Yearendyearend1140x150

រដ្ឋាភិបាលស្នើឱ្យធនាគារ មីក្រូហិរញ្ញវត្ថុពន្យារការទារប្រាក់ពីពលរដ្ឋរងគ្រោះដោយទឹកជំនន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០២០ បានអំពាវនាវទៅដល់ធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គប្បីលើកលែង និងពន្យារពេលក្នុងការទារប្រាក់ពីប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទំនន់ទឹកភ្លៀងនៅទូទាំងប្រទេស។

ថ្លៃងចេញពីទឹកដីខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ សម្ដេច ហ៊ុន សែន បានស្នើដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់ និងបានបាត់បង់ចំណូល ដោយសារតែស្ថានភាពដ៏លំបាកមួយនេះ។'

សម្ដេចមានប្រសាសន៍ថា៖ “ខ្ញុំគិតថា ទាំងធនាគារធំៗ និងមីក្រូហិរញ្ញវត្ថុធ្វើការយោគយល់ ពីបញ្ហានេះ ព្រោះរឿងនេះគឺជារឿងដែលបានកើតឡើង និងធ្វើឱ្យមានការឈឺចាប់ណាស់ទៅហើយ សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំអំពាវនាវសុំកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិផ្ទះសម្បែងដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាលទឹកជំនន់នេះ”។

សម្ដេចបន្ថែមថា ក្រោយទឹកជំនន់ ធនាគារអាចនឹងរៀបចំឥទានឱ្យខ្ចីម្ដងទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានកម្ចីបន្ថែម ដើម្បីធ្វើជាដើមទុនរកស៊ីបន្តទៀត។ ទន្ទឹមនឹងនេះ សម្ដេច នៅតែទទូចថាដដែលថា ធនាគារធំៗ និងមីក្រូហិរញ្ញវត្ថុ សូមធ្វើការយោគយល់ចំពោះស្ថានភាពដល់លំបាករបស់ប្រជាជន បើចង់ចំណេញទៅលើការលំបាករបស់ប្រជាពលរដ្ឋ ក៏មិនមែនជាការសប្បាយរីករាយសម្រាប់ទាំងអស់គ្នាដែរ ហើយសម្ដេចសង្ឃឹមថាធនាគារទាំងអស់នឹងធ្វើការងារបន្ត ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ត្រូវតែបន្តធ្វើការណែនាំដល់មីក្រូហិរញ្ញវត្ថុ និងធនាគារទាំងឡាយ ឱ្យមានការយោគយល់ចំពោះការលំបាកនេះ។

គួរបញ្ជក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន១៩ របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានប្រជាជន រងផលប៉ះពាល់ចំនួន១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន ៣៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង