Yearendyearend1140x150

ទឹកជំនន់៖សមត្ថភាព«ក្រុមអ្នកជួយសង្រ្គោះ»​មានប្រសិទ្ធភាព​ខ្លាំងជាង​មុន​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ 

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានវាយតម្លៃថា សមត្ថភាពរបស់ក្រុមអ្នកជួយសង្គ្រោះក្នុងការជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែបញ្ហាជំនន់ទឹកភ្លៀង មានប្រសិទ្ធភាពជាងមុន ដោយសារពលរដ្ឋរងគ្រោះមានចំនួនតិចបើធៀបនឹងឆ្នាំមុនៗ។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងយុទ្ធនាការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ គឺក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តធ្វើយ៉ាងណាជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែបញ្ហាទឹកជំនន់។

លោកបន្តថាក្នុងយុទ្ធនាការជួយសង្គ្រោះបញ្ហាទឹកជំនន់នាពេលកន្លងមកគណៈកម្មការទទួលបានកម្លាំងជំនួយពីគ្រប់អង្គភាពពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែបញ្ហាជំនន់ទឹកភ្លៀងហើយជាលទ្ធផល គឺគណៈកម្មការទទួលបានផ្លែផ្កាដ៏ល្អ។ផ្លែផ្កាល្អដោយលោកពន្យល់ថា ចំនួនអ្នកស្លាប់ និងរងគ្រោះដោយជំនន់ទឹកភ្លៀងធ្លាក់ចុះក្នុងកម្រិតទាប បើធៀបជំនន់ទឹកភ្លៀងទៅនឹងឆ្នាំមុនៗ។

បើតាមលោកឃុន សុខា បើប្រៀបធៀបបញ្ហាទឹកជំនន់នាពេលកន្លងទៅដូចជាឆ្នាំ ២០០០និងឆ្នាំ ២០១១ កម្ពុជាក៏ទទួលរងគ្រោះជាង១០ខេត្ត ហើយផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងមានទំហំធំជាង បើធៀបជាមួយឆ្នាំ២០២០។មូលហេតុដែលនាំឱ្យតួលេខអ្នកស្លាប់ដោយទឹកជំនន់ធ្លាក់ចុះដោយសារកម្លាំងរបស់កម្ពុជាទទួលបានជំនាញហ្វឹកហាត់ដ៏ត្រឹមត្រូវ និងមានការគាំទ្រពីរដ្ឋាភិបាល ដោយគិតត្រឹមឆ្នាំ២០២០នេះ កម្ពុជាបណ្ដុះបណ្ដាលដូចជាហ្វឹកហាត់កងកម្លាំងប្រមាណជាង១០០០នាក់ ត្រៀមទុកជាមុននៅពេលដែលមានបញ្ហាគ្រោះអាសន្នកើតឡើង។

គួរបញ្ជក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន១៩ របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានប្រជាជន រងផលប៉ះពាល់ចំនួន១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន ៣៤នាក់។

ថ្លៃងចេញពីទឹកដីខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ សម្ដេច ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះកងកម្លាំងដែលបានជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ហើយសម្ដេចក៏បានអរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលដែលបានជឿទុកចិត្តលើក្រុមអ្នកជួយសង្គ្រោះផងដែរ។

សូមជម្រាបជូនថា កាលពីគ្រោះទឹកជំនន់ឆ្នាំ២០១១ ទំហំខូចខាតសរុប គិតជាទឹកប្រាក់គឺមានចំនួនជាង ១០០លានដុល្លារអាមេរិក ពលរដ្ឋដែលបានស្លាប់ដោយសារទឹកជំនន់ គេបានរកឃើញថាកើនដល់ចំនួន ២០៧នាក់។ខេត្តដែលបានលិចទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តកណ្ដាល និងខេត្តកំពង់ចាម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង