Cct850x100 1

ព្រលានយន្តហោះតារាសាគរសម្រេចការសាងសង់៨០%គ្រោងផ្តើមប្រតិបត្តិការពាក់កណ្តាលឆមាស​ទី០២ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ខេត្តកោះកុង គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បាន​សម្រេចការសាងសង់៨០%ហើយ ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាន នាពាក់កណ្តាលឆមាសទី០២ ឆ្នាំ២០២១។នេះបើតាមអ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់​សេរី​វុត្ថា ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក ស៊ិន ចាន់​សេរី​វុត្ថា បានថ្លែងថា គិតត្រឹមបច្ចុប្បន្ននេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ខេត្តកោះកុងសម្រេចបាន៨០ភាគរយហើយ ហើយការរៀបចំធ្វើ សុពលភាពហោះហើរ ( Flight Validation) អាចនឹងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២០។

បើតាមលោក ស៊ិន ចាន់​សេរី​វុត្ថា ការសាងសង់ដែលនៅសល់ប្រមាណ២០ភាគរយ គឺនៅមានការរៀបចំបំពាក់ឧបករណ៍ និងការៀបចំផ្លូវសម្រាប់ចុះចត ហើយ- ការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាន នាពាក់កណ្តាលឆមាសទី០២ ឆ្នាំ២០២១។

លោក ស៊ិន ចាន់​សេរី​វុត្ថា បានសង្គត់ធ្ងន់ថា ការហោះហើរផ្លូវការមិនមែនធ្វើឡើងភ្លាមៗនោះទេ ពោលអ្នកបច្ចេកទេសត្រូវការពេលវេលាបន្ថែមដើម្បីសិក្សារសាកល្បង។ដោយឡែកសម្រាប់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ តាមគម្រោងអាចការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group Co,td ដែលមានតម្លៃជាង ២០០លានដុល្លារអាមេរិក។ បន្ទាប់ការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។ត្រូវបានគេរំពឹថា នៅពេលព្រលានយន្ដហោះនេះសាងសង់រួចជាស្ថាពរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀតផងដែរ តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង