Yearendyearend1140x150
Img 0571

កម្ពុជាមិនទាន់គិតគូរ«ធ្វើកំណត់ទូត»ទៅវៀតណាមអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ យោធាការពារព្រំដែនវៀតណាម ក្នុងខេត្តអានយ៉ាង កំពុងសាងសង់តង់ថ្មីដែលរឹងមាំជាងមុន ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ជាតំបន់មិនទាន់មានការឯកភាពនៅឡើយ។ប៉ុន្តែសកម្មភាពរបស់វៀតណាមនេះ ក្រសួងការបរទេសមិនទាន់មានការពិភាក្សាជាមួយទូតវៀតណាម និងធ្វើកំណត់ទូតតវ៉ាទៅវៀតណាមនៅឡើយទេដោយរង់ចាំរបាយការណ៍លំអិតពីភាគីពាក់ព័ន្ធ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៣១ ខែសីហានេះថា ក្រសួងការបរទេសកម្ពុជាមិនទាន់បានគិតគូរពីការកំណត់ទូតតវ៉ាទៅវៀតណាម ចំពោះការសាងសង់សំណង់របស់វៀតណាមលើទឹកដីដែលពុំទាន់បានឯកភាពគ្នានោះឡើយ។

បើតាមលោក កុយ គួង ការមិនទាន់គិតគូរធ្វើកំណត់តវ៉ាទៅវៀណាមដោយសារតែខាងក្រសួងគឺត្រូវរងចាំព័ត៌មានជាផ្លូវការ ពីគណៈកម្មាធិការព្រំដែនខេត្តកណ្តាលឱ្យបានច្បាស់លាស់ស្តីពី សំណង់រឹងនៅក្នុងដីដែលឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៣ ឧសភា កន្លងទៅបានធ្វើកំណត់ទូតតវ៉ាម្តងរួចមកហើយ ជុំវិញការបោះតង់របស់វៀតណាមចំនួន៣១កន្លែង នៅលើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ឈមនឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាមនេះ។ ជាការឆ្លើយតប ក្រសួងការបរទេសវៀតណាមបានអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយថា ការបោះតង់ទាំងនោះ នឹងមិនប៉ះពាល់ដល់ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរនេះទេ។

ប៉ុន្តែនៅថ្ងៃ ២៦ សីហា ឆ្នាំ២០២០ យោធាការពារព្រំដែនវៀតណាម ក្នុងខេត្តអានយ៉ាង បានរុះរើតង់ចាស់ដោយផ្ទាល់ផ្លាស់ប្ដូរសាងសង់តង់ថ្មីជាជម្រករឹងមាំជាងមុន ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ជាតំបន់មិនទាន់មានការឯកភាពនៅឡើយ។សកម្មភាពនេះ ធ្វើឱ្យលើសំណុំរឿងព្រំដែនកម្ពុជា-វៀតណាមបានឡើងកម្តៅឡើងវិញក្នុងសង្គមកម្ពុជា។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណត់ទូតទៅកាន់រដ្ឋាភិបាលវៀតណាម ហើយបើមិនជោគជ័យទេ កម្ពុជាត្រូវបន្តស្នើសុំម្តងទៀតឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់នេះ។ ក៏ប៉ុន្តែ បើទាហានវៀតណាមនៅតែបន្តធ្វើ ជម្រើសចុងក្រោយ គឺកម្ពុជាអាចសាងសង់សំណង់រឹងមាំលើទឹកដីរបស់ខ្លួន តែត្រូវដាក់ឱ្យនៅទល់នឹងមុខនឹងសំណង់រឹងមាំរបស់ទាហានវៀតណាមដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង