Cct850x100 1

សម្តេចហ៊ុន សែន ទាមទារឱ្យម៉ាឡេស៊ី ទទួលខុសត្រូវលើកិត្តិយសរបស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះបានប្រតិកម្មខ្លាំងៗទៅក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីចំពោះការរកឃើញថា ភ្ញៀវទេសចរជនជាតិអាមេរិកម្នាក់ត្រូវបានរកឃើញថាឆ្លងមេរោគកូរ៉ូណា(COVID-19) និង ក្រោយមកទៀតបានប្រកាសថា រកមិនឃើញមេរោគកូរ៉ូណានេះទៅវិញ។

នៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយនៅវិមានសន្តិភាព មុនដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៤ ខែកុម្ភៈនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា បើទោះបីមជ្ឈដ្ឋានខ្លះមើលឃើញធម្មតាចំពោះបញ្ហាមេរោគកូរ៉ូណាដែលរកឃើញដោយម៉ាឡេស៊ីក៏ដោយ ប៉ុន្តែរឿងនេះ មិនមែនជារឿងធម្មតានោះទេសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ ហេតុដូច្នេះហើយ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា ម៉ាឡេស៊ីត្រូវតែទទួលខុសត្រូវចំពោះកិត្តិយសរបស់កម្ពុជា និងវិបត្តិមនុស្សធម៌ចំពោះនាវាទេសចរណ៍Westerdam។ ជាមួយនឹងការលើកឡើងដូចនេះ សម្តេចហ៊ុន សែន ក៏បានប្រាប់ឱ្យលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកោះហៅទូតម៉ាឡេស៊ីប្រចាំនៅភ្នំពេញមកជួប ដើម្បីពិភាក្សាពីបញ្ហានេះផងដែរ។

គួរបញ្ជាក់ថា បញ្ហាចម្រូងចម្រាសរវាងកម្ពុជា និងម៉ាឡេស៊ីអំពីបញ្ហាមេរោគឆ្លងកូរ៉ូណានេះ បានកើតឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា បានរកភ្ញៀវទេសចរលើនាវាWesterdam ជាជនជាតិអាមេរិកម្នាក់បានឆ្លងមេរោគកូរ៉ូណាក្រោយពីចាកចេញពីប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលកម្ពុជាបានទាមទារឱ្យម៉ាឡេស៊ីពិនិត្យឡើងវិញ។ ក្រោយមកប៉ុន្មានថ្ងៃ ឧបនាយករដ្ឋមន្រ្តីស្រីម៉ាឡេស៊ីក៏បានចេញមកប្រកាសថា ជនជាតិអាមេរិករូបនោះ រកឃើញអវិជ្ជមាននៃមេរោគកូរ៉ូណា។

ចំពោះបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់រំលឹកឡើងវិញថា បើសិនជាសម្តេចជានាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី សម្តេចនឹងដកឧបនាយករដ្ឋមន្រ្តីស្រីនេះចេញពីដំណែងតែម្តង ដោយសារតែទង្វើខ្វះការទទួលខុសត្រូវដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជានេះ៕ 

ពាក្យទាក់ទង: កម្ពុជា ម៉ាឡេស៊ី
Khcct banner

អត្ថបទទាក់ទង