Yearendyearend1140x150

អ្នកជំនាញទេសចរណ៍៖វិបត្តិភ្ញៀវទេសចរមកកម្ពុជាអាចអូសបន្លាយពី៦ខែទៅ១ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
លោកហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន។

ភ្នំពេញ៖អ្នកជំនាញផ្នែកទេសចរណ៍នៅកម្ពុជាបានព្យាករឱ្យដឹងថា បញ្ហាការធ្លាក់ចុះខ្លាំងនៃចំនួនភ្ញៀវទេសចរមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាអាចនឹងអូសបន្លាយពេលដល់ទៅពី៦ខែ ទៅ១ឆ្នាំឯណោះ។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបង្ហាញការព្រួយបារម្ភជាខ្លាំងពីការធ្លាក់ចុះភ្ញៀវបរទេសយ៉ាងគំហុកនៅក្នុងខែកុម្ភៈនេះ។

លោកហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជនក៏បានសម្តែងនូវការព្រួយយ៉ាងខ្លាំងដែរពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជានេះ។ យ៉ាងណាក៏ដោយ លោកមិនទាន់អាចវាយតម្លៃបាននៅឡើយទេថា ការធ្លាក់ចុះភ្ញៀវទេសចរខ្លាំងនេះនឹងធ្វើឱ្យកម្ពុជាខាតបង់ចំណូលចំនួនប៉ុន្មាននោះ។ ប៉ុន្តែលោកបានព្យាករទុកជាមុនថា បញ្ហាធ្លាក់ចុះភ្ញៀវទេសចរបរទេសនេះអាចអូសបន្លាយទៅមុខពី៦ខែ ទៅ១ឆ្នាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសដែលមកលេងកម្សន្តនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០% ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់៩០%។ ការធ្លាក់ចុះ គឺបណ្តាលមកពីបញ្ហាភ័យខ្លាចនៃមេរោគឆ្លងកូរ៉ូណាដែលកំពុងគំរាមគំហែងដល់វិស័យទេសចរណ៍នៅក្នុងតំបន់ និង ប្រទេសកម្ពុជា។

ប្រឈមមុខនឹងបញ្ហានេះ សម្តេចហ៊ុន សែន បានដាក់ចេញនូវវិធានការចាំបាច់ចំនួន៧ចំណុចដែលរួមមានដូចជា លើកលែងការបង់ពន្ធរបស់សណ្ឋាគារ និង ផ្ទះសំណាក់នៅក្នុងខេត្តសៀមរាបសម្រាប់រយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០ ។ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២០ ចំពោះសហគ្រាសក្នុងវិស័យ សណ្ឋាគារ និង ផ្ទះសំណាក់ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ២០២០ ទាំងចំណាយចរន្ត និង ចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជ- រដ្ឋាភិបាល និង ចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយតាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និង កម្មវិធីផ្សេងៗទៀត។

ជាមួយគ្នានេះ គឺបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ជាពិសេស ជា- មួយប្រទេសជិតខាង ពិសេសតាមរយៈ រថយន្តក្រុង ឬ រថយន្តផ្ទាល់-ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធ-ភាព នូវបញ្ហាប្រឈមនានាដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និង បញ្ហាពាក់ព័ន្ធដទៃទៀត។ ក្រសួងទេសចរណ៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន (២០២០), ពិធីបុណ្យប្រពៃណី-សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្ត្រី ការបញ្ចាំងភាពយន្ត និង ការបង្ហាញម៉ូដសំលៀកបំពាក់ ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។

បន្ថែមលើនេះ គឺរក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ ថ្ងៃអាចចូលមើលបាន ២ ថ្ងៃ សំបុត្រសម្រាប់ ៣ ថ្ងៃ អាចចូលមើលបាន ៥ ថ្ងៃ និង សំបុត្រសម្រាប់ ៧ ថ្ងៃ អាចចូលមើលបាន ១០ ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យ ស្នាក់នៅបន្ថែម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍តាមរយៈការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬ ការបង្កើនចំណេះដឹងបន្ថែម (Upskilling) និង ការផ្តល់នូវប្រាក់ខែសមរម្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង