Cct850x100 1

ទឹកជំនន់នៅបន្ទាយមានជ័យសម្លាប់ពលរដ្ឋ១៨នាក់ ប៉ះពាល់លំនៅដ្ឋានជិត៣ម៉ឺនខ្នង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ គិតមកត្រឹមថ្ងៃទី២១ ខែតុលានេះ ជំនន់ទឹកភ្លៀងនៅបន្ទាយមានជ័យបានសម្លាប់ពលរដ្ឋ១៨នាក់ ប៉ះពាល់លំនៅដ្ឋានចំនួន ២៩២២៥ខ្នង លិចស្រែចំនួន៦៤៣៧២ហិកតា ដំឡូងមីចំនួន ៦០២៥៩ហិកតា ដំណាំរួមផ្សំចំនួន ៩៨៩ហិកតា សាលារៀនចំនួន ១៨៦កន្លែង មណ្ឌលសុខភាពចំនួន៩កន្លែង វត្តអារាមចំនួន ៦០ សាលាឃុំចំនួន៥កន្លែង ផ្លូវប្រវែង៥៣៥គីឡូម៉ែត្រ អណ្ដូងស្នប់ចំនួន ៥៤កន្លែង និងលិចទំនប់អាងប្រវែង ៣៤គីឡូម៉ែត្រ។ នេះបើតាមប្រសាសន៍របស់លោកអភិបាលខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះខេត្តបន្ទាយមានជ័យបានទទួលរងគ្រោះដោយទឹកជំនន់ចំនួនពីរលើកដែលជំនន់លើកទីមួយ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកផ្លៀងកើតឡើងបណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រអូរបីជាន់ ស្រុកអូរជ្រៅចំនួន ៦៩គ្រួសារ បានជម្លៀសមកនៅទីទួលសុវត្ថិភាពស្ថិតនៅក្នុងសាលាឃុំអូរបីជាន់។

លោកអភិបាលខេត្តបានបន្ថែម ជំនន់លើកទីពីរ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ដោយសារស្ថានភាពបង្កឱ្យមានភ្លៀធ្លាក់ជោគជាំ គួបផ្សំនិងទឹកហូរពីអូរព្រំដែនកម្ពុជា ថៃផង ជំនន់ទឹកភ្លៀងក៏កើតឡើងម្ដងទៀត បានធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី និងស្ទឹងសេរីសោភ័ណហក់ឡើងលើសកម្រិតប្រកាសអាសន្ន បណ្ដាលឱ្យលិចតាមតំបន់ទំនាបភូមិតាមមាត់ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យសម្ដេច ហ៊ុន សែន បានសម្ដែងនូវការចូលរួមរំលែកនូវការលំបាក និងចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះប្រជាពលរដ្ឋកម្ពុជា ចំនួន ៣៤នាក់ ដែលក្នុងនោះខេត្តបន្ទាយមានជ័យចំនួន ១៨នាក់បានបាត់ជីវិតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមចែករំលែកនូវការលោំបាកជាមួយប្រជាពលរដ្ឋដែលកំពុងជួបប្រទះ នូវគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ពីសំណាក់ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីផងដែរ៕


Khcct banner

អត្ថបទទាក់ទង