Cct850x100 1

ឯកអគ្គរដ្ឋទូតសិង្ហបុរី៖សន្យាផ្សព្វផ្សាយដល់ទេសចរប្រទេសខ្លួនមកលេងកម្ពុជាឱ្យច្រើន ក្រោយចប់កូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ទោះបីចប់អាណត្តិបេសកកម្មការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្តម ម៉ាយឃើល តាន (Michael Tan) នៅតែមិនអស់អាល័យពីទឹកដីកម្ពុជា ដែលសម្បួរទៅដោយគោលដៅទេសចរណ៍ល្អៗគួរជាទីពេញចិត្ត ឯកឧត្តមបានសន្យាថានឹងជួយផ្សព្វផ្សាយទស្សនីយភាពល្អៗទាំងនោះប្រាប់ដល់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរី ដើម្បីជំរុញឱ្យពួកគេបានស្គាល់ និងមកទស្សនាប្រទេសកម្ពុជា ពិសេសនៅពេលចប់វិបត្តិជំងឺកូវីដ-១៩។

ការបញ្ជាក់របស់ឯកឧត្តម ម៉ាយឃើល តាន យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលជួបជម្រាបលាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ មុនចាកចេញពីកម្ពុជាត្រលប់ទៅសិង្ហបុរីវិញ។

ឯកឧត្តម ថោង ខុន បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ម៉ាយឃើល តាន និងបានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំទាំងនោះ។

ឯកឧត្តមបានបន្តថា នៅក្នុងអាណត្តិការងារនេះ សិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដោយបានបង្កើតឱ្យមានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (Cambodia-Singapore Cooperation Center) ក្នុងនោះមានមន្ត្រីរាជការ និងនិស្សិតកម្ពុជាបានទៅចូលរួមទទួលការបណ្ដុះបណ្ដាលបានជាច្រើនផងដែរ។

ជាមួយគ្នានោះ ស្ថានទូតសិង្ហបុរី និងក្រសួងទេសចរណ៍ក៏បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ Street Art Fistival នៅរាជធានីភ្នំពេញ ដែលបានបង្ហាញពីគោលដៅទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កេតឃើញមានភ្ញៀវទេសចរមកពីសិង្ហបុរីមានការកើនឡើង នៅមុនពេលមានបញ្ហាជំងឺកូវីដ ហើយពីកម្ពុជាទៅកាន់សិង្ហបុរីក៏មានការកើនឡើងច្រើន រួមទាំងអ្នកវិនិយោគផងដែរ។

ឯកឧត្តម ម៉ាយឃើល បានបញ្ជាក់ថា ឯកឧត្តមបានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ជាច្រើននៅកម្ពុជា ដូចជានៅខេត្តមណ្ឌលគិរី ខេត្តសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ជាដើម ពោលគឺឯកឧត្តមពិតជាជក់ចិត្តចំពោះទស្សនីយភាពទេសចរណ៍ទាំងនោះខ្លាំងណាស់។ ឯកឧត្តមបានសន្យាថា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងនោះ ទៅកាន់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរីរបស់ឯកឧត្តម ដើម្បីឱ្យពួកគេបានស្គាល់ពីកម្ពុជាកាន់តែច្រើន និងជំរុញឱ្យមានការមកទស្សនានៅពេលវិបត្តិជំងឺកូវីដត្រូវបានបញ្ចប់៕

Khcct banner

អត្ថបទទាក់ទង