Cct850x100 1

៨ខែឆ្នាំ២០២០ពាណិជ្ជកម្មកម្ពុជា-អាមេរិកកើន១៧%ខណៈអាមេរិកកំពុងបង្កើនការលក់នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលបានកើនឡើងប្រមាណ ១៧% បើធៀបនឹងឆ្នាំ២០១៩។នេះបើតាមប្រសាសន៍លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងកិច្ចពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃទី២២ កញ្ញានេះ។

លោក Alexander Feldman បានអះអាងថា ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាមេរិក ក្នុងឱកាសខួប៧០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានសាទរចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលបានកើនឡើងប្រមាណ ១៧% បើធៀបនឹងឆ្នាំ២០១៩។

ជាមួយនឹងការបន្តផ្តល់កិច្ចសហការដ៏ល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្របសម្រួលឆ្លើយតបនូវក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគអាមេរិក លោកប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានសុទិដ្ឋិយមថាអ្នកវិនិយោគអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជានាថ្ងៃអនាគត។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូដែលតែងតែបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ឯកឧត្តមក៏បានអបអរសាទរដល់ក្រុមហ៊ុនអាមេរិកនានាដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលកម្លាំងទិញរបស់ប្រជាពលរដ្ឋកម្ពុជាមានការកើនទ្បើងតាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលកន្លងមក។

ឯកឧត្តម សុខ ចិន្តាសោភា បានបន្ថែមថាបើទោះបីជំងឺកូវីឌ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យជាច្រើនក្នុងសេដ្ឋកិច្ច តែវាបានបង្កើតឱកាសដល់ក្រុមហ៊ុនអាមេរិកដែលផ្តល់សេវាកម្មអនឡាញ ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាដើម។ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ជាពិសេសក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីធុរកិច្ចតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលនឹងទាក់ទាញការវិនិយោគពីបរទេស ជាពិសេស ការវិនិយោគពីក្រុមហ៊ុនអាមេរិកបន្ថែមទៀត ដែលនឹងពុំគ្រាន់តែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ តែក៏នឹងនាំមកនូវបច្ចេកវិទ្យាផងដែរ៕

Khcct banner

អត្ថបទទាក់ទង