Yearendyearend1140x150

ចំណូល«ទេសចរណ៍ធម្មជាតិជាង២៥លានដុល្លារ»បានចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន

ភ្នំពេញ៖ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ចំនួន ២២ ក្នុងតំបន់ការពារធម្មជាតិ ១២ កន្លែងស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានប៉ាន់ស្មានថា បានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូល ដ្ឋានប្រមាណជាង ២៥,២១ លាន ដុល្លារ សហរដ្ឋអាមេរិក ដោយមាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ៥៣៦.៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩.១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧.៣៨៥នាក់)។នេះបើតាមរបាយការណ៍ពីក្រសួងបរិស្ថាន។

យោងតាមរបាយការណ៍ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានាក្នុងតំបន់អភិរក្ស និងការពារដោយក្រសួងបរិស្ថាននៅឆ្នាំ២០២០នេះ មាន ការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ និង២០១៩។ នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុប ចំនួន ៣៤៣៨៥២ ហើយទទួលចំណូលបាន ១៦,១៦លានដុល្លារអាម៉េរិក ហើយនៅឆ្នាំ២០១៩ កន្លង ទៅបានទទួល ភ្ញៀវទេសចរចំនួន ៤០២.២៩៣ នាក់ ទទួលបានចំណូលប្រមាណ ១៨,៩០ លាន ដុល្លារ អាម៉េរិកចាក់ចូលក្នុងសេដ្ឋកិច្ច។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ ល្បិចកលការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

បើតាមឯកឧត្តមរដ្ឋលេខាធិការ ដើម្បីប្រសិទ្ធ ភាពនិងពង្រឹងវិធានការការពារនិងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេង ទៀតឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះគឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាល មានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការងារការពារនិងអភិរក្ស ហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះ ក្រសួង បរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសនិងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។

សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន ២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥ ០០៣ ហិកតាក្នុងតំបន់ការពារធម្មជាតិចំនួន ១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៨ រួមមាន រតនគិរី កំពង់ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត កំពង់ឆ្នាំង។រាជរដ្ឋាភិបាលកម្ពុជាមាន គោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធាន ធម្មជាតិនិង ជីវៈចម្រុះ»។

បច្ចុប្បន្ននេះ គោលនយោបាយនេះបាន ក្លាយជាការពិតហើយបាននិងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាន និងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញ ដោយសក្តានុពលទេសចរណ៍។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ទេសចរណ៍ធម្មជាតិច្រកល្អៀងក្នុងខេត្ត ពោធិ៍សាត់ ជីផាតនៅខេត្តកោះកុងជាដើម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានស្នើសុំ ឱ្យបងប្អូនប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួម រក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ ពាសវាល ពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង