Yearendyearend1140x150
Img 0571

ឱសថ និងផលិតផលក្លែងក្លាយជាង៥០០តោន នឹងត្រូវអាជ្ញាធរកម្ទេចចោលនៅថ្ងៃទី០៥វិច្ឆិកានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) នៃក្រសួងមហាផ្ទៃ នឹងធ្វើការដុតកម្ទេចចោលនូវឱសថ និងផលិត ផលក្លែងក្លាយជាង៥០០តោន នៅថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការរឹបអូសបានពីឈ្មួញទុច្ចរិតជាបន្តបន្ទាប់នោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) ដែលបានចេញនៅព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីកម្ទេចឱសថខុសច្បាប់ចំនួន៧.៧តោន និងផលិតផលក្លែងក្លាយទូទៅចំនួន៥៣៣តោន ដោយសរុបទាំងអស់គឺចំនួន៥៤០.៧តោន ដែលកងកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសបាននាពេលកន្លងមកនោះ។

សេចក្តីប្រកាសដដែល បានឲ្យដឹងទៀតថា ពិធីនេះនឹងមានការអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដី មន្ត្រីរាជការ និងវិស័យឯកជនជាច្រើនរូប ហើយការកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ត្រូវអនុវត្តតាមការបង្គាប់របស់តុលាការ ហើយនឹងធ្វើឡើង នាថ្ងៃព្រហស្បតិ៍ ទី៥ ខែ វិច្ឆិកា ឆ្នាំ២០២០នេះនៅបរិវេណទីលានចាក់សំរាម ដង្កោ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ឱសថ និងផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានកងកម្លាំងចម្រុះនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់នៅតាមរាជធានីខេត្តនៃប្រទេសកម្ពុជា ខណៈឱសថ និងផលិតផលក្លែងក្លាយនេះនឹងធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់បងប្អូនប្រជាពល ដែល ជាអ្នកប្រើប្រាស់ និងបរិភោគនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង