Yearendyearend1140x150

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាចេញសារអបអរសាទរ«ខួបអនុស្សាវរីយ៍ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០ កញ្ញានេះ បានចេញសារអបអរសាទរស្តីអំពីខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ក្នុងសារនោះឯកអគ្គរដ្ឋទូត បានរំលិចពីឆ្លងកាត់ និងពុះពាររាល់ឧបសគ្គដ៏កាចសាហាវរបស់ប្រទេសចិនបានផ្តួលរំលំចក្រពត្តិនិយម សក្ដិភូមិនិយម និងមូលធននិយមការិយាធិបតេយ្យបានយ៉ាងជោគជ័យ ដែលប្រៀបដូចជាភ្នំដ៏ធ្ងន់ចំនួនបីធំៗ និងសម្រេចបានការបដិវត្តប្រជាធិបតេយ្យនិយមថ្មីផងដែរ។

ជាមួយគ្នានោះឯកអគ្គរដ្ឋទូតចិននៅកម្ពុជា បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងចិនដោយបានអះអាងថា  ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី១០ នៃការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ហើយក៏ជាខួបអនុស្សាវរីយ៍លើកទី១ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរផងដែរ។ ប្រឈមមុខជាមួយនឹងជំងឺវីរុស ប្រទេសចិននិងកម្ពុជា រដ្ឋាភិបាលនិងប្រជាជនទាំងពីរប្រទេសតែងពួតដៃគ្នា ពុះពាររាល់ការលំបាក បង្កើតបានជាគំរូដ៏ប្រពៃសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើឆាកអន្តរជាតិ។

ជាបន្តសូមរានសារទាំងស្រង់ដូចតទៅ៖

ជនរួមជាតិ និងមិត្តភក្តិទាំងឡាយជាទីនឹករឭក៖

ថ្ងៃនេះ ជាថ្ងៃរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏សែនឱឡារិក និងឧដុង្គឧត្តមនេះ ខ្ញុំសូមតំណាងស្ថានទូតចិនប្រចាំកម្ពុជា សម្តែងគារវកិច្ចដោយស្មោះជូនចំពោះបុគ្គលិកនៃសហគ្រាសចិនក្នុងប្រទេសកម្ពុជា គ្រូបង្រៀនភាសាចិននិងអ្នកស្ម័គ្រចិត្តក្នុងប្រទេសកម្ពុជា និស្សិតចិនក្នុងប្រទេសកម្ពុជា និងព្រមទាំងប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តភក្តិកម្ពុជាគ្រប់មជ្ឈដ្ឋានដែលតែងយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសចិន និងបានចូលរួមជាកម្លាំងជំរុញក្នុងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា!

កាលពី ៧១ ឆ្នាំមុន ស្ថិតក្រោមការដឹកនាំរបស់គណៈបក្សកុម្មុយនិស្តចិន ប្រជាជនចិនទូទាំងប្រទេសបានឆ្លងកាត់ និងពុះពាររាល់ឧបសគ្គដ៏កាចសាហាវ បានផ្តួលរំលំចក្រពត្តិនិយម សក្ដិភូមិនិយម និងមូលធននិយមការិយាធិបតេយ្យបានយ៉ាងជោគជ័យ ដែលប្រៀបដូចជាភ្នំដ៏ធ្ងន់ចំនួនបីធំៗ និងសម្រេចបានការបដិវត្តប្រជាធិបតេយ្យនិយមថ្មីផងដែរ។ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញឲ្យឃើញពីការក្រោកឈរឡើងនៃប្រជាជនចិនចាប់តាំងពីពេលនោះមក ហើយប្រជាជនចិនបានដើរលើមាគ៌ាសម្រេចនូវភាពរុងរឿងដ៏អស្ចារ្យយ៉ាងធំទូលំទូលាយ។

រយៈពេល ៧១ ឆ្នាំនេះ ក្រោមការដឹកនាំរបស់គណៈបក្សកុម្មុយនិស្តចិន ប្រជាជនចិនបានខិតខំប្រឹងប្រែងដោយផ្ទាល់ខ្លួន បានជម្នះរាល់ឧបសគ្គនិងរាល់ការលំបាក បានឆ្លងផុតរាល់រនាំង និងឧបសគ្គពីមួយទៅមួយ បានបង្កើតសមិទ្ធផលធំៗនិងល្បីៗជាច្រើនគួរឲ្យកត់សម្គាល់។ ប្រជាជនចិនសម្រេចបានសំទុះដ៏លឿនមហិមាបំផុតក្នុងការក្រោកឈរឡើង សម្បូរហូរហៀរឡើង រហូតដល់ខ្លាំងក្លាឡើង។ នាឆ្នាំនេះ ប្រទេសចិននឹងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរគ្រប់ជ្រុងជ្រោយ សម្រេចបាននូវគោលដៅ១០០ឆ្នាំទី១។ ប្រទេសចិននាពេលបច្ចុប្បន្ននេះ កាន់តែខិតជិតទៅរកការសម្រេចបាននូវគោលដៅនៃភាពរីកចម្រើនដ៏មហិមាជាងពេលណាៗទាំងអស់។

មិត្តភក្តិទាំងអស់ជាទីរាប់អាន នាដើមឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19។ ការប្រឈមមុខជាមួយនឹងជំងឺវីរុសដ៏កាចសាហាវមួយនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈបក្សកុម្មុយនិស្តចិនដែលមានឯកឧត្តម Xi Jinping ជាស្នូលយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍យកប្រជាជនជាធំ បានចាប់ផ្តើមសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសមួយនេះដែលបានចូលរួមដោយប្រជាជន ចិន។ ប្រទេសចិនទទួលបានសមិទ្ធផលផ្លែផ្កាយុទ្ធសាស្រ្តសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ក្នុងរយៈពេលដ៏ខ្លី ហើយធានាបានអាយុជីវិត សុខភាព និងសុវត្ថិភាពប្រជាជនចិនយ៉ាងមានប្រសិទ្ធិភាព និងជាគំរូដ៏ល្អសម្រាប់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកល។

ប្រទេសចិននៅអំឡុងពេលបំពេញការងារទប់ស្កាត់នឹងជំងឺវីរុស បានផ្តួចផ្តើមយ៉ាងសកម្មក្នុងការកសាងសហគមន៍សុខាភិបាលសម្រាប់មនុស្សជាតិរួម បានគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះជាអន្តរជាតិ នេះបានបង្ហាញឲ្យឃើញពីការទទួលខុសត្រូវរបស់ចិនដែលជាប្រទេសមហាអំណាច។ ប្រទេសចិនបានផ្តល់ជំនួយជាង ២ ពាន់លានដុល្លារអាមេរិកដល់សហគមន៍អន្តរជាតិ។ រដ្ឋាភិបាលចិននឹងអនុវត្តការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping ក្នុងកិច្ចចាត់ទុកវ៉ាក់សាំងចិន ជាផលិតផលសាធារណៈអន្តរជាតិ និងការរួមចំណែករបស់ចិន ដើម្បីសម្រេចបាននូវលទ្ធភាពទទួលយកបាន និងការទទួលខុសត្រូវលើវ៉ាក់សាំងCOVID-19សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ប្រឈមមុខនឹងការតេស្តសាកល្បងនៃជំងឺវីរុសមួយនេះ និងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញនិងផ្លាស់ប្តូរឥតឈប់ឈរ ប្រទេសចិនបានរៀបចំគម្រោងជំរុញកិច្ចទប់ស្កាត់នឹងជំងឺវីរុសនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បានជំរុញយ៉ាងខ្លាំងនូវគំរូថ្មីដែលផ្តោតសំខាន់លើវដ្តក្នុងប្រទេសជាតិជាគោល និងការជំរុញគ្នាទៅវិញទៅមកវដ្តទ្វេដងក្នុងប្រទេសនិងអន្តរជាតិ និងបានជំរុញកិច្ចស្តារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងទទួលបានសមិទ្ធផលជាក់ស្តែងជាច្រើនគួរឲ្យកត់សម្គាល់។ យោងតាមតួលេខបង្ហាញឲ្យឃើញថា ក្នុងត្រីមាសទី២នាឆ្នាំនេះ GDPរបស់ប្រទេសចិនបានកើនឡើង ៣,២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានព្យាករណ៍ថា ប្រទេសចិននឹងក្លាយជាតួសេដ្ឋកិច្ចសំខាន់តែមួយគត់ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានពេញមួយឆ្នាំ២០២០ ហើយយើងពិតជាមានមោទនភាពជាខ្លាំង។

មិត្តភក្តិទាំងឡាយជាទីរាប់អាន ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី១០ នៃការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ហើយក៏ជាខួបអនុស្សាវរីយ៍លើកទី១ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរផងដែរ។ ប្រឈមមុខជាមួយនឹងជំងឺវីរុស ប្រទេសចិននិងកម្ពុជា រដ្ឋាភិបាលនិងប្រជាជនទាំងពីរប្រទេសតែងពួតដៃគ្នា ពុះពាររាល់ការលំបាក បង្កើតបានជាគំរូដ៏ប្រពៃសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើឆាកអន្តរជាតិ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺវីរុសCOVID-19មួយនេះ ភាគីទាំងពីរបានបង្កើតរួមគ្នានូវកិច្ចការទីមួយជាច្រើន៖

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាប្រមុខរដ្ឋាភិបាលបរទេសទីមួយដែលបានបំពេញទស្សន-កិច្ចក្នុងប្រទេសចិន។ ជំនួយសម្ភារទប់ស្កាត់នឹងជំងឺវីរុសលើកដំបូងដែលទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនទទួលបានគឺមកពីប្រទេសកម្ពុជា។ រដ្ឋាភិបាលចិន និងកងទ័ពចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តទប់ស្កាត់នឹងជំងឺវីរុសលើកដំបូងគេក្នុងតំបន់ឬសកលលោក គឺមកកាន់ប្រទេសកម្ពុជា។ កិច្ចចរចារពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ជាកិច្ចចរចារពាណិជ្ជកម្មសេរីទីមួយត្រូវបានបញ្ចប់ដោយតាម រយៈVideo Conference។ សមយុទ្ធ “នាគមាស ២០២០” គឺជាលំហាត់រួមគ្នាតែមួយគត់ដែលធ្វើឡើងដោយភាគីចិនជាមួយនឹងកងទ័ពភាគីកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជាលើកទី៥ ជាកិច្ចប្រជុំកិច្ចសហប្រតិបត្តិការយន្តការទ្វេភាគីកម្រិតកំពូលទីមួយដែលរៀបចំរវាងចិននិងប្រទេសជិតខាង។ ភាពជាក់ស្តែងជាច្រើនរាប់មិនអស់ត្រូវបានបង្ហាញឲ្យឃើញពី មិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាត្រូវបានកែលម្អថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការដុសខាតនៃជំងឺវីរុសមួយនេះ។

មិត្តភក្តិទាំងអស់ជាទីរាប់អាន ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍នេះ។ ពិភពលោកកំពុងឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីមួយ។ ជោគវាសនារបស់មនុស្សជាតិមានទំនាក់ទំនងស្អិតរមួតដែលពុំធ្លាប់មានដូចសព្វថ្ងៃនេះទេ។ ប្រទេសចិននឹងបន្តពង្រីកការបើកចំហទៅកាន់ពិភពលោកខាងក្រៅ រួបរួមសាមគ្គីគ្នាជាមួយបណ្តាប្រទេសក៏ដូចជាប្រទេសកម្ពុជាផងដែរ ពង្រីកសមិទ្ធផលកិច្ចសហប្រតិបត្តិការជោគជ័យរួមគ្នាកាន់តែធំ។ ប្រទេសចិននឹងដើរតួជាអ្នកអនុវត្តពហុភាគីនិយម បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិគ្រប់រូប សម្រេចបានការសាមគ្គីគ្នា និងភាពរីកចម្រើនកាន់តែធំសម្រាប់សង្គមមនុស្សជាតិ!

សូមជូនពរប្រទេសចិននិងកម្ពុជា រីកចម្រើនថ្កំថ្កើននិងអភិវឌ្ឍន៍ ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត!

សូមជូនពរមិត្តភាពចិននិងកម្ពុជាដែលប្រៀបដូចបងប្អូន យូរអង្វែងជាអមតៈ!

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង