Yearendyearend1140x150

ស.ស.ស.ក សង្ឃឹមថាច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» នឹងរួមចំណែកពង្រឹងឥរិយាបទ ផ្នត់គំនិត និងវប្បធម៌ «ប្រជាធិបតេយ្យចូលរួម»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្នុងឱកាស អបអរសាទរទិវាអន្តរជាតិស្តីពី«សិទ្ធិទទួលព័ត៌មាន» លើកទី៧៤នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរំពឹងនិងសង្ឃឹមថា ច្បាប់នេះនឹងក្លាយ ជាមធ្យោបាយបន្ថែមរួមចំណែកពង្រឹងពង្រីកនូវឥរិយាបទ ផ្នត់គំនិត និងវប្បធម៌ «ប្រជាធិបតេយ្យចូលរួម» ពីសំណាក់ប្រជាពលរដ្ឋ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងសកម្មភាពអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជានិងនៅជុំវិញពិភពលោក ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។

ទន្ទឹមនឹងនេះ ស.ស.ស.ក សម្តែងការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងព័ត៌មាន នៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលគ្រោងបញ្ចប់នៅដំណាច់ឆ្នាំនេះ ដែលច្បាប់នេះ គឺជាការកសាងជំនឿចិត្តសង្គម ដែលត្រូវតែឈរលើមូលដ្ឋាននៃសកម្មភាពជាក់ស្តែង លទ្ធផលជាក់ស្តែង ដោយស្មារតីចូលរួម ការជួយបំពេញឲ្យគ្នា ការគោរព និងការយល់យោគ។

យ៉ាងណាមិញ ទិវា «សិទ្ធិទទួលព័ត៌មាន» ក៏រំលឹកឱ្យដឹងផងដែរថា យើងគ្រប់គ្នាអាចប្រើប្រាស់សិទ្ធិនេះ ដើម្បីស្វែងយល់ព័ត៌មានគ្រប់ទិដ្ឋភាព មិនត្រឹមតែអំពីវឌ្ឍនភាពនៃប្រទេសជាតិប៉ុណ្ណោះទេ តែគ្រប់គ្នាក៏ត្រូវតាមដានជាប្រចាំ អំពីសភាពការណ៍វិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃបញ្ហាតំបន់និងពិភពលោកផងដែរ ខណៈដែលមាតុភូមិកម្ពុជាកំពុងរីករាយជាមួយសុខសន្តិភាព។

ស.ស.ស.ក ក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ឲ្យបន្តប្រើប្រាស់សិទ្ធិទទួលព័ត៌មាន ក្នុងឧត្តមគតិដើម្បីពង្រឹងសមត្ថភាពជាតិ ដើម្បីបណ្តុះ «ស្មារតីកម្ពុជានិយម» និងសូមបន្តប្រើប្រាស់លំហសិទ្ធិសេរីភាពព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពី «តម្លៃសន្តិភាព» និងមរតកវប្បធម៌ល្អប្រពៃថ្លៃថ្នូររបស់ប្រជាជនយើងទៅកាន់ពិភពលោក ដោយតម្កល់ ផលប្រយោជន៍ជាតិមុនគេ ដោយយើងត្រូវតែជឿជាក់លើខ្លួនយើងជាមុន និងជឿជាក់លើអនាគតដ៏ប្រសើររបស់ប្រទេសជាតិយើងជាមុន ពោលគ្មាននរណាស្គាល់តម្រូវការកម្ពុជា ជាងកម្ពុជាខ្លួនឯងឡើយ ហើយក៏គ្មាននរណាលើកតម្កើងកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង