Yearendyearend1140x150
Img 0571

ប្រមុខការពារជាតិកម្ពុជា៖ទណ្ឌកម្មអាមេរិកលើក្រុមហ៊ុនចិន គឺដើម្បីប្រយោជន៍ភូមិសាស្រ្ដនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រមុខក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ ប្រមុខក្រសួងការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហារំលោភបំពានសិទ្ធិមនុស្ស និងអំពើពុករលួយមកលើរាជរដ្ឋាភិបាលកម្ពុជា និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគចិន ញូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (Union Development Group Co. Ltd.) នៅកម្ពុជាគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយតែប៉ុណ្ណោះ។

តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាភាសាខ្មែរនៅក្រៅប្រទេស សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា ក្រុមហ៊ុនធ្វើការវិនិយោគដោយត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាគ្រប់បែបយ៉ាងទាំងអស់ ហើយក្រុមហ៊ុនទទួលអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដូចជាក្រុមហ៊ុនដទៃៗទៀតដែលធ្វើការវិនិយោគនៅកម្ពុជាដែរ។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ក្រុមហ៊ុនគ្មានធ្វើការរំលោភយកដីប្រជាពលរដ្ឋ តាមតែការចោទដោយគ្មានមូលដ្ឋាន គ្មានការសិក្សាស្រាវជ្រាវបានច្បាស់លាស់របៀបហ្នឹងទេ គ្មានទេ។ សម្ដេចពិជ័យសេនាបានថ្លែងបញ្ជាក់ថា “អារឿងហ្នឹង ខ្ញុំដូចជាគ្មានយោបល់អីទេ ព្រោះរឿងសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនចិនហ្នឹងគឺវាជារឿងធម្មតាទេពាក់ព័ន្ធនឹងភូមិសាស្រ្ដនយោបាយ ឱ្យតែក្រុមហ៊ុន មិនមែនតែ ក្រុមហ៊ុន ញូញៀនហ្នឹងមួយទេ ក្រុមហ៊ុនណាក៏ដោយ ឱ្យតែសហរដ្ឋអាមេរិក តែងតែលេច ឮនូវរឿងហ្នឹងជាបន្ដបន្ទាប់។ ខ្ញុំក៏មិនមានយោបល់អីដែរ បើសិនជានិយាយលើកឡើង ពីរឿងពុករលួយ រំលោភសិទ្ធិមនុស្សគឺគ្មានទេ”។

សម្ដេចពិជ័យសេនាបានពន្យល់ថា កិច្ចការទាំងអស់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាធ្វើទៅតាមច្បាប់ទាំងអស់ ហើយប្រសិនបើត្រូវ មានការប៉ះពាល់ទៅលើប្រជាជន គេបានដោះស្រាយគោលនយោបាយ បានទទួលយកទាំងអស់ គ្មានអ្វីទៅធ្វើអ្វីដែលប្លែក ខុសពីច្បាប់ដែលកម្ពុជាមាននោះទេ។ សម្ដេចពិជ័យសេនាបានបន្ដថា រឿងដែលសហរដ្ឋអាមេរិកចង់ចោទតែប៉ុណ្ណឹងឯង។

គួរជំរាបជូនថា ការចេញមកបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បែបនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ ខែកញ្ញា បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនUnion Development Group ក្រោមមូលហេតុ ថា បានរឹបអូសនិងបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីសាងសង់គម្រោងអភិវឌ្ឍតារាសាគរស្ថិតនៅក្នុងខេត្តកោះកុង។ ក្រសួងសេដ្ឋកិច្ចអាមេរិកបានអះអាងថា ក្រុមហ៊ុន Union Development Group ជាក្រុមហ៊ុនរបស់រដ្ឋចិន ហើយបានទាក់ទងជាមួយលោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយប្រមូលដីឱ្យខ្លួនសម្រាប់ការធ្វើអភិវឌ្ឍគម្រោងតារាសាគរនៅក្នុងខេត្តកោះកុង។ ក្រោមច្បាប់ Global Magnitsky អាមេរិកនឹងបង្កកទ្រព្យសម្បតិរបស់ក្រុមហ៊ុនរដ្ឋចិន ដែលមាននៅលើទឹកដីអាមេរិក។

តែទោះបីយ៉ាងណាក៏ដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជាការពិតហើយ បើចង់ធ្វើការអភិវឌ្ឍ និងការវិនិយោគ វាតែងតែមានការប៉ះពារខ្លះហើយ ក៏ប៉ុន្ដែការប៉ះពារហ្នឹងគឺសុទ្ធសឹងតែមានការជជែក មានការផ្ដល់សំណងជាក់លាក់ ដើម្បីផ្ដល់ជូនដល់អ្នកទាំងអស់នោះដោយទទួលយកដោយស្មោះស្ម័គ្រ រៀបចំភូមិករ និងរៀបចំគ្រប់អ្វីៗទាំងអស់ក្នុងការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះរស់នៅស្រួលគ្រប់បែបយ៉ាងទាំងអស់។ សម្ដេចពិជ័យសេនាបានឱ្យដឹងទៀតថា សព្វថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋគេមានជីវភាពរស់នៅធូរធារ ហើយអ្នកដែលចាកចេញប៉ុន្មានគ្រួសារហ្នឹងគឺបានធូរធារ។ ចំណែកអ្នកនៅសល់ប៉ុន្មានគ្រួសារទៀត គេកំពុងដោះស្រាយ និងចរចាជាមួយគ្នាបន្ដទៀត។ សម្ដេចពិជ័យសេនាបានថ្លែងបន្ថែមថា “រឿងគេចោទហ្នឹងគឺមានតែប៉ុណ្ណឹងទេ ខ្ញុំមិនដឹងយកទៅពន្យល់ដោយរបៀបណានោះទេ ពីព្រោះបំណងរបស់គេចង់ចោទមកលើយើងហើយត្រូវតែអីច្ចឹង”៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង