Cct850x100 1

ជប៉ុនផ្តល់ជំនួយជាង៧២ម៉ឺនដុល្លារ ដើម្បីបោសសម្អាតមីននៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ថវិកាសរុបប្រមាណជាង ៧២៩.៥០៩ដុល្លារអាមេរិក សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ដើម្បីកាត់បន្ថយការគំរាមកំហែងរបស់ប្រជាពលរដ្ឋពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះធ្វើនៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ។

កម្មវិធីជំនួយឥតសំណងផ្តល់ទឹកប្រាក់ជាង៧២ម៉ឺនដុល្លារ សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានធ្វើពិធីចុះហត្ថលេខារវាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងប្រធានតំណាងអង្គការសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ JMAS ដែលជំនួយនេះសម្រាប់ឆ្នាំទី៣ ក្នុងការអនុវត្តគម្រោងផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយ ក្នុងការបោសសម្អាតមីននៅក្នុងខេត្តកំពង់ធំ។

បើតាមលោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា ប្រជាជនក្នុងតំបន់ខាងលើនេះ នឹងរួចផុតពីការភ័យខ្លាចដោយសារកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយគម្រោងនេះ នឹងរួមចំណែកក្នុងការកែលម្អបរិស្ថាន ដើម្បីឲ្យការរស់នៅរបស់ប្រជាជនអាចប្រព្រឹត្តទៅបានប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេបន្តទៀត។

ចំណែកលោក ស៊ុអេណាហ្កា ណូរិយូស៊ី ប្រធានតំណាងអង្គការសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ JMAS បានបញ្ជាក់ថា គម្រោងនេះ នឹងធ្វើការអភិវឌ្ឍលើបច្ចេកទេសមេកានិច ក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន ម៉ាស៊ីនដោះគ្រាប់បែកចង្កោម និង ដ្រូន(Drone)នៅក្នុងតំបន់ដែលសម្បូរទៅដោយគ្រាប់មីន និងគ្រាប់បែកចង្កោមនៅលាយបញ្ចូលគ្នា។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅកម្ពុជា ចាប់ពីឆ្នាំ២០០២ ដើម្បីជួយដល់ការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន ដោយមកដល់បច្ចុប្បន្ន ជំនួយនេះមានទឹកប្រាក់ជាង៤០លានដុល្លារ លើគម្រោងចំនួន១២៨ ដោយផ្តោតលើការលើកកម្ពស់វិស័យអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន ជាដើម៕

ពាក្យទាក់ទង: មីន
Khcct banner

អត្ថបទទាក់ទង