Cct850x100 1

អ្នកវិនិយោគទុនចាប់អារម្មណ៍សក្ដានុពលខេត្តកែប ខណៈមានភ្ញៀវទេសចរណ៍កំពុងកើនឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបភាពតំណាង 

កែប៖ចាប់ពីខែមិថុនាឡើងទៅ វិស័យទេសចរណ៍ ហាក់ដូចជាបានចាប់ផ្ដើមហក់លោតមកវិញ បន្ទាប់ថយចុះត្រឹមនៅពាក់កណ្ដាលឆមាសនៃឆ្នាំ២០២០ ហើយភ្ញៀវទេសចរក៏ចាប់ផ្ដើមមកទស្សនាកំសាន្តនៅតំបន់ទេសចរណ៍មួយនេះ កាន់តែកើនឡើងៗ ហើយភ្ញៀវទេសចរណ៍មួយចំនួនធំ ក៏បានឃើញពីសក្ដានុពលតំបន់ជិតសមុទ្រ ជាពិសេសជនជាតិចិន ក្នុងគោលបំណងចង់ធ្វើការវិនិយោគទុននៃខេត្តកែបនេះ។


យោងតាមការរៀបរាប់របស់លោក សោម ចិន្តា ជាប្រធានមន្ទីរទេសចរណ៍ខេត្តកែប ប្រាប់ថា តាមរយៈការពង្រីករចនាសម្ព័ន្ធ និងការកែលម្អនៃខេត្តកែប បានធ្វើឱ្យខេត្តនេះក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរដែលផ្ដោតច្រើនទៅលើផ្នែកអេកូទេសចរណ៍មានសក្ដានុពលផ្នែកធនធានធម្មជាតិមួយកន្លែងផងដែរ និងចូលរួមលើកស្ទួយផ្នែកវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលមានដាំដំណាំកសិ-ទេសចរណ៍។


ប្រធានមន្ទីរទេសចរណ៍ខេត្តកែបរូបនេះ ក៏បានបន្តថា លោក រំពឹងថានៅខេត្តកែបនេះ នឹងមានភ្ញៀវមកកំសាន្ត នៅពេលបន្តកើនឡើងនូវភ្ញៀវទេសចរណ៍ទៀត បន្ទាប់ពីប៉ុន្មានខែចុងក្រោយនេះនៃឆ្នាំ២០២០។ នេះបើយោងតាមការចុះបញ្ជីស្ទង់មតិរបស់ក្រសួងទេសចរណ៍ក្នុងថ្ងៃចូលឆ្នាំខ្មែរសង កាលថ្ងៃទី ១៧-២១ ខែសីហាកន្លងទៅ មានភ្ញៀវទេសចរច្រើនដែលស្ថិតក្នុងលេខរៀងលេខ៣ បន្ទាប់ពីខេត្តសៀមរាប និងខេត្តព្រះសីហនុ បានមកកំសាន្តនៅខេត្តកែបនេះ។ គាត់បានយល់ឃើញថា ខេត្តកែបជាតំបន់សមុទ្រដែលសម្បូរទៅដោយអាហារគ្រឿងសមុទ្រ សុទ្ធតែអាហារគោលដៅរបស់ភ្ញៀវទេសចរណ៍ ហើយខេត្តកែបក៏កំពុងតែមានសក្ដានុពលខ្លាំងផងដែរ ចំពោះភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន។


ជាក់ស្ដែងក្នុងអំឡុងពេលខេត្តកែប បានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធី «បុណ្យសមុទ្រជុំទី១ឆ្នាំ២០១៣» ហើយនៅមួយឆ្នាំមុននឹងរៀបចំក្នុងឆ្នាំ២០១២ មានភ្ញៀវចូលរួមទស្សនាត្រឹមតែ ៦០-៧០ម៉ឺននាក់តែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាដើម្បីអភិវឌ្ឍការសាងសង់ផ្សេងៗ ជាពិសេសគឺ ផ្លូវថ្នល់ ជាមធ្យោបាយក្នុងការដឹកជញ្ជូន និងងាយស្រួលឱ្យភ្ញៀវទេសចរធ្វើដំណើរ ហើយមកដល់ឆ្នាំ ២០១៩ ទទួលបានភ្ញៀវទេសចរណ៍មកចូលរួមប្រមាណ ១,៧៤០,០០០នាក់ (១លាន ៧៤ម៉ឺននាក់)។


លោក សោម ចិន្ដា បញ្ជាក់ថា បើនិយាយចំពោះអ្នកវិនិយោគទុនធ្វើអាជីវកម្មនៅខេត្តនេះវិញ គឺប្រាកដជាល្អសម្រាប់អ្នកវិនិយោគទុនទាំងអស់នោះ។ ខេត្តកែប តែងតែស្វាគមន៍វិនិយោគិនដែលមានបំណងចង់ធ្វើអាជីវកម្មនៅខេត្តកែបនេះ ហើយក៏បានឃើញថាជនជាតិចិនជាដើម ដែលចូលចិត្តតំបន់មាត់សមុទ្រ វាងាយស្រួលដល់អាជីវកម្មផ្សេងៗ ហើយក៏មានការសម្របសម្រួលជាមួយនឹងថ្នាក់ដឹកនាំខេត្តកែបផ្ទាល់។ ថ្នាក់ដឹកនាំខេត្ត សព្វថ្ងៃនេះ មិនមានការហាមឃាត់ការធ្វើវិនិយោគទុនឡើយ ព្រោះជាតំបន់ទេសចរណ៍ វាត្រូវមានបោះទុនអភិវឌ្ឍន៍តំបន់រួមជាមួយនឹងសេវាកម្មនៃវិស័យទេសចរណ៍ ដោយពង្រីក កែលម្អសោភណ្ឌភាពទីក្រុង និងបរិយាកាសផ្សេងៗនៅក្នុងខេត្តទាំងមូល។


លក្ខណៈពិសេសនៃខេត្តកែបគឺ ទីមួយ ជាតំបន់គោលដៅទេសចរណ៍មួយនៃខេត្តរបស់ខ្លួន គឺឧទ្យានជាតិកែបដែលស្ថិតនៅកណ្ដាលទីក្រុងនៃខេត្តតែម្ដង ជាទីតាំងភូមិសាស្រ្តដែលល្អសាកសមមែនទែនតួយ៉ាងស្ថិតនៅជិតកន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ កន្លែងដើរកំសាន្តដូចជាឆ្នេរសមុទ្រជាដើម ហើយអាចមើលឃើញទេសភាពជុំវិញខេត្តកែបទាំងមូលដូចជា ឆ្នេរសមុទ្រ កោះ។ល។ តាមពិតទៅ ខេត្តដទៃទៀតក៏មានឧទ្យានដូចគ្នាដែរ ប៉ុន្តែអត់នៅត្រង់កណ្ដាលទីក្រុងឡើយ អាចជានៅតាមជាយៗក្រុងវិញ។ ទីពីរ គឺឆ្នេរសមុទ្រក្នុងខេត្តកែបមានប្រវែង ២៦.៥គីឡូម៉ែត ដែលមានពីរប្រភេទគឺឆ្នេរធម្មជាតិ និងឆ្នេរកែច្នៃ ហើយបែងចែកតាមផ្នែកឆ្នេរនៅតាមដីគោក និងឆ្នេរនៅតាមកោះ។


សម្រាប់លក្ខណៈពិសេសទីបី គឺកោះចំនួន ១៣ក្នុងខេត្តកែប ជាពិសេសកោះទន្សាយជាដើមត្រូវបានពិភពលោកទទួលស្គាល់បានច្រើន វាមានភាពទាក់ទាញមែនទែននៃតំបន់មាត់សមុទ្រនៅខេត្តកែប ជាគោលដៅរបស់ភ្ញៀវមកទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកំសាន្តខានមិនបាន ហើយក៏មានតំបន់ឆ្នេរស្អាតៗ និងគួរឱ្យទាក់ទាញផ្សេងៗទៀតផងដែរ។ ទីបួន គឺតំបន់ព្រៃកោងកាង ស្រែអំបិលខេត្តកែប ហើយតំបន់ភ្នំវល្លិ៍ ពីដើមមកជាកន្លែងដែលទាក់ទាញក្នុងប្រវត្តិសាស្រ្តខ្មែរក្រហម ជាមជ្ឈមណ្ឌល ជាជម្រកដ៏ធំបំផុតរបស់ថ្នាក់ដឹកនាំខ្មែរក្រហម ហើយបច្ចុប្បន្នបានក្លាយជាតំបន់ទាក់ទាញអេកូទេសចរណ៍ដាំដំណាំកសិ-ទេសចរណ៍ ក៏ដូចជា កសិ-ឧស្សាហកម្ម ដូចជា ម្រេច អំបិល ... និងដំណាំហូបផ្លែ បន្លែផ្សេងៗ។ ក្រៅពីនោះ ក៏មានតំបន់ស្មៅសមុទ្រនៃខេត្តកែប ភ្ញៀវអាចជិះទូក មុជចូលក្នុងបាតសមុទ្រមើលផ្កាថ្ម ស្មៅសមុទ្រជាដើម ជាជីវចម្រុះធ្វើឱ្យគ្រឿងសមុទ្រ អាហារសមុទ្រមានរសជាតិឆ្ងាញ់ពីធម្មជាតិជាទីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍គ្រប់ៗរូប។


ក្នុងនាមជាប្រធានមន្ទីរទេសចរណ៍ខេត្តកែបមួយរូប លោក សោម ចិន្ដា ធ្វើការសំណូមពរទៅដល់ភ្ញៀវទេសចរនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកំសាន្តនៅតាមតំបន់ទេសចរណ៍នានាថា សូមឱ្យពួកគាត់ត្រូវយកចិត្តទុកដាក់ឱ្យមែនទែនទៅនឹងបញ្ហាសន្តិសុខផ្ទាល់ខ្លួន និងពង្រឹងការបង្ការពីជម្ងឺ និងគ្រោះថ្នាក់ផ្សេងៗ ដោយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការពារដោយបុគ្គលជាមុនសិន។ ជាពិសេស ចំណុចមួយទៀតដែលសំខាន់បន្ទាប់ទៀតគឺ បញ្ហាបរិស្ថាន ដោយមានការបោះចោលសំរាមពាសវាលពាសកាល អត់សណ្ដាប់ធ្នាប់ នេះក៏ជាបញ្ហាមួយដែលកើតឡើងមកពីអ្នកទិញ និងអ្នកលក់។ តួនាទីយើងម្នាក់ៗជាពលរដ្ឋក្នុងសង្គម គួរយកចិត្តទុកដាក់ថែរក្សាការពារ និងលើកតម្កើងតំបន់កំសាន្តក្នុងស្រុកយើង និងគួរស្វះស្វែងរកដំណោះស្រាយណាមួយដែលសមគួរ ដើម្បីចូលរួមជួយគ្នាក្នុងការបំពេញភារកិច្ចសន្តិសុខសង្គម និងផ្នែកបរិស្ថាន គឺផ្ដើមពីខ្លួនយើងម្នាក់ៗ។


Khcct banner

អត្ថបទទាក់ទង