Yearendyearend1140x150
Img 0571

អត្រាអ្នកបរិច្ចាគឈាមធ្លាក់ចុះជិត៥០%នៅរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពយុវជនផ្តល់ឈាម

ភ្នំពេញ៖នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០ អត្រាអ្នកបរិច្ចាគឈាមមានការធ្លាក់ចុះជិត៥០%បើធៀបទៅនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ដល់គ្រប់វិស័យរួមទាំងវិស័យសុខាភិបាលផងដែរ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា នៅរយៈពេល៦ខែដំបូង នៃឆ្នាំ២០២០ អត្រាអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមបានធ្លាក់ចុះរហូតដល់ជិត៥០%នៃចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនៅឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការធ្លាក់ចុះនេះគឺបណ្តាលមកពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាមូលហេតុចម្បងដែលបានបង្អាក់ដល់គ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ។ មូលហេតុនេះ គឺកំឡុងពេលមានការរីករាលដាលនៃជំងឺនេះ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមានការព្រួយបារម្ភពីសុវត្តិភាពនៃការថែរក្សាសុខភាពរៀងៗខ្លួន ហើយត្រូវរក្សាគម្លាត និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយក៏លោកនឹងខិតខំធ្វើយុទ្ធនាការនៅចុងឆ្នាំ២០២០នេះ ដើម្បីស្តារឡើងវិញនូវលទ្ធភាពនៃការប្រមូលឈាមឱ្យកើនឡើងវិញផងដែរ។

លោកវេជ្ជបណ្ឌិតបន្តថា ឈាមគឺមិនអាចមានរោងចក្រផលិតបានទេ ដូចនេះលោកបានអំពាវនាវឱ្យប្រជាជនខ្មែរទាំងអស់ជួយគ្នាផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតគ្នាទៅវិញទៅមក ក៏ដូចជាធ្វើឱ្យអត្រាអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តមានការកើនឡើងវិញដែរ។

គួរបញ្ជាក់ថា អត្រាអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តនៅឆ្នាំ២០១៩ មានចំនួន២៣% ស្មើនឹង១២០០នាក់ ហើយនៅឆ្នាំ២០២០ អត្រាអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តធ្លាក់មកត្រឹម១០%ប៉ណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ការផ្តល់ឈាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង