Yearendyearend1140x150

សហជីពឯកភាពយកតួលេខ១២,៣៥ដុល្លារ ដើម្បីចរចាជាមួយនិយោជកថ្ងៃស្អែក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ការចរចាកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករ និយោជិត នាឆ្នាំ២០២១នឹងចាប់ផ្តើមនៅថ្ងៃទី ៩ និងទី១០ កញ្ញានេះ។កាលថ្ងៃទី០៧ ខែកញ្ញា ខាងភាគីសហជីព បានយកតួលេខ១២,៣៥ដុល្លារ ដើម្បីដាក់ចរចាជាមួយភាគី និយោជកនិង រដ្ឋាភិបាល។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា ខាងភាគីសហជីព បានយកតួលេខ១២,៣៥ដុល្លារ ដើម្បីដាក់ចរចាជាមួយភាគី និយោជកនិង រដ្ឋាភិបាលនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ។ ជាការចរចាកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករ និយោជិត នាឆ្នាំ២០២១។

លោកពន្យល់ថា ការស្នើសុំដំឡើងប្រាក់ឈ្នួលនេះគឺដោយសារតែវិបត្តិកូវីដ១៩ ដែលបានជះឥទ្ធិពលដល់គ្រប់វិស័យ ជាពិសេសគឺប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្មករយ៉ាងខ្លាំង។ មួយវិញទៀត ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកន្លងមកគឺមិនមែនជាប្រាក់ឈ្នួលដែលធានាការរស់នៅសមរម្យរបស់កម្មករទេ គឺទាបជាងកម្រិតរស់នៅសមរម្យ។

លោក អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលត្រឹមថ្ងៃទី៩-១០ ខែកញ្ញា មុនបុណ្យភ្ជុំបិណ្ឌខាងមុខ។ការកំណត់នេះ គឺដើម្បីឲ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាកនាឱកាសខាងមុខនោះ។

តែយ៉ាងណាលោក អាត់ ធន់ បានបញ្ជាក់ថា ថ្ងៃចរចាកំណត់ប្រាក់ឈ្នួលកម្មករនៅថ្ងៃស្អែកនេះ គឺជាពេលវេលាមួយដែលតានតឹងបំផុត ដើម្បីពិភាក្សា វែកញែកយ៉ាងយកចិត្តទុកដាក់បំផុតទៅលើការស្នើសុំប្រាក់ឈ្នួលរបស់កម្មករ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង