Yearendyearend1140x150

បុគ្គលិកក្នុងវិស័យទេសចរណ៍ប្រមាណ៥ម៉ឺននាក់បាត់បង់ការងារដោយសារកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្នុងកំឡុងពេលមានវិបត្តិកូវីដ១៩នេះ កម្ពុជាមិនមានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្សាន្តនោះទេ ពោលគឺមានតែភ្ញៀវទេសចរបែបធុរកិច្ច អ្នកការទូត អ្នកជំនាញផ្សេងៗតែប៉ុណ្ណោះ។កាលមិនមានភ្ញៀវនេះ បានប៉ះពាល់ដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ក្នុងស្រុកប្រមាណ៥ម៉ឺននាក់បាត់បង់ការងារ។

លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍ក្នុងស្រុកប្រឈមនឹងបញ្ហា គឺការបាត់បង់ការងាររបស់បុគ្គលិកផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្តនានា ជាពិសេសគឺមគ្គុទេសទេសចរណ៍ អ្នកលក់វត្ថុអនុស្សាវរីយ៍ ជាដើម។

បើតាមលោកជំទាវ ឆាយ សៀវលីន បើទោះបីជាមានការជំរុញពីទេសចរក្នុងស្រុកយ៉ាងណាក្ដី ក៏នៅតែមិនអាចស្រោចស្រង់ស្ថានការណ៍ទាំងស្រុងបានទេ។មិនអាចដោយសារទេសចរក្នុងស្រុកដើរកម្សាន្ត គឺមានតែក្នុងឱកាសបុណ្យទានឈប់សម្រាករយៈពេលខ្លីតែប៉ុណ្ណោះ ក្រោយពេលចប់ថ្ងៃឈប់សម្រាក គឺបុគ្គលិកប្រឈមនឹងអត់ការងារធ្វើដដែល ហើយពួកគេមួយចំនួនតូចត្រឡប់ទៅធ្វើចំការ ធ្វើជាអ្នកបកប្រែ ធ្វើជាបុគ្គលិកកាស៊ីណូ ធ្វើជាអ្នកដឹកជញ្ជូនជាដើម។

បន្ថែមពីបាត់បង់ការងារបុគ្គលិកក្នុងវិស័យទេសមួយចំនួនធំជួបបញ្ហាលំបាកដោយសារតែនៅជាប់ជំពាក់ពន្ធប្រចាំឆ្នាំចាស់ៗពីមុនមក និង ប្រឈមមុខការធ្វើសាវនកម្មពន្ធឆ្នាំចាស់ៗ ដែលទាំងនេះជាបន្ទុកមួយបន្ថែមទៀត ស្របពេលដែលម្ចាស់អាជីវកម្មទាំងនោះមិនមានចំណូល ហើយត្រូវសងបំណុលពន្ធឆ្នាំចាស់ៗ ពោលគឺពួកគេអស់លទ្ធភាពក្នុងការសងបំណុលហើយ។ សមាគមន៍ទេសចរណ៍ស្នើសុំរដ្ឋាភិបាល ឱ្យទម្លាក់ប្រាក់កម្ចីមកដល់អ្នកជំនាញទេសចរណ៍ដើម្បីកុំឱ្យអ្នកទាំងនោះ ផ្លាស់ប្ដូរការងារ កាលណាផ្លាស់ប្ដូរការងារ គឺពិបាកក្នុងការរកធនធានមនុស្សមកធ្វើការផ្នែកវិស័យទេសចរណ៍។

ឆ្លើយតបនឹងសមាគមន៍ទេសចរណ៍ ឯកឧត្តម សុង តុងហាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ពន្ធប្រាក់ចំណូលក្នុងឆ្នាំ២០១៩ ខាងរដ្ឋាភិបាលបានសម្រេចថាក្រុមហ៊ុន សហគ្រាសទាំងនោះ ឱ្យបង់រំលោះជាខែរហូតដល់ខែ១១ ក្នុងឆ្នាំនេះ ចំណែកពន្ធក្នុងឆ្នាំ២០២០ រដ្ឋាភិបាលបានលើកលែងពន្ធគ្រប់ប្រភេទចាប់តាំងពីខែ២មកម្ល៉េះ រហូតដល់ខែ១២ ឆ្នាំនេះតែម្ដង។

សូមជម្រាបជូនថា ត្បិតតែកម្ពុជាមិនមានភ្ញៀវទេសចរអន្តរជាតិ មកដើរកម្សាន្តមែនពិត តែក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ មានពលរដ្ឋចិនប្រមាណ ៣០ ម៉ឺននាក់បានចូលមកប្រទេសកម្ពុជាក្នុងនោះ ១៥០,០០០ នាក់បានភ្ជាប់មកជាមួយនូវទិដ្ឋាកាអាជីវកម្ម ដែលគិតជាភាគរយស្មើនឹង ២៤% នៃចំនួនសរុប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង