Yearendyearend1140x150

ទូតទីម័រខាងកើត៖ថ្ងៃអនាគត«ក្រុងព្រះសីហនុ»នឹងក្លាយទៅជាទីក្រុងស៊ីវីល័យដូចហុងកុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ឯកឧត្តម អើមុីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៦ សីហានេះ បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។នៅក្នុងជំនួបពិភាក្សានោះ ទូតទីម័រខាងកើត បានមើលឃើញពីការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ហើយលោកបានព្យាករណ៍ថា ថ្ងៃអនាគត«ក្រុងព្រះសីហនុ»នឹងក្លាយទៅជាទីក្រុងស៊ីវីល័យដូចហុងកុង។

ឯកអគ្គរដ្ឋទូត ទីម័រខាងកើត ក៏បានលើកឡើងថា ទន្ទឹមនឹងការរីកចំរើនរបស់ខេត្តព្រះសីហនុ ក៏មានបរទេសមួយចំនួនមិនសប្បាយចិត្ត និងបានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលចិនបានយកខេត្តព្រះសីហនុធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលការលើកឡើងទាំងនេះមិនមែនជាការពិតនោះឡើយ ព្រោះឯកឧត្តមបានមកធ្វើទស្សនកិច្ច និងបានចុះទៅពិនិត្យដោយផ្ទាល់។ 

ឯកឧត្តមអគ្គរដ្ឋទូត ក៏បានសំដែងការអរគុណចំពោះឥណ្ឌូចិន ដែលមានប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសចិន ដែលបានគាំទ្រឱ្យទីម័រខាងកើតផ្ដាច់ខ្លួន និងទាមទារបានឯករាជ្យដោយខ្លួនឯង ហើយប្រជាជនទីម័រខាងកើតមានមោទនភាពជាខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំជោគជ័យមួយរូប ក្នុងការបង្រួបបង្រួមជាតិ ក្រោយពីប្រទេសកម្ពុជាមានវិបត្តិជាង ៣០ឆ្នាំ ហើយសម្ដេចបានបង្រួបបង្រួមផ្សះផ្សារជាតិរហូតធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនរហូតដល់បច្ចុប្បន្ន។ 

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍។ល។ ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។ 

បើតាមឯកឧត្តម គួច ចំរើន ទាំងអស់នេះហើយដែលធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាពឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនោះខេត្តក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកំសាន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង