Yearendyearend1140x150

ក្រសួងមហាផ្ទៃ នឹងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការចុះបញ្ជីមរណភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(រូបភាព ក្រសួងមហាផ្ទៃ) 

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន នៅផ្នែកទី០៦ ស្ដីពី ការចុះបញ្ជីមរណភាព និងមាត្រាទី៤៥ ស្ដីពីការចុះបញ្ជីមរណភាពជាកាតព្វកិច្ច។ នេះបើតាមក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ សីហា ឆ្នាំ២០២០។

រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរៀបចំកិច្ចប្រជុំ លើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្ម លើការចុះបញ្ជីមរណភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន១២ជំពូក និង១៦៩មាត្រា។

លោកជំទាវបន្ថែមថា សេចក្ដីព្រាងច្បាប់នេះ គឺមានគោលបំណង ក្នុងការធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច និងជាអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍ ។ បន្ថែមពីនេះ គឺធានាថា ការចុះបញ្ជីស្នាក់នៅ និងធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។

ទន្ទឹមនឹងនេះ គឺធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។

បើតាមលោកជំទាវ ចាន់ សុទ្ធាវី បន្ថែមទៀតថា ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស។

សូមជម្រាបជូនថា កិច្ចប្រជុំនាពេលព្រឹកនេះ គឺជាកិច្ចប្រជុំលើកទី១៣ ដែលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង