Cct850x100 1

បន្លែឡើងថ្លៃ ក្រោយមានជំនន់ទឹកភ្លៀង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារតាមខេត្តក្រុងក្នុងប្រទេសកម្ពុជា បង្កឱ្យខូចខាតនូវបស់ដំណាំបន្លែរបស់ប្រជាពលរដ្ឋ។ ផលខូចខាតនេះ នាំឱ្យបន្លែនៅទីផ្សារមួយចំនួនជាពិសេសផ្សារអូរឬស្សី ខ្វះខាតសម្រាប់ការលក់នៅក្នុងទីផ្សារ ដែលជាហេតុនាំឲ្យតម្លៃបន្លែឡើងថ្លៃគួរឲ្យកត់សម្គាល់។

អាជីវករលក់បន្លែនៅក្នុងផ្សារអូរឫស្សីបានលើកឡើងដូចៗគ្នាថា តម្លៃបន្លែនាពេលបច្ចុប្បន្នមានការឡើងថ្លៃ ក្រោយមានជំនន់ទឹកភ្លៀង អាជីវករលក់បន្លែនៅក្នុងផ្សារអូរឬស្សីគឺជាឈ្មួញកណ្តាលដែលនាំចូលបន្លែយកមកលក់បន្ត ដូចនេះប្រសិនបើការនាំចូលបន្លែពីតាមបណ្តាខេត្តមួយចំនួនមានការឡើងថ្លៃ អាជីវករក៏សម្រេចលក់តំឡើងថ្លៃទៅតាមតម្លៃទីផ្សារដែរ។

អាជីវករលក់បន្លែបានបញ្ជាក់ថា ក្រោយពីមានមានជំនន់ទឹកភ្លៀងនេះ តម្លៃបន្លែមួយចំនួនបានឡើងថ្លៃគួរឲ្យកត់សម្គាល់រួមមាន សាឡាត់ដែលធ្លាប់តែ ៨០០០៛/គីឡូក្រាម ឡើងដល់ ១៣០០០៛/គីឡូក្រាម ស្ពៃចង្កឹះ ៨០០០៛/គីឡូក្រាម ឡើងដល់១៥០០០៛/គីឡូក្រាម, ខាត់ណា ១២០០០៛/គីឡូក្រាម ឡើងដល់ ១៥០០០៛/គីឡូក្រាម, ត្រសក់ពី២០០០៛/គីឡូក្រាម ឡើងដល់ ៣០០០៛/គីឡូក្រាម, ត្រកួន៨០០០៛/គីឡូក្រាម ឡើងដល់១០០០០៛/គីឡូក្រាម ខណៈតម្លៃសាច់ និងត្រីមិនមានការឡើងថ្លៃទេ។

ស្របជាមួយគ្នានេះ អាជីវករលក់បន្លែនៅក្នុងផ្សារអូរឬស្សីបានត្អូញត្អែពីការលំបាកនៃការលក់បន្លែ នាពេលបច្ចុប្បន្ននេះ ដោយមានអាជីវករខ្លះបានកាត់បន្ថយការលក់បន្លែមួយចំនួនដែលឡើងថ្លៃ ព្រោះពិបាកលក់ និងចំណេញបានតិចតួចបំផុត។

សូមបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅបណ្តាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលានេះ មានអ្នកស្លាប់ដោយ«ជំនន់ទឹកភ្លៀង»កើនដល់៣៦នាក់ ប៉ះពាល់ដំណាំផ្សេងៗ ជាង៨៣ម៉ឺនហិកតា សាលារៀនចំនួន៧០៧  វត្តចំនួន១៣០  មន្ទីរពេទ្យចំនួន១៨ ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងដំណាំរបស់ប្រជាពលរដ្ឋជាច្រើនហិកតា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ៕

Khcct banner

អត្ថបទទាក់ទង