Yearendyearend1140x150

លោកឃុន សុខា៖ស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្ត-ក្រុងមានភាពប្រសើរឡើងច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា បច្ចុប្បន្នមានភាពប្រសើរឡើងច្រើន ប៉ុន្តែនៅក្នុងខេត្តបន្ទាយមានជ័យ នៅមានការលិចលង់តំបន់ខ្លះក្នុងកម្រិតទាបតែប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក ឃុន សុខា នាយខុទ្ធកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

លោក ឃុន សុខា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា ថ្វីត្បិតតែស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅ ក្នងខេត្តបន្ទាយមានជ័យ នៅមានការលិចលង់តំបន់ខ្លះ ដោយប្រជាពលរដ្ឋមួយចំនួនតូចនៅតែមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានបាននៅឡើយទេ។ ដោយឡែក ស្ថានភាពទឹកជំនន់ជាទូទៅមានភាពប្រសើរហើយនៅតាមបណ្តាខេត្តទាំង២០ និងរាជធានីភ្នំពេញ។

បើតាមលោក ឃុន សុខា បានបន្តថា ចំពោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជនន់នេះ ខាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយនៅតែបន្តជួយសង្រ្គោះ និងបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ចំណែកឯប្រជាពលរដ្ឋដែលបានត្រូវវិលទៅកាន់លំនៅដ្ឋានរបស់ខ្លួនហើយ ក្រសួងក៏នៅតែបន្តជួយមួយរយៈពេលទៀត ដើម្បីអាចឲ្យមានលទ្ធភាពងើបឈរខ្លួនឯងដូចធម្មតាឡើងវិញ។

បន្ថែមលើនេះ លោក ឃុន សុខា បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ គឺប៉ះពាល់ខ្លាំង ហើយទាក់ទងនឹងជំនន់ឆ្នាំនេះគឺជាជំនន់ទឹកភ្លៀង ដូច្នេះជនន់ទឹកភ្លៀងនេះគឺប៉ះពាល់ខ្លាំងដូចជា ធ្វើឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធច្រើន ដោយសារកម្រិតបរិមាណទឹកឡើងលឿន និងការហូរលឿន ធ្វើឲ្យបាក់ស្ពាន ខូចផ្លូវ និងសំណង់សាធារណៈផ្សេងៗ ព្រមទាំងបំផ្លាញទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ។

សម្តេច ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្ពាននៅកោះនរាកាលពីព្រឹកថ្ងៃចន្ទទី២៦ខែតុលា បានលើកឡើងថា គឺភ្លាមៗត្រូវស្តាឡើងវិញទាក់ទងនឹងក្រសួង៤រួមមានក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវតែធ្វើការជាបន្ទាន់នៅក្នុងការស្តាឡើងវិញដើម្បីធ្វើយ៉ាងណាឲ្យលើកកម្ពស់ និងស្តាជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៦ តុលានេះ ជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជា បានបង្កអោយលិចលង់ចំនួន២០ រាជធានី-ខេត្ត និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ បណ្តាលអោយមនុស្សចំនួន៤៣នាក់ស្លាប់ និងប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនជាង១០ម៉ឺនខ្នង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង