក ថ្លៃជួលហាង និង ការចំណាយផ្សេងៗ ខណៈហាងត្រូវបានបិទជាលើកទី២នេះ គឺមិនមានចំណូលសោះតែម្តង។

អ្នកស្រី ភឹម ទីដា ដែលជាម្ចាស់អាជីវកម្មម៉ាស្សា ស្ទីម សូណា នាគក្រហម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការប្រកបរបរម៉ាស្សា និងស្ប៉ានៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះឃើញថា មានការធ្លាក់ចុះភ្ញៀវខ្លាំង ព្រោះថាមានភ្ញៀវខ្លះមិនហ៊ានចេញក្រៅខ្លាចឆ្លងជំងឺកូវីដ១៩ មិនហ៊ានមកម៉ាស្សា និងស្ប៉ា។ ហើយថ្មីៗនេះហាងក៏ត្រូវបានបិទដោយសារតែផ្ទុះឡើងនូវការចម្លងនៃជំងឺកូវីដ១៩ឡើងវិញ។ ដូច្នេះ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកស្រីបង្ខំចិត្តផ្អាកដំណើរការហាងមួយរយៈរង់ចាំការប្រកាសអនុញ្ញាតពីខាងក្រសួងទេសចរណ៍ទើបអាចបើកហាងឡើងវិញ។

អ្នកស្រី ភឹម ទីដា បានបន្តថា ការសម្រេចចិត្តផ្អាកដំណើរការហាងម៉ាស្សា និងស្ប៉ាមួយរយៈដោយសារតែបញ្ហាកូវីដនេះ ធ្វើឲ្យអ្នកស្រីប្រឈមមុខនឹងបញ្ហាលុយកាក់ខ្លាំង ព្រោះអ្នកស្រីត្រូវចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃជួលហាង និង ការចំណាយផ្សេងៗ ខណៈហាងត្រូវបានបិទជាលើកទី២នេះគឺមិនមានចំណូលសោះតែម្តង។

ចំណែក ម្ចាស់អាជីវកម្មម៉ាស្សា និងស្ប៉ាសុខភាពមួយកន្លែង ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងស្រដៀងគ្នាថា តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមក ការប្រកបរបរម៉ាស្សានិងស្ប៉ានេះគឺធ្លាក់ចុះខ្លាំង ពោលសឹងថាក្នុងមួយថ្ងៃមិនមានភ្ញៀវសោះក៏មាន។ ហើយបច្ចុប្បន្ននេះត្រូវផ្អាកបិទហាងមួយរយៈទៀត ធ្វើឲ្យបាត់បង់ចំណូលទាំងស្រុង។

អាជីវកររូបនេះបន្តថា ប្រសិនបើស្ថានភាពនេះនៅតែបន្តអូសបន្លាសបែបនេះទៀត ខ្លួនអាចនឹងបិទហាងមួយរយៈធំ ព្រោះមិនមានលទ្ធភាពបន្តទៅមុខបានទេ។ សព្វថ្ងៃនេះអាជីវកម្មនេះនៅឈរបានក៏ដោយសារការតែនៅសល់ប្រាក់សន្សំបន្តិចបន្តួច ដើម្បីទ្រទ្រង់មួយរយៈតូចប៉ុណ្ណោះ។

ក្រៅពីអាជីវករខាងយើងក៏សង្កេតឃើញ ម្ចាស់ហាងម៉ាស្សាមួយចំនួនបានបង្ហោះនៅតាមបណ្តាញសង្គមផងដែរ ដោយរាយរាប់ពីទុក្ខលំបាករបស់ពួកគេ ដោយខ្លះត្រូវប្រឈមនឹងដួល ឬបិទអាជីវកម្មតែម្តងក៏មាន។ យ៉ាងណាក៏ដោយពួកអាជីវករមិនបានស្តីបន្តោសលើអ្នកមួយនោះទេ ព្រោះវាជាជំងឺដែលទាមទារឱ្យមានការការពារជាចាំបាច់ ដើម្បីរក្សាផលប្រយោជន៍នៅពេលអនាគត។

សូមជម្រាបថា រហូតមកដល់ពេលនេះ អជ្ញាបណ្ណទាំងក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មកន្លែងម៉ាស្សាសរុប១៨៥ ទីតាំង និងស្ប៉ា០៨ ទីតាំង។ដោយឡែកសម្រាប់ខារ៉ាអូខេមាន ១០៩ ទីតាំង ឌីស្កូតែក ៣៩ទីតាំង បៀរហ្គាឌិន ២១ទីតាំង ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង