Yearendyearend1140x150

កម្ពុជាកំពុងធ្វើការជាមួយវៀតណាម និងថៃ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រជុំលើកទី១របស់ក្រុមការងារចំពោះកិច្ច ដើម្បី ដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ។កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលផែនការសកម្មភាពទាំង៧៨ ដែលរៀបចំឡើងដោយក្រុមការងារ ចំពោះកិច្ច និងដើម្បីប្រមូលធាតុចូលបន្ថែមសំដៅឱ្យផែនការសកម្មភាពនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងបម្រើឱ្យឧត្ដមប្រយោជន៍រួម។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់ វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី ក្រសួងបាន និងកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារស្ទឹងបត់-បានណងអៀនបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានធ្វើការជាមួយភាគីវៀតណាមដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបៃផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជាឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុម ការងារចំពោះកិច្ច និងភាគីពាក់ព័ន្ធដែលបានសហការល្អរៀបរៀងផែនការសកម្មភាពនេះឡើង និងបានណែនាំឱ្យក្រុមការងារចំពោះកិច្ចយកធាតុចូលទាំងឡាយដែលបានមកពីកិច្ចប្រជុំនេះទៅធ្វើការកែសម្រួល ផែនការសកម្មភាពឱ្យកាន់តែប្រសើរឡើង និងរៀបចំផែនការសកម្មភាពទៅតាមកញ្ចប់សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង ជាពិសេសកញ្ចប់ផែនការសកម្មភាពបន្ទាន់ដែលត្រូវអនុវត្តនៅចុងឆ្នាំនេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារចំពោះកិច្ចរៀបចំកិច្ចប្រជុំលើកទី២របស់ខ្លួន ដើម្បីពិនិត្យមើលផែនការសកម្មភាពទាំងនេះឱ្យបានល្អិតល្អន់មុននឹងដាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង