Yearendyearend1140x150

សម្តេចហ៊ុន សែន ព្រមានដកមន្រ្តីណាដែលចង់ធ្វើជាចៅហ្វាយនាយរបស់ពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ បានក្រើនរំលឹក និងព្រមានដល់មន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវតែខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋ ។ សម្តេចបានគូសបញ្ជាក់ថា កុំធ្វើជាមន្រ្តីដែលនៅកាន់តំណែងប្រជាពលរដ្ឋស្អប់ តែពេលផ្លាស់ចេញបែរជាប្រជាពលរដ្ឋមានការសប្បាយចិត្តខ្លាំងទៅវិញ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់នៅព្រឹកនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានសង្កត់ធ្ងន់ៗម្តងហើយម្តងទៀតថា មន្រ្តីទាំងអស់ គឺជាខ្ញុំកញ្ចះបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ សម្រាប់សម្តេចតេជោនាយករដ្ឋមន្រ្តី មន្រ្តីទាំងអស់ត្រូវខិតខំបំពេញការងាររបស់ខ្លូនតាមមុខតំណែងនីមួយៗ បើពុំដូច្នេះទេ សម្តេចនឹងដកចេញពីតំណែង តាមអភិក្រមទី៥ គឺវះកាត់សាច់ស្អុយចោល។

មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏ប្រាប់ឱ្យមន្រ្តីក្រោមឱវាទទាំងអស់ឱ្យធ្វើជាមន្រ្តីជើង២ កុំធ្វើជាមន្រ្តីជើង១០។ បើតាមសម្តេចហ៊ុន សែន មន្រ្តីជើង១០ គឺមានន័យថា មន្រ្តីជើង២ តុជើង៤ និង កៅអីជើង៤ ស្មើនឹងមានជើង១០ ពោល គឺសំដៅទៅលើមន្រ្តីដែលអង្គុយតែនៅក្នុងការិយាល័យជាមួយនឹងម៉ាស៊ីនត្រជាក់។ ចំណែក មន្រ្តីជើង២វិញ គឺសំដៅលើមន្រ្តីដែលខិតខំធ្វើការងារ ចុះទៅមូលដ្ឋានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាក់ស្តែង។

គួរបញ្ជាក់ឱ្យដឹងថា ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីនាពេលនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈសម្តេចបានបង្ហើបឱ្យដឹងពីបំណងចង់រុះរើសមាសភាពគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។ បំណងនេះ គឺដើម្បីជំរុញប្រសិទ្ធភាពការងារបន្ថែមទៀត ក្រោយពីសម្តេចមើលឃើញថា រដ្ឋមន្រ្តីនៅក្រសួងខ្លះអសកម្មនឹងការងារ និង មានភាពស្ពឹកស្រពន់នឹងការងារជាដើម៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង