Yearendyearend1140x150

ពលរដ្ឋមួយចំនួន«ខកចិត្ត»ចំពោះការធ្វេសប្រហែសនាំឱ្យកើត«ព្រឹត្តិការណ៍៣វិច្ឆិកា»

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ដែលជាព្រឹត្តិការណ៍នៃការផ្ទុះជាថ្មីជាទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ បានធ្វើឱ្យមហាជន សម្ដែងការព្រួយបារម្ភភ័យព្រួយខ្លាចថាបញ្ហានេះអាចរីករាលដាលឆ្លងជាសហគមន៍និងបានសម្ដែងការខកចិត្តផងដែរចំពោះការធ្វេសប្រហែសក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសហុងគ្រី និងថ្នាក់ដឹកនាំកម្ពុជា ក្រោយពិនិត្យដឹងថាថ្នាក់ដឹកនាំមួយចំនួនតេស្តវិជ្ជមានកូវីដ១៩។

ចំពោះព្រឹត្តិការថ្ងៃ៣វិច្ឆិកា បានធ្វើឱ្យមានការផ្ទុះជាថ្មីនៃជំងឺកូវីដ១៩ជាលើកទី២ទ្រង់ទ្រាយធំដែលមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលដល់ទៅជាងមួយពាន់នាក់ ហើយបញ្ហានេះបានធ្វើឱ្យមហាជន ប្រជាជនកម្ពុជាសម្ដែងការព្រួយបារម្ភភ័យខ្លាចផងដែរ។ នេះបើតាមការសម្ភាសន៍ពីមហាជនជាមួយក្រុមការងារស៊ីស៊ីថាមស៍ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ជានិស្សិតមួយរូបនៃសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ និស្សិត ជួប នរក្សា បានបង្ហាញការយល់ឃើញថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាលើកទីពីរនេះជាស្ថានការណ៍មួយដ៏តានតឹងស្របពេលដែលប្រជាជនមួយចំនួនមិនមានការប្រុងប្រយ័ត្នដូចជាពាក់ម៉ាស់ រក្សាគម្លាត បើប្រៀបធៀបនឹងលើកទីមួយគឺមានការទប់ស្កាត់បានទាន់ស្ថានការណ៍និងប្រុងប្រយ័ត្នជាង។

ម្យ៉ាងវិញទៀត ការផ្ទុះឡើងលើកនេះ បារម្ភអាចនឹងឆ្លងជាសហគមន៍ព្រោះព្រឹត្តិការណ៍៣វិច្ឆិកា កាលពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី គឺទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ហើយមានអ្នកប៉ះផ្ទាល់ និងប្រយោលមានដល់ទៅមួយពាន់នាក់ជាង ទោះបីក្រសួងសុខាភិបាលបានធ្វើចំណាត់ការភ្លាមៗក៏ដោយ ក៏ប៉ុន្តែនៅតែមានការព្រួយបារម្ភ ខ្លាចក្រែងតែចំនួនអ្នកប៉ះពាល់ផ្សេងទៀតក្រសួងរកមិនទាន់ឃើញដែលទាំងនេះជាហានិភ័យ។

យ៉ាងណាមិញ យុវនិស្សិតរូបនេះយល់ឃើញថា ចំណាត់ការរបស់ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធចំពោះព្រឹត្តិការណ៍៣វិច្ឆកា បានទាន់ពេលវេលា និងធ្វើបច្ចុប្បន្នភាពព័ត៌មានភ្លាមៗ ដូចជាការចុះយកសំណាកភ្លាមៗ ចាត់វិធានការរិតបន្ធឹងទៅលើការដើរហើររបស់ពលរដ្ឋ ការបិទសាលារៀន និងកន្លែងសាធារណៈមួយចំនួន តែទន្ទឹមនឹងនោះ មិនដឹងថាចំណាត់ការទាំងនោះមានប្រសិទ្ធភាពដល់កម្រិតណានោះទេ ព្រោះឃើញថាកន្លែងកម្សាន្តមួយចំនួននៅមិនទាន់បិទនៅឡើយ។

យ៉ាងណាក៏ដោយ និស្សិតរូបនេះយល់ឃើញថា ការផ្ទុះឡើងនេះជាការធ្វេសប្រហែសបន្តិចដែរ បើទោះបីជានេះជាជំនួបផ្លូវការក្នុងទំនាក់ទំនងការទូតក្នុងបរិបទសម័យកូវីដក៏ពិតមែន តែឃើញការប្រាស្រ័យទាក់ទងគឺមិនរក្សាគម្លាត និងពាក់ម៉ាសជាដើម។

និស្សិតរូបនេះ ក៏បានសំណូមពរផងដែរថា ប្រជាពលរដ្ឋគួរណាតែអនុវត្តស្ដង់ដាសុវត្ថិភាពដែលដាក់ចេញដោយក្រសួងសុខាភិបាល ព្រោះចំណាត់ការទាំងអស់សុទ្ធតែទាមទារឱ្យមានការចូលរួមពីមហាជន ដូចជាកាត់បន្ថយការដើរហើរ រក្សាគម្លាត ពាក់ម៉ាស និងលាងសម្អាតដៃឱ្យបានញឹកញាប់ផងដែរ។

ម្យ៉ាងវិញទៀត អាជីវករលក់ដូរ ម៉ាស ទឹកអាល់កុល ជេលលាងដៃ ជាដើមសូមកុំតម្លើងតម្លៃនៅក្នុងបរិបទកូវីដ១៩នេះអី ពោលគឺលក់ក្នុងតម្លៃមួយសមស្របទៅឱ្យប្រជាពលរដ្ឋឱ្យបានប្រើប្រាស់ទាំងអស់គ្នា។

ទាក់ទងនឹងបញ្ហានេះដែរ កញ្ញា ឃឹម សុដារត្ន បានលើកឡើងពីការយល់ឃើញរបស់ខ្លួនថា ការផ្ទុះឡើងជាលើកទីពីរនៃជំងឺកូវីដ១៩នេះ វាជាស្ថានការណ៍មួយដ៏គួរឱ្យព្រួយបារម្ភ ព្រោះចំនួនអ្នកដែលប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ដោយប្រយោលនៅថ្ងៃ០៣វិច្ឆិកា គឺមានចំនួនច្រើន ដូច្នេះលទ្ធភាពនៃការឆ្លង ក៏អាចកើតមានទៅតាមនឹងដែរ។ ចំពោះក្ដីបារម្ភមួយទៀត គឺខ្លាចឆ្លងជាលក្ខណៈសហគមន៍ព្រោះ សូម្បីតែប្រទេសផ្សេងៗក៏មានករណីនេះដែរ។

ទន្ទឹមនឹងភាពភ័យខ្លាចនេះដែរ កញ្ញា ក៏បានលើកឡើងពីផលប៉ះពាល់ផ្សេងៗទាក់ទងនឹងការរស់នៅប្រចាំថ្ងៃផងដែរ ដូចជាមិនសូវហ៊ានដើរចេញទៅក្រៅផ្ដេសផ្ដាស ជាពិសេសកន្លែងដែលប្រមូលផ្ដុំមនុស្សច្រើន បើចំពោះការងារវិញគឺស្របពេលដែលការងារត្រូវចុះខេត្ត និងជួបមនុស្សខាងក្រៅច្រើន ដូច្នេះស្ថានការណ៍នេះបានប៉ះពាល់ដល់ការងារយ៉ាងច្រើន។

ក្នុងនាមជាពលរដ្ឋមួយរូប កញ្ញាយល់ឃើញថា ក្រសួងពាក់ព័ន្ធពិតជាបានយកចិត្តទុកដាក់ ជាពិសេសក្រសួងអប់រំ បានផ្អាកគ្រឹះស្ថានអប់រំបណ្ដោះអាសន្ន ចំពោះក្រសួងសុខាភិបាលវិញបានផ្ដល់ជាព័ត៌មានដល់ពលរដ្ឋជាប្រចាំដើម្បីតាមដានពីស្ថានការណ៍នៃជំងឺកូវីដ១៩។

ទន្ទឹមនេះផងដែរ កញ្ញាយល់ថាចំពោះជំនួបរវាងរដ្ឋមន្រ្តីប្រទេសហុងគ្រី អាចនិយាយថាជាការធ្វេសប្រហែសមួយដែរ ព្រោះក្រោយជំនួបនេះហើយ គឺមានការឆ្លងដល់មន្រ្តីធំៗ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

ចំណែក លោក កន អ៊ីសាក ជាប្រជាពលរដ្ឋមួយរូប បានឱ្យដឹងថា ក្រោយការផ្ទុះនៃជំងឺកូវីដ ១៩ ជាលើកទី ២ លោកយល់ថាវាជារឿងអកុសលណាស់សម្រាប់ប្រទេសកម្ពុជា ដូចដែលយើងដឹងស្រាប់ហើយថារាជរដ្ឋាភិបាលបានចេញវិធីទប់ស្កាត់យ៉ាងតឹងរឹង ហើយជាលទ្ធផលគ្មានការរីករាលដាលខ្លាំងទេ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ប៉ុន្តែនាពេលថ្មីៗនេះ ដោយសារតែការធ្វើទស្សនៈកិច្ចរបស់រដ្ឋមន្រ្តីការបរទេសប្រទេសហុង គ្រីបានធ្វើឲ្យកម្ពុជាមានករណីឆ្លងជាលើកទីពី ប៉ុន្តែទោះជាយ៉ាងណាក៏ដោយករណីឆ្លងជាលើកទី២នេះ គឺរដ្ឋាភិបាលនៅតែអាចទប់ស្កាត់បាន ពីព្រោះក្រសួងសុខាភិបាល ជាពិសេសសម្តេចតេជោបានចាត់វិធានការយ៉ាងតឹងរឹងភា្លមៗ ដើម្បីកុំឲ្យមានការឆ្លងទៅដល់សហគមន៍។

ជាមួយគ្នានេះដែរ រូបលោកមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ ពីព្រោះរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ភ្លាមៗ ដោយឡែកការផ្ទុះឡើងជាលើកទី២ នេះ គឺបានផ្តល់ផលប៉ះពាល់បន្តិចដែរចំពោះការសិក្សា និងការងារ ពីព្រោះរដ្ឋាភិបាលបានចេញវិធានការឲ្យសាលាបិទរយៈពេលពីសប្តាហ៍ ជាហេតុធ្វើឲ្យការសិក្សាពន្យាពេលម្តងហើយម្តងទៀត ចំណែកឯការងារវិញ គឺមានផលប៉ះពាល់បន្តិចបន្តួចហើយសារតែមិនអាចចេញដើរហើរបាន។

យ៉ាងណាមិញ រូបលោកពិតជាសរសើរដល់ក្រសួងពាន់ព័ន្ធដែលចេញវិធានការភ្លាមៗចំពោះករណីមួយនេះ ដែលជាហេតុធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ និងមានទំនុកចិត្ត ហើយក៏សូមឲ្យប្រជាជនយើងកុំឲ្យមានការភ័យភិត ពីព្រោះរដ្ឋាភិបាលបានចេញវិធានការណ៍ទប់ស្កាត់យ៉ាងតឹងរឹងរួចហើយ ប៉ុន្តែសូមប្រជាជនទាំងអត់រួមគ្នាការធ្វើ និងអនុវត្ថតាមវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញផងដែរ។

ជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ អ្នកស្រី សួង ស្រីទុំ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំណោះស្ថានការណ៍ផ្ទុះឡើងជាលើកទី២នេះ អាចនិយាយបានថាវាអាក្រក់ជាងការផ្ទុះឡើងលើកដំបូង។

ម្យ៉ាងវិញទៀត ការផ្ទុះជាលើកទី២នេះ ធ្វើឱ្យរូបអ្នកស្រីមកធ្វើការទាំងភ័យខ្លាច ព្រោះត្រូវចេញក្រៅជួបមនុស្សប្លែកៗច្រើន ធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ជាពិសេសគឺកន្លែងញាំអីជាដើមដែលប្រមូលផ្ដុំមនុស្សចេញចូលច្រើន។

ក្នុងនោះដែរ ក្នុងនាមជាពលរដ្ឋមួយរូប អ្នកស្រីយល់ឃើញថា រដ្ឋាភិបាលមានការធ្វេសប្រហែសចំពោះព្រឹត្តិការណ៍៣វិច្ឆិកានេះ ទីមួយ រដ្ឋាភិបាលប្រាប់ពលរដ្ឋឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល តែដល់មានជំនួបធំៗបែជាមិនមានការប្រុងប្រយ័ត្នទៅវិញដូចជាការចាប់ដៃ និងមិនពាក់ម៉ាស់ជាដើម ត្បិតថាមុននឹងមានជំនួបនេះកើតឡើង រដ្ឋមន្រ្តីការបរទេសហុងគ្រីបានត្រួតពិនិត្យសុខភាពរួចរាល់ហើយ តែយ៉ាងណាក៏នៅតែមានការធ្វេសប្រហែស។

បន្ថែមពីនេះ បើការផ្ទុះជាលើកទីពីរនេះ រដ្ឋាភិបាលធ្វើការបិទទីក្រុង ឬអាជីវកម្មមួយចំនួន វាអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចរបស់ប្រជាជន ឬអាជីវករមួយចំនួនធំ ព្រោះពលរដ្ឋមិនអាចប្រកបរបសរកស៊ីជួញដូរបាន ដែលទាំងនេះជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយថែមទៀត។

ចំណែក លោក ប៉ាង ផល្លី ជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ យល់ឃើញថាការឆ្លងនេះចេញពីថ្នាក់ដឹកនាំធំៗ ដូច្នេះមិនដូចការឆ្លងលើកមុននោះទេដែលឆ្លងមកពីពលរដ្ឋ ភ្ញៀវទេសចរ យ៉ាងណាមិញលោកមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ ដោយសារតែការឆ្លងនេះ ចេញពីមន្រ្តីធំៗ ព្រោះពួកគាត់មានវិធានការណ៍ការពារបានហ្មត់ចត់ត្រឹមត្រូវជាងពលរដ្ឋធម្មតា ហើយក្រសួងសុខាភិបាលក៏មានបទពិសោធន៍ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺនេះផងដែរ។

ចំពោះការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩នេះ លោកបានឱ្យដឹងថា ជាការធ្វេសប្រហែសមួយដែរ របស់រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ ត្បិតតែជំនួបនេះបានត្រួតពិនិត្យរួចហើយ តែនៅតែមានភាពចន្លោះប្រហោង និងឆកល្វើយច្រើននៅក្នុងអង្គពិធីទាំងមូល។

សូមជម្រាបជូនថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកានេះ បានដាក់ចេញនូវវិធានការចំនួន១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័កស្វែករកកូវីដ-១៩។ក្នុងវិធានការនោះ ក្រសួងបានបញ្ជាក់ថា រាល់បុគ្គលណាដែលមិនអនុវត្តតាមវិធានការរបស់ក្រសួង បុគ្គលនោះនឹងត្រូវប្រឈមទោសព្រហ្មទណ្ឌ និងពិន័យពី២០ម៉ឺនទៅ១លានរៀល។

គួររំលឹកថា យ៉ាងហោចណាស់មានមនុស្សចំនួនជាង១ពាន់នាក់ មានជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ ឬ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេស ហុងគ្រី ហើយក្នុងនោះមានមនុស្សចំនួន៣នាក់សឆ្លងកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ វិច្ឆិកា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង