Cct850x100 1

រមណីយដ្ឋានមួយយកប្រាក់ចំណេញស្ទើរ៩៩ភាគរយទៅផ្គត់ផ្គង់ដល់ការសិក្សារបស់យុវជនខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ទេសភាពមើលពីលើនៃរមណីយដ្ឋានឬស្សីហាន់ជ័យ ខេត្តកំពង់ចាម  (រូបភាពដោយ៖ HanChey Bamboo Resort)
ការហាត់យូហ្គ (រូបភាពដោយ៖ HanChey Bamboo Resort)
រមណីយដ្ឋានឬស្សីហាន់ជ័យ(HanChey Bamboo Resort)ទទួលបានពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម ឆ្នាំ២០១៩ 
រូបភាពដោយ៖ លោក ថន វណ្ដុង

កំពង់ចាម៖ រមណីយដ្ឋានឬស្សីហាន់ជ័យ(HanChey Bamboo Resort)ដែលពោរពេញទៅដោយការច្នៃប្រឌិតទៅដោយដើម្បីឬស្សី និងប្រកបដោយផាសុកភាពទាំងផ្លូវកាយ ផ្លូវចិត្តផងដែរ ហើយ ត្រូវបានគេដឹងថា ជាកន្លែងកំសាន្តមួយបានផ្ដល់ការងារដល់យុវជនដែលជាអតីតសិស្សមកពីអង្គការអប់រំមួយដែលមានឈ្មោះថា អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(Buddhism For Social Development Action) ឬអក្សរកាត់ (BSDA)ផ្ទាល់ និងចូលរួមថែរក្សាបរិស្ថានបានច្រើន ហើយប្រាក់ចំណេញទាំងប៉ុន្មានដែលបាន គឺត្រូវបានយកទៅប្រើប្រាស់បន្តសម្រាប់ជួយផ្គត់ផ្គង់កម្មវិធីសិក្សារបស់ក្មេងៗ គ្មានលទ្ធភាពសិក្សា និងមិនអាចទទួលបានការងារក្នុងឱកាសណាមួយបាន។

លោក ថន វណ្ដុង ជាស្ថានិកនៃរមណីយដ្ឋានឬស្សីហាន់ជ័យ និងជាស្ថានិកនៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)

(រូបភាពដោយ៖ លោក ថន វណ្ដុង)

ក្នុងកិច្ចសម្ភាសន៍រវាងស៊ីស៊ីថាមស៍ជាមួយលោក ថន វណ្ដុង ជាស្ថានិកនៃរមណីយដ្ឋានឬស្សីហាន់ជ័យ និងលោក អ៊ិន ដារ៉ូ ជាអ្នកគ្រប់គ្រងប្រតិបត្តិការនៃរមណីយដ្ឋានឬស្សីហាន់ជ័យនេះផ្ទាល់ផងដែរ ហើយលោកទាំងពីរបានប្រាប់ពីលក្ខណៈពិសេសនៃកន្លែងកំសាន្តមួយនេះថា រមណីយដ្ឋានឬស្សីហាន់ជ័យ(HanChey Bamboo Resort)មិនត្រឹមតែរមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍ជួយដល់បរិស្ថាន ដើម្បីលំហែកាយ និងជួបជុំគ្រួសារ ដែលប្រកបដោយទេសភាពធម្មជាតិ និងខ្យល់បរិសុទ្ធនោះទេ តែថែមទាំងជាកន្លែងដែលបានចូលរួមជួយសង្គម តាមរយះយកប្រាក់ចំណេញរបស់ខ្លួនទៅផ្គត់ផ្គង់ដល់អង្គការ(BSDA) ផ្ដល់ការអប់រំដល់កុមារៗ ក្មេងៗ និងយុវជនខ្មែរមួយចំនួន ដែលបានជួយគាំពារកុមារ យុវជនខ្មែរដែលអាចជួយនូវបញ្ហាក្នុងគ្រួសារដូចជា អំពើហឹង្សា ក្រក្រី គ្រួសារបែកបាក់ ដែលមិនអាចឱ្យក្មេងៗបន្តការសិក្សា ហើយអង្គការជួយរកការងារឱ្យពួកគាត់ផងដែរ បន្ទាប់ពីពួកគាត់បានបញ្ចប់ការសិក្សានូវវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីនោះហើយ។

អ្នកប្រហែលជាបានដឹងហើយថា រមណីយដ្ឋានឬស្សីហាន់ជ័យ មានទីតាំងនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គម្រោងនៃការសាងសង់នៃរមណីយដ្ឋានមួយនេះ ចាប់ផ្ដើមនៅឆ្នាំ២០១៥ ហើយចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៦ ហើយរយះពេល ០២ឆ្នាំ នៅខែតុលា ឆ្នាំ២០១៨ ចាប់ផ្ដើមបើកដំណើរការ។

លោក ថន វណ្ដុង ជាស្ថានិកនៃរមណីយដ្ឋានឬស្សីហាន់ជ័យ និងជាស្ថានិកនៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)

(រូបភាពដោយ៖ លោក ថន វណ្ដុង)

លោក ថន វណ្ដុង ជាស្ថានិកក៏ជានាយកប្រតិបត្តិនៃរមណីយដ្ឋានឬស្សីហាន់ជ័យ បានប្រាប់ថាស៊ីស៊ីថាមស៍ថា « រមណីយដ្ឋានឬស្សីហាន់ជ័យ(HanChey Bamboo Resort)ត្រូវបានបង្កើតឡើងដោយអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA) ដែលដឹកនាំដោយលោកផ្ទាល់ផងដែរ។ សេវាកម្មនៅក្នុងរមណីយដ្ឋានមាន បន្ទប់ស្នាក់នៅ អាងហែលទឹក អាហារភេសជ្ជៈ ហាត់យូហ្គា ធ្វើសមាធិ ធ្វើឱ្យផ្លូវចិត្តស្ងប់ កាត់ស្រ្តេសជាដើម ហើយភ្ញៀវក៏អាចហាត់រៀនសមាធិនេះ រួចក៏អាចបន្តបង្រៀនអ្នកផ្សេងៗទៀតបានទៀតផង និងសម្រាប់តាំងសមាធិប្រចាំថ្ងៃរបស់គាត់ទៀតផង។ មិនតែប៉ុណ្ណោះទេ នៅទីនោះសេវាកម្មនាំភ្ញៀវធ្វើដំណើរកំសាន្តទៅតាមកន្លែងក្បែរដងទទ្លេមេគង្គ និងក្បែរកោះដូចជា ជិះទូកទៅមើលថ្ងៃលិច ជិះរទេះសេះទៅកោះជិះភ្នំហាន់ជ័យ ដើម្បីមើលចំការក្រូចថ្លុង ជិះទូកនៅវាលខ្សាច់ហើយមានការជួបជុំគ្នានៅទីនោះផងដែរ»។


ស្ថានិកក៏ជានាយកប្រតិបត្តិនៃរមណីយដ្ឋានឬស្សីហាន់ជ័យរូបនេះ បានបន្ថែមថា គោលដៅធំៗទាំងបីនៃការបង្កើតរមណីយដ្ឋាននេះគឺ ទីមួយដើម្បីផ្ដល់ជាកន្លែងហាត់ការងារ សម្រាប់សិស្សដែលបានបញ្ចប់ការបណ្ដុះបណ្ដាលនៅវិទ្យាស្ថាននៃស្នាមញញឹមក្នុងអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម នេះបានសេចក្ដីថា ការបង្កើតកំសាន្តនេះឡើងគឺ សម្រាប់ទ្រទ្រង់សិស្សក្នុងការអនុវត្តទ្រឹស្ដីដែលបានសិក្សានូវមុខវិជ្ជាជំនាញវិជ្ជាជីវៈរបស់ខ្លួនជាក់ស្ដែង ដែលពួកគាត់ត្រូវតម្រូវឱ្យចុះហាត់ការងារនៅរមណីយដ្ឋានឬស្សីហាន់ជ័យនោះ ជាពិសេសសិស្សដែលបានចាប់យកជំនាញបដិសណ្ឋារកិច្ចជាដើម។ គោលដៅទីពីរគឺ សម្រាប់បង្កើតដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់អង្គការសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ទោះបីជាអង្គការមានម្ចាស់ជំនួយពីបរទេសក៏ពិតមែន តែយើងក៏មិនត្រូវពឹងផ្អែកលើខាងគាត់ទាំងស្រុងដែរ។ ចំណែកឯគោលទីបីចុងក្រោយ គឺសកម្មភាពដែលធ្វើឱ្យប៉ះពាល់បរិស្ថាន កន្លែងកំសាន្តមួយនេះ តែងតែព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយសំណង់នៃរមណីយដ្ឋានគឺធ្វើមកពីឬស្សី។


អ្វីដែលជាចម្ងល់របស់ភ្ញៀវទេសចរណ៍ជាច្រើន តែងតែចោទសួរអំពី មូលហេតុដែលរមណីយដ្ឋានសាងសង់មកពីឬស្សីជាង៩០ភាគរយនៃសំណង់ទាំងអស់ លើកលែងតែអគារណាដែលត្រូវការបិទជិតតែប៉ុណ្ណោះ។ ទាំងនេះគឺដោយសារតែ «ឬស្សី» ជាសម្ភារៈមួយដែលប្រជាជនខ្មែរជំនាន់ដូនតាខ្មែរយកមកធ្វើសម្រាប់ច្នៃជាឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលជាកេរិ្ត៍ដំណែលពីដូនតា ហើយជាក់ស្ដែងរមណីយដ្ឋានឬស្សីមួយនេះ ក៏មានជាលក្ខណៈទ្រង់ទ្រាយធំ ស្អាតប្លែក ហើយមានបច្ចេកទេសល្អក្នុងការរៀបសំណង់ រៀបទៅតាមបែបបទទៅព្រះពុទ្ធសាសនាមានទាំងអគារសម្រាប់ភ្ញៀវមកស្នាក់អាចធ្វើការតំាងសមាធិ រៀនធ្វើវិបស្សណា ហាត់យូហ្គា ដែលជុំវិញកន្លែងនោះមានស្រះឈូកដែលស៊ីគ្នាទៅនឹងដំបូលដែលទម្រង់ដូចនឹងផ្កាឈូក ថែមទាំងអគារផ្សេងៗទៀតប្រៀបដូចជាត្របកផ្កាឈូកមួយៗនៅក្បែរគ្នា។ ចំណែកឯដើម្បីឬស្សី ត្រូវបានធ្វើការសិក្សាក្នុងសាងសង់ពីវត្ថុធាតុដើមមួយ ឱ្យត្រូវតាមស្ដង់ដារ ដូចជាត្រូវព្យាបាលដើមឬស្សី ដោយដកជាតិស្ករចេញពីឬស្សី ហើយត្រូវដាក់ជាតិអំបិលឱ្យឬស្សីមានភាពរឹងមាំ តាន់ល្អ កុំឱ្យពុកផុយ ហើយពណ៌ទាក់ទាញផងដែរ។


លោក អ៊ិន ដារ៉ូ ជាអ្នកគ្រប់គ្រងប្រតិបត្តិការនៃរមណីយដ្ឋានឬស្សីហាន់ជ័យ (រូបភាពដោយ៖ លោក អ៊ិន ដារ៉ូ)
លោក អ៊ិន ដារ៉ូ  និងលោក នឹម ឈុន្នី ស្ថានិកក្រុមហ៊ុនបណ្ដុះបណ្ដាល VIPASSA (រូបភាពដោយ៖ HanChey Bamboo Resort)


លោក អ៊ិន ដារ៉ូ ជាអ្នកគ្រប់គ្រងប្រតិបត្តិការនៃរមណីយដ្ឋានឬស្សីហាន់ជ័យ និយាយថា រមណីយដ្ឋានឬស្សីហាន់ជ័យ ផ្ទៃដីទាំងអស់មានទំហំ០៥ហិកតា មានបន្ទប់ភ្ញៀវសម្រាប់គេងចំនួន ១០ បន្ទប់ភោជនីយដ្ឋានចំនួន១ អគារសម្រាប់ធ្វើសមាធិវិបស្សណាមានដំបូលរាងផ្កាឈូកចំនួន១ បន្ទប់គេង១អគារមានបន្ទប់ស្នាក់នៅរួមចំនួន០៤បន្ទប់ និងអគារប្រជុំមួយទៀតដែលកំពុងសាងសង់។ ហើយគោលការណ៍នៃការទទួលភ្ញៀវមានចំនួន ពីរប្រភេទគឺប្រភេទទីមួយ គឺភ្ញៀវមកស្នាក់នៅផងកំសាន្តផង និងប្រភេទទីពីរ គឺសម្រាប់ភ្ញៀវមកកំសាន្ត។ ហើយចាប់ផ្ដើមទទួលសេវាកម្មភ្ញៀវមកកំសាន្តលេងនៅរមណីយដ្ឋានឬស្សីហាន់ជ័យនោះ ហើយទទួលបានអាហារពេលថ្ងៃព្រឹកត្រង់មួយពេលដោយចំណាយត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ចាប់ពីម៉ោងដប់ព្រឹករហូតដល់ម៉ោង៥ល្ងាច និងទទួលសេវាកម្មភ្ញៀវមកស្នាក់នៅផងដែរ ដែលក្នុងនោះពួកគាត់នឹងទទួលបានបន្ថែមនូវសេវាកម្មផ្សេងៗទៀតដូចជាការហាត់យូហ្គា រៀនតាំងសមាធិ ។ល។


លោក ដារ៉ូ បញ្ជាក់ថា « រមណីយដ្ឋានឬស្សីហាន់ជ័យត្រូវបានផ្ដល់ឱកាសឱ្យក្មេងៗយុវជនដែលបានចេញមកហាត់ការពីវគ្គសិក្សាបណ្ដុះបណ្ដាលពីវិទ្យាស្ថាននៃស្នាមញញឹមរបស់អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ដែលពួកគាត់ស្ថិតក្នុងស្ថានភាពលំបាក មិនមានឱកាសក្នុងការសិក្សា និងទទួលបានការងារធ្វើដូចជា ផ្នែករៀបឥដ្ឋ ធ្វើម្ហូប ជួសជុសទូរទឹកកក ជួសជុសឡាន ម៉ាស៊ីនត្រជាក់ ផ្នែកបដិសណ្ឋារកិច្ច។ ហើយបើសិនបន្ទាប់ពីបណ្ដុះបណ្ដាលហាត់ការងារនៅរមណីយដ្ឋានរួចចប់ហើយ នៅទីនេះ ក៏មានការប្រលងប្រជែងដើម្បីចូលបម្រើការងារពេញសិទ្ធិនៅរមណីយដ្ឋាននោះផ្ទាល់ ចំណែកអ្នកដែលមិនបានចូលធ្វើការងារ ក៏ក្រុមការងារនៃអង្គការក៏ដូចជារមណីយដ្ឋានឬស្សីហាន់ជ័យ នឹងជួយរកការងារឱ្យពួកគេផងដែរ»។


តាមរយះការហាត់ការងារនៅរមណីយដ្ឋានឬស្សីហាន់ជ័យមួយនេះ សិស្សទាំងអស់នោះ ពួកគាត់រៀនបានច្រើនដូចជា រៀនពីរបៀបនៃការផ្ដល់សេវាកម្ម ស្វែងយល់ពីដំណើរការប្រតិបត្តិការរបស់រីស៊ត ឬអូតែល អាចត្រៀមខ្លួនដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិដោយប្រើប្រាស់ជំនាញទំនាក់ទំនង ទំនួលខុសត្រូវខ្ពស់ ការតាំងសមាធិធ្វើឱ្យចិត្តស្ងប់ បានស្គាល់មនុស្សច្រើន ចេះធ្វើការងារជាក្រុម ហើយអាចបង្កើនចំណេះដឹងក្នុងការប្រើប្រាស់ភាសាបរទេស រៀនពីការប្រើប្រាស់កុំព្យូទ័រ មានលទ្ធភាពក្នុងការធ្វើម្ហូប ឆុងកាហ្វេ ធ្វើភេសជ្ជៈផ្សេងៗ ដែលជំនាញទាំងអស់នេះគឺសុទ្ធតែមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ពួកគាត់នាពេលបច្ចុប្បន្ន និងថ្ងៃខាងមុខ។


លោក ដារ៉ូ ក៏បានបន្ថែមថា អ្វីដែលជាគម្រោងបន្តនៃរមណីយដ្ឋាននៅថ្ងៃមុខ ដោយសារតែលោកសង្កេតឃើញថា ប្រជាជនក្នុងស្រុកភាគច្រើនមានការយកចិត្តទុកដាក់លើសុខភាពច្រើន ទាំងការហូបចុក ការដើរកំសាន្ត លំហែអារម្មណ៍ផ្លូវចិត្ត លោកក៏បានបង្កើតនៃសួនបន្លែកសិកម្ម ព្រមទាំងបានបណ្ដុះបណ្ដាលនូវបច្ចេកទេសដាំដុះបន្លែធម្មជាតិ។ នេះសបញ្ជាក់ឱ្យឃើញថា រមណីយដ្ឋានឬស្សីហាន់ជ័យ យកចិត្តទុកដាក់យ៉ាងខ្លាំងទៅដល់ភ្ញៀវដែលបានមកទស្សនា មកកំសាន្ត បរិភោគម្ហូបអាហារនៅទីនោះ ផ្ដល់នូវជំនឿទុកចិត្តដល់ភ្ញៀវយ៉ាងពេញទំហឹងទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។


អ្វីដែលធ្វើឱ្យលោកទាំងពីរ ពិតជាមានមោទនភាពចំពោះគោលដៅរបស់រមណីយដ្ឋានឬស្សីហាន់ជ័យមួយនេះ គឺការជួយដល់សង្គមក្នុងការផ្គត់ផ្គង់ និងឱកាសសិក្សាដល់យុវជនខ្មែរ ដើម្បីបណ្ដុះធនធានមនុស្សក៏ដូចជាទំពាំងស្នងឬស្សី ព្រោះថាក្រៅពីការព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាព អគារដែលធ្វើពីដើមឬស្សីជារុក្ខជាតិមួយជួយផ្ដល់លំនឹងដីច្រាំងនៃមាត់ទទ្លេផងនោះ ក៏បុគ្គលិក និងអ្នកគ្រប់គ្រងតាមផ្នែកនីមួយៗ រីករាយក្នុងការចែករំលែកចំណេះដឹងផ្ទាល់ខ្លួន អាចផ្លាស់ប្ដូរ និងផ្ទេរចំណេះបទពិសោធន៍គ្នាទៅវិញទៅមក និងទៅដល់យុវជនខ្មែរជំនាន់ក្រោយៗបន្តគ្នានៅថ្ងៃមុខទៀត ហើយរមណីយដ្ឋានឬស្សីមួយនេះ ក៏បានទទួលការគាំទ្រច្រើនពីភ្ញៀវទេសចរ ដែលជាប្រជាជនក្នុងស្រុកយើង។


ក្នុងនាមជាអ្នកគ្រប់គ្រងក៏ដូចជានាយកប្រតិបត្តិការនៃរមណីយដ្ឋានឬស្សីហាន់ជ័យ លោកទាំងពីរសូមសំណូមពរឱ្យប្រជាជនខ្មែរធ្វើដំណើរកំសាន្តតាមតំបន់ ឬកន្លែងកំសាន្តរមណីយដ្ឋានក្នុងស្រុកនានាទូទាំងប្រទេស ពួកគាត់គួរយកចិត្តទុកដាក់អំពីសង្គមជាតិទាំងការការពារជំងឺឆ្លងកូវីដ-១៩ ហើយគួរតែយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គួរថែរក្សាបរិស្ថានឱ្យបានល្អទាំងភ្ញៀវ និងទាំងម្ចាស់រមណីយដ្ឋាន។ មួយវិញទៀត បើសិនអាចពួកយើង សូមលើកទឹកចិត្តឱ្យប្រជាជនខ្មែរធ្វើដំណើរកំសាន្តក្នុងស្រុក ព្រោះមានស្រុកខ្មែរយើងមានកន្លែងកំសាន្តល្អៗជាច្រើន ហើយការចំណាយលុយរបស់ពួកគាត់អាចនឹងជួយដល់សង្គមផងដែរ តួយ៉ាងដូចជារមណីយដ្ឋានឬស្សីហាន់ជ័យជាអាជីវកម្មសង្គមមានន័យថា ប្រាក់ចំណេញទាំងអម្បាលម៉ានស្ទើរតែ ៩៩ភាគរយ គឺយកទៅផ្គត់ផ្គង់ដល់អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ដើម្បីគាំទ្រនូវការសិក្សារបស់ក្មេងៗនៅទីនោះឱ្យពួកគាត់មានឱកាសសិក្សា ទទួលបានការអប់រំ ការងារ ហើយយើងក៏កាន់តែផ្ដល់តម្លៃឱ្យតំបន់ទេសចរណ៍ក្នុងប្រទេសជាតិយើងកាន់តែប្រសើរឡើងៗដែរ៕

(រូបភាពដោយ៖ HanChey Bamboo Resort)
ទេសភាពនៃបរិវេណនៃរមណីយដ្ឋានឬស្សីហាន់ជ័យ ខេត្តកំពង់ចាម (រូបភាពដោយ៖ HanChey Bamboo Resort)
បន្ទប់ស្នាក់នៅក្នុងរមណីដ្ឋានឬស្សីហាន់ជ័យ (រូបភាពដោយ៖ HanChey Bamboo Resort) 
អាងហែលទឹក (រូបភាពដោយ៖ HanChey Bamboo Resort)


(រូបភាពដោយ៖ HanChey Bamboo Resort)
(រូបភាពដោយ៖ HanChey Bamboo Resort)
ការចូលរួមនៃកម្មវិធីសមាធិ (រូបភាពដោយ៖ HanChey Bamboo Resort)
(រូបភាពដោយ៖ HanChey Bamboo Resort)
កម្មវិធីនាពេលរាត្រីនៅក្នុងរមណីយដ្ឋានឬស្សីហាន់ជ័យ (រូបភាពដោយ៖ HanChey Bamboo Resort)
សកម្មភាពហាត់ការចម្អិនម្ហូបរបស់សិស្សនៅអង្គការ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)
(រូបភាពដោយ៖ HanChey Bamboo Resort)
បុគ្គលិកអាចអានសៀវភៅដើម្បីពង្រឹងចំណេះដឹង ក្រៅពីទំនេរពីការងារ (រូបភាពដោយ៖ HanChey Bamboo Resort)
ទេសភាពនាពេលល្ងាចនៅរមណីយដ្ឋានឬស្សីហាន់ជ័យ (រូបភាពដោយ៖ HanChey Bamboo Resort)
សកម្មភាពរបស់ភ្ញៀវទេសចរណ័ដែលបានជិះទូកឆ្លងមកដល់កោះក្បែរៗរមណីយដ្ឋានឬស្សីហាន់ជ័យ
 (រូបភាពដោយ៖ HanChey Bamboo Resort)
សកម្មភាពបុគ្គលិក និងសិស្សហាត់ការផ្នែកបដិសណ្ឋារកិច្ច និងមុខវិជ្ជាផ្សេងៗទៀត មកពីអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)
សកម្មភាពដាំដើមជាការងារជួយដល់បរិស្ថាន 
          
សកម្មភាពសិស្សកំពុងសិក្សានៅអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)
(រូបភាពដោយ៖ BSDA)
សកម្មភាពសិស្សកំពុងសិក្សាអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)
(រូបភាពដោយ៖ BSDA)
សកម្មភាពសិស្សកំពុងសិក្សាអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA)
(រូបភាពដោយ៖ BSDA)


Khcct banner

អត្ថបទទាក់ទង