Yearendyearend1140x150

ក្រុមយុវនិស្សិតDMCបានបើកកម្មវិធីពិព័រណ៍រូបថតរបស់ខ្លួនក្នុងគោលបំណងឆ្លុះបញ្ចាំងពីតថភាពសង្គម

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
កម្មវិធីពិព័រណ៍រូបថត DMC Photo Festival (រូបភាពដោយ៖ DMC Photo Festival)
ការសម្ភោធកម្មវិធីពិព័រណ៍រូបថតនៃDMC Photo Festival (រូបភាពដោយ៖ DMC Photo Festival)

ភ្នំពេញ៖ កម្មវិធីពិព័រណ៍រូបថតមួយឈ្មោះថា DMC Photo Festival ដែលបានធ្វើការផ្សាយផ្ទាល់ជាសាធារណៈតាមប្រព័ន្ធឌីជីថល ជាស្នាដៃរបស់ផលិតករទាំងអស់ចំនួន ៤២រូប ជាក្រុមយុវនិស្សិតជំនាន់ទី១៨ កំពុងសិក្សានៅឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ នេះបើយោងទៅតាមកិច្ចសម្ភាសន៍រវាងក្រុមយុវនិស្សិតនៃDMC បានប្រាប់ស៊ីស៊ីថាមស៍ ពីការធ្វើកម្មវិធីមួយនេះឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៅក្នុងសង្គមដែលកើតមានឡើងតាមរយៈរូបថតទាំងអស់នោះ។

ការសម្ភោធកម្មវិធីពិព័រណ៍រូបថតលើកដំបូងនៃដេប៉ាតឺម៉ង់មានឈ្មោះថា ក្រោយពីការពិត-Behind The Reality ជាស្នាដៃរបស់ក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៧ កាលពីឆ្នាំ ២០១៩កន្លងទៅ ហើយកម្មវិធីពិព័រណ៍រូបថតលើកទីពីរនេះមានឈ្មោះថា DMC Photo Festival ត្រូវបានផលិត និងរៀបចំឡើងដោយក្រុមនិស្សិតឆ្នាំទីពីរ ជំនាន់ទី១៨ ក្រោមការដឹកនាំរបស់លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនមុខវិជ្ជាថតរូបសារគមនាគមន៍នៃដេប៉ាតឺម៉ង់ DMC ដូចគ្នាផងដែរ។ មូលហេតុដែលតម្រូវឱ្យមានការធ្វើកម្មវិធីពិព័រណ៍រូបថតមួយនេះមិនអាចរៀបចំដាក់តាំងរូបថតទាំងអស់បង្ហាញនៅតាមបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឡើយ គឺដោយសារការគោរពតាមគោលការណ៍ក្រសួងសុខាភិបាលកម្ពុជា និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបយុវនិស្សិតទាំងអស់ក៏បានសម្រេចចិត្តជាមួយនឹងគណៈគ្រប់គ្រងដេប៉ាតឺម៉ង់ DMC ប្ដូរពីមកជាការរៀបចំតាមប្រព័ន្ធឌីជីថលវិញ។

ពិព័រណ៍រូបថតដំបូង៖ ក្រោយពីការពិត-Behind The Reality (រូបភាពដោយ៖ ក្រោយពីការពិត-Behind The Reality)
រូបភាពដោយ៖ ក្រោយពីការពិត-Behind The Reality
រូបភាពដោយ៖ ក្រោយពីការពិត-Behind The Reality
សកម្មភាពអ្នកចូលរួមទស្សនាការពិរព័រណ៍រូបថតក្រោយពីការពិត-Behind The Reality នៅបរិវេណដេប៉ាតឺម៉ង់DMC កាលពីឆ្នាំ២០១៩
(រូបភាពដោយ៖ ក្រោយពីការពិត-Behind The Reality)

កម្មវិធីពិព័រណ៍រូបថត DMC Photo Festival នេះ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ តាមរយៈគេហទំព័រ www.dmcphotofest.com ទំព័រហ្វេសប៊ុក DMC Photo Festival និងទំព័រហ្វេសប៊ុករបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (https://www.facebook.com/DMC.CCI)។ នេះបានសេចក្ដីថា រូបថតចំនួន ២៥០សន្លឹកដែលត្រូវបានបង្កើតឡើងក្រោមប្រធានបទទាំងប្រាំបួនផ្សេងៗគ្នា បានដាក់តាំងបង្ហាញជាសាធារណបែបលក្ខណៈអនឡាញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដេញសង្គមតាមតំណភ្ជាប់ https://www.facebook.com/DmcPhotoFestival ឲ្យសាធារណជនអាចចូលទស្សនាបានហើយ។


គម្រោងស្នាដៃរបស់ក្រុមនិស្សិតទាំង ០៩ក្រុម ដែលបានតាំងពិព័រណ៍តាមរយៈគេហទំព័រ www.dmcphotofest.com

(រូបភាពដោយ៖ DMC Photo Festival)


រូបភាពដោយ៖ DMC Photo Festival

ក្នុងនាមជាគ្រូបង្ហាត់បង្រៀនមុខវិជ្ជាថតរូប លោក ផន ភារិទ្ធ និយាយថា ប្រធានបទនៃពិព័រណ៍រូបថតនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីស្នាដៃថតរូបរបស់ក្រុមសិស្សនិស្សិតឆ្នាំទី២ បន្ទាប់ពីពួកគេបានសិក្សាអំពីបច្ចេកទេសនៃថតរូប និងបានចេញអនុវត្តនូវទ្រឹស្ដីទាំងអស់នោះរយៈពេលមួយឆមាសរួចមក។ គ្រប់រូបថតដែលនឹងបង្ហាញនោះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យុវនិស្សិតទាំង៤២រូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។

ការពិភាក្សានៃគម្រោងថតរូបរវាងលោកគ្រូសាស្រ្តាចារ្យផ្នែកថតរូប និងក្រុមនិស្សិតៗ មុនពេលចុះថតរូបពេលពិព័រណ៍រូបថត 
(រូបភាពដោយ៖ DMC Photo Festival)

លោកគ្រូ ភារិទ្ធ បន្តថា «យើងប្រើរូបភាពជំនួសវីដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកទស្សនាពីសកម្មភាពដែលពួកគាត់ជួបប្រទះរាល់ថ្ងៃ។ បើទោះបីជា ស្នាដៃរបស់និស្សិតមិនសូវជាល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏ពួកគាត់បានព្យាយាមសម្រិតសម្រាំងឲ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថតដែលក្នុងប្រធានមួយចំនួន មានលក្ខណៈជាស៊េរីបណ្ដាក់ទៅតាមសាច់រឿងឲ្យអ្នកទស្សនាបានយល់។»

(រូបភាពដោយ៖ DMC Photo Festival)

លោក អ៊ុង ប៊ុនអុី ជាប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)ផ្ទាល់ លោកក៏បានប្រាប់បន្ថែមពីវត្ថុបំណងនៃកម្មវិធីពិព័រណ៍រូបថត DMC Photo Festival នេះថាសមិទ្ធិផលទាំងអស់នោះបានផ្សារភ្ជាប់ទ្រឹស្តីនៃមុខវិជ្ជាថតរូបសារព័ត៌មានទៅនឹងការអនុវត្តជាក់ស្តែងរបស់និស្សិត ក្នុងន័យលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើរបស់និស្សិតDMCផ្ទាល់។ ដេប៉ាតឺម៉ង់ក៏ចង់ជំរុញឲ្យនិស្សិតយកឱកាសនេះ សិក្សាស្រាវជ្រាវពីបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពនានាក្នុងសង្គមជាក់ស្ដែង ហើយយកមកឆ្លុះបញ្ចាំងតាមរយៈជំនាញដែលខ្លួនបានសិក្សា។


លោក ប៊ុនអុី បានបន្តទៀតថា «តាមរយៈការពិព័រណ៍រូបថតនេះ សាធារណជនក៏មានឱកាសបានដឹងឮ ក៏ដូចជាបានយល់ដឹងពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ព្រោះថាពួកគេក៏អាចជាផ្នែកមួយនៃរឿងរ៉ាវសង្គមទាំងនោះដែរ»។

កញ្ញា សុខ ស្រីលុច  (រូបភាពដោយ៖ កញ្ញា សុខ ស្រីលុច )

កញ្ញា សុខ ស្រីលុច ជានិស្សិតឆ្នាំទីពីរនៃដេប៉ាតឺម៉ង់ DMC និងជាផលិតករម្នាក់នៃកម្មវិធីតាំងពិព័រណ៌រូបថតនេះដែរ និយាយថា «ពួកយើងជាក្រុមនិស្សិតឆ្នាំទី២ នៃជំនាន់ទី១៨ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង បើទោះបីជាពេលខ្លះត្រូវចំណាយពេលវេលាច្រើន ឆ្លៀតពេលទំនេរពីការសិក្សា ត្រូវចុះថតផង រៀនផង រៀបចំប្លង់ថត ស្វែងរកតួអង្គម្នាក់ៗ ទំរាំតែបានទទួលព្រមព្រៀងជាមួយអ្នកចូលរួមសហការនៃគម្រោងថតរូប ត្រូវការភាពអត់ធ្មត់ ស្វះស្វែងតួអង្គនីមួយៗ ឱ្យត្រូវសាច់រឿង និងប្រធានបទផងដែរ ហើយជួនកាលទៀត ក្រុមនិស្សិតយើងខ្ញុំ ត្រូវចុះទូកកណ្ដាលទន្លេ ហាលខ្យល់ ហាលថ្ងៃ និងត្រូវចុះទៅទីតាំងឆ្ងាយៗដូចជាតាមខេត្តនានាក៏ដោយ ក៏យើងនៅទ្រាំដើម្បីបានរូបមួយសន្លឹកៗ សម្រាប់ដាក់តាំងពិព័រណ៍»។


ទោះបីជាការពិព័រណ៍នៅតាមបរិវេណសាលាត្រូវបានផ្អាក ដោយសារកូវីដ-១៩ កញ្ញា ស្រីលុច បានប្រាប់ស៊ីស៊ីថាមស៍ថា វាគឺជាការខិតខំប្រឹងប្រែងមួយក្នុងការចូលរួមដោះស្រាយបញ្ហា គឺរកវិធីធ្វើយ៉ាងណាដើម្បីឱ្យប្រិយមិត្តទស្សនិកជន មានឱកាសបានចូលរួមទស្សនាតាមរយៈអនឡាញវិញ។ ហើយទីបំផុត សាធារណជនក៏អាចទស្សនានូវរូបថតដែលដាក់ពិព័រណ៍បានទាំងអស់គ្នា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង នេះហើយជាអ្វីដែលក្រុមយុវនិស្សិតទាំងអស់គ្នារំពឹងទុក និងខិតខំព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការបន្តដំណើរការនៃកម្មវិធីនេះរហូតដល់ចប់ និងបានផ្សព្វផ្សាយទៅដល់សាធារណជនទូទៅបាន នេះក៏ជាភាពជោគជ័យមួយផ្នែក ដែលយើងបានធ្វើផងដែរ។

 កញ្ញា សួន ស្រីដែត (រូបភាពដោយ៖ កញ្ញា សួន ស្រីដែត)

ចំណែក កញ្ញា សួន ស្រីដែត ក៏ជានិស្សិតឆ្នាំទីពីរនៃដេប៉ាតឺម៉ង់ DMC ផងដែរ កញ្ញាប្រាប់ថា « ថ្វីត្បិតតែជាការពិព័រណ៍រូបថតនេះមានលក្ខណៈជាឌីជីថលទាំងស្រុងក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា ចំនួនតួលេខនៃការចូលរួមទស្សនាពីសាធារណជនទូទៅ ជាតួលេខមួយស្ថិតក្នុងកម្រិតឱ្យពួកយើង អាចទទួលយកបាន ដែលក្នុងនោះមានទាំងអ្នកចូលរួមទស្សនាជាជនជាតិបរទេសផងដែរ ហើយតាមរយៈតួលេខនេះ ក៏ពួកយើងសង្ឃឹមថា ពួកគាត់នឹងបន្តគាំទ្រ និងចូលរួមទស្សនាឱ្យបានច្រើនជាបន្តបន្ទាប់ទៅទៀត។ នេះសបញ្ជាក់ឱ្យឃើញថា អ្នកចូលរួមទាំងអស់នោះពិតជា ចង់ចេះ ចង់ដឹងច្រើនពីការចែករំលែកបទពិសោធន៍ល្អៗពីផលិតកររូបថតតាមប្រធានបទនីមួយៗ ក៏ដូចជាចង់ចូលរួមទស្សនាកិច្ចពិភាក្សា ការចែករំលែក របស់វាគ្មិននីមួយៗ ប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ផងដែរ »។


កញ្ញា ស្រីដែត បន្តថា កម្មវិធីមួយនេះ គឺធ្វើឡើងមិនមែនសម្រាប់ត្រឹមតែអ្នកនៅក្នុងវិស័យថតរូបនោះទេ គឺធ្វើឡើងសម្រាប់ទស្សនិកជនទូទៅ។ ហើយការណ៍ដែលធ្វើតាមប្រព័ន្ធឌីជីថលបែបនេះ ក៏វាផលប្រយោជន៍ច្រើន និងល្អគួរសមសម្រាប់ប្រជាជនទូទៅ គឺទីមួយ ពួកគាត់មិនចាំបាច់ចេញមកក្រៅជួបជុំគ្នាដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩, ទីពីរ ពួកគាត់អាចចុចចូលមើលរូបថតតាមវេបសាយស៍ និងវីដេអូផ្ទាល់តាមហ្វ៊េសប៊ុក បានគ្រប់ពេលវេលាគ្រប់ទីកន្លែង មិនថានៅផ្ទះ សាលារៀន ឬកន្លែងធ្វើការណាក៏ដោយ ម្យ៉ាងវិញទៀតក៏អាចជួយដល់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដេញសង្គម ជាពិសេសយុវជនជាធនធានមនុស្ស មានឱកាសអាចទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីអភិវឌ្ឍចំណេះ ជំនាញ ការយល់ដឹងពីសង្គមឱ្យបានស៊ីជម្រៅ វាអាចជួយដល់ខ្លួនឯង និងជួយដល់សង្គមច្រើន តាមរយៈការចូលរួមទស្សនានូវកម្មវិធីពិព័រណ៍មួយនេះ។



លោក នូ វិរៈ ជានិស្សិតឆ្នាំទីពីរនៃដេប៉ាតឺម៉ង់DMC បានប្រាប់ពីដំណើរការនៃកម្មវិធីពិព័រណ៍រូបថត DMC Photo Festival នេះថា ក្នុងន័យនេះ កម្មវីធីនេះបង្កើតក្នុងគោលបំណង ដើម្បីឱ្យយុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរ សាធារណជនទាំងអស់ដែលបានចូលរួមទស្សនានូវរូបថតដែលក្រុមយុវនិស្សិតបានសម្រិតសម្រាំងមកដាក់បង្ហាញតាមប្រព័ន្ធបណ្ដេញសង្គម ឱ្យពួកគាត់បានឃើញ យល់ដឹង ថាអ្វីទៅជាបញ្ហាដែលកំពុងកើតមាននៅក្នុងសង្គមជាក់ស្ដែង និងអាចរួមគ្នាដោះសា្រយបញ្ហា ហើយក៏ព្យាយាមថែរក្សាការពារ អភិរក្សនូវអ្វីដែលប្រទេសយើងមានទាំងអស់តាមលទ្ធភាព នឹងបញ្រ្ជាបនឹងចំណេះដឹងផ្សេងៗជាច្រើន ដែលជាសារមួយសម្រាប់ពួកគាត់តាមរយៈស្នាដៃរូបថត ក្នុងនោះមានដូចជា ជីវិតប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដែលរស់នៅលើទន្លេចតុមុខ, ឯកសណ្ឋានមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋខ្មែរ, របៀបធ្វើនំបញ្ចុកខ្មែរ, ការរស់នៅ និងការស្លៀកពាក់ពលរដ្ឋខ្មែរសម័យអាណានិគមបារាំង សម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន, ឥទ្ធិពល និងផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើអ្នកប្រើប្រាស់, ជីវិតកុមារៗរស់នៅកន្លែងខុសគ្នាមានស្ថានភាពជីវិតខុសគ្នា, បញ្ហាប្រភពនៃសំរាម, ដំណើរជីវិតប្រចាំថ្ងៃរបស់កុមារីម្នាក់ហាត់រៀនរបាំបុរាណខ្មែរ និងបញ្ហាជំងឺវិបត្តិផ្លូវចិត្ត ឬការបាក់ទឹកចិត្ត។

លោក នូ វិរៈ (រូបភាពដោយ៖ លោក នូ វិរៈ )

ក្នុងនាមជាផលិតករមួយរូប ហើយតំណាងឱ្យយុវនិស្សិតឆ្នាំទីពីរជំនាន់ទី១៨ ក៏តំណាងឱ្យអ្នកគ្រប់គ្រងកម្មវិធីពិព័រណ៍រូបថត DMC Photo Festival ផ្ទាល់ លោក នូ វិរៈ ប្រាប់ថា « ខ្ញុំបាទសុំថ្លែងអំណរគុណជូនទៅដល់ថ្នាក់គ្រប់គ្រងសាលាសាកលវិទ្យាល័យ(RUPP) ថ្នាក់ដឹកនាំដេប៉ាតឺម៉ង់ (DMC)ក្នុងការជួយជ្រោមជ្រែងកម្មវិធីពិព័រណ៍រូបនេះ ជាពិសេសលោកគ្រូ ផន ភារិទ្ធ (Miller) ដែលបានខិតខំដឹកនាំ បង្ហាត់បង្ហាញផ្លូវ បង្រៀនបច្ចេកទេសនៃការថតរូបទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ដល់យុវនិស្សិតទាំងអស់។ ហើយជាចុងក្រោយ សូមអរគុណដល់ក្រុមយុវនិស្សិតទាំង ៤២រូប ដើម្បីធ្វើឱ្យកម្មវិធីនេះចេញរូបរាងមក ហើយក៏សូមអរគុណទៅដល់វាគ្មិនអ្នកជំនាញជាច្រើនរូប ពិធីករពិធីការិនី និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលចំណាយពេលវេលាដ៏មានប្រយោជន៍របស់ពួកគាត់មកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាសាធារណជនទាំងអស់ដែលបានគាំទ្រកម្មវិធីរបស់ពួកយើង។ ហើយពួកយើងក៏មិនភ្លេចជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីរបស់ពួកយើង ដែលមានចិត្តជួយរួមចំណែកក្នុងការជួយសង្គម តាមរយៈវិស័យថតរូបផងដែរ»។

រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival

គួររំលឹកផងដែរថា រហូតដល់ពេលនេះ កម្មវិធីពិព័រណ៍រូបថត DMC Photo Festival បានដំណើរការអស់រយៈពេល ០២សប្ដាហ៍មកហើយ ក្នុងនោះមានទាំងការជួបពិភាក្សា សំណេះសំណាល ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍នានាជាច្រើន ជាមួយនឹងក្រុមនិស្សិតជាផលិតករនៃរូបថតដែលបានដាក់ពិព័រណ៍ក្នុងគេហទំព័រផ្លូវការ។ ការផ្សាយផ្ទាល់នៃកិច្ចសំណេះសំណាលជាមួយនឹងផលិតករតាមប្រធានបទនីមួយៗ និងក្រៅពីការទស្សនារូបថតទាំង២៥០សន្លឹកត្រូវបានដែលដាក់បង្ហាញក្នុងវេបសាយស៍ សាធារណជនក៏អាចតាមដានកម្មវិធីកិច្ចពិភាក្សារវាងវាគ្មិន និងទស្សនីយភាពផ្សេងទៀតរួមមានដូចជា ផ្នែកថតរូប ការអប់រំផ្លូវចិត្ត ការបង្ហាញក្បាច់របាំ និងចម្រៀងសិល្បៈរបស់ខ្មែរផងដែរ ដែលសុទ្ធតែជាប្រធានបទដែលយុវជនខ្មែរបច្ចុប្បន្នគួរទទួលបាន និងសិក្សាបន្ថែមទៀត។


នៅសល់បីសប្ដាហ៍ទៀត ក្រុមនិស្សិតនៃកម្មវិធី សង្ឃឹមថា នឹងមានអ្នកចូលទស្សនា និងចូលរួមគាំទ្របានទាំងអស់គ្នា ដើម្បីលើកទឹកចិត្តពួកគាត់ផងដែរ ហើយបន្ទាប់ពីរយៈពេលមួយខែពេញនេះរួច កម្មវិធី DMC Photo Festival ក៏នៅតែមានអ្វីសប្បាយៗ ប្លែកៗ នៅតែបន្តការផ្សាយផ្ទាល់ពីការជួបពិភាក្សារបស់ផលិតករតាមប្រធានបទនីមួយៗ ជាបន្តបន្ទាប់ទៀត។ បើសិនណារយៈពេលការពិព័រណ៍មួយខែនេះ ត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែគម្រោងស្នាដៃរបស់ក្រុមនិស្សិតទាំង ០៩ក្រុម ដែលបានតាំងពិព័រណ៍ក្នុងវេបសាយស៍ក៏ដូចជាការផ្សាយផ្ទាល់របស់គេហទំព័រនៃផេកហ្វេសប៊ុក DMC Photo Festival គឺនៅតែបន្តលើកទឹកចិត្តឱ្យបងប្អូន ទស្សនិកជន និងសាធារណជន បានចូលរួមទស្សនាជារៀងរហូតបាន។


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់យើង (DMC Photo Festival) (https://www.facebook.com/DmcPhotoFestival) ឬទំនាក់ទំនងជាមួយ កញ្ញា សួន ស្រីដែត តាមរយៈលេខទូរស័ព្ទ ០១៧ ៥៦៦ ៩២៦និងលោក ជា តារាពេជ្រ តាមរយៈលេខទូរស័ព្ទ ០៧០ ៩៩ ៣៩ ៦០។ 

រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
រូបភាពដោយ៖ DMC Photo Festival
យុវនិស្សិតទាំង ៤២រូប ជាផលិតករនៃរូបថតទាំង ០៩ ប្រធានបទ  (រូបភាពដោយ៖ DMC Photo Festival)



លោកគ្រូ ផន ភារិទ្ធ (Miller) , លោកគ្រូ អ៊ុង ប៊ុនអុី , កញ្ញា សួន ស្រីដែត (រូបភាពដោយ៖ DMC Photo Festival)
ពិធីករនៃពិព័រណ៍រូបថតDMC លោក រិន សុក្រិត្យ (រូបភាពដោយ៖ DMC Photo Festival)
ពិធីការិនីនៃពិព័រណ៍រូបថតDMC ខៀវ សានសាណា (រូបភាពដោយ៖ DMC Photo Festival)
ពិធីករនៃពិព័រណ៍រូបថតDMC លោក រៀម ចំរើន (រូបភាពដោយ៖ DMC Photo Festival)
ពិធីករនៃពិព័រណ៍រូបថតDMC លោក ទិត ច័ន្ទតារា (រូបភាពដោយ៖ DMC Photo Festival)
ពិធីការិនីនៃពិព័រណ៍រូបថតDMC កញ្ញា សំ ច័ន្ទម៉ាលីនី (រូបភាពដោយ៖ DMC Photo Festival)
ពិធីការិនីនៃពិព័រណ៍រូបថតDMC កញ្ញា ឈុំ ចាន់ដារ៉ា (រូបភាពដោយ៖ DMC Photo Festival)


វាគ្មិន Ms. Jessica Lim ក្នុងកិច្ចពិភាក្សាពិព័រណ៍រូបថតDMC ក្រោមប្រធានបទ “Woman In Photojournalism” 
(រូបភាពដោយ៖ DMC Photo Festival)
វាគ្មិន Ms. Jessica Lim និងលោកគ្រូ Miller (រូបភាពដោយ៖ DMC Photo Festival)
លោក Chhunny Noem - នឹម ឈុន្នី ជាសហស្ថាបនិក និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បណ្តុះបណ្តាលវិបស្សា ក្នុងកិច្ចពិភាក្សាពិព័រណ៍រូបថតDMC ក្រោមប្រធានបទ “ការអប់រំសុខភាពផ្លូវចិត្តតាមរយៈការសមាធិ”
រូបភាពដោយ៖ DMC Photo Festival
លោក Chhunny Noem - នឹម ឈុន្នី (រូបភាពដោយ៖ DMC Photo Festival)
លោក La Mo ជាអ្នកជំនាញលើការថតរូបបែបលម្អិត (macro) និង Travel Photography 
(រូបភាពដោយ៖ DMC Photo Festival)
លោកគ្រូ អ៊ុង ប៊ុនអុី និងលោក La Mo (រូបភាពដោយ៖ DMC Photo Festival)
លោក លន ហ្សាឌីណា ជាអ្នកថតរូបសារព័ត៌មានអាជីពនៅក្រុមហ៊ុន sabay Digital ដែលបានចំណាយពេលមកចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាពិព័រណ៍រូបថតDMC
(រូបភាពដោយ៖ DMC Photo Festival)
លោក លន ហ្សាឌីណា និងលោក ទិត ច័ន្ទតារា ក្នុងកិច្ចពិភាក្សា (រូបភាពដោយ៖ DMC Photo Festival)
លោក សួង ម៉ារឌី ជាទូតសុច្ឆន្ទៈក្រុមហ៊ុនSONY ដែលបានចំណាយពេលមកចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាពិព័រណ៍រូបថតDMC
(រូបភាពដោយ៖ DMC Photo Festival)
លោក សួង ម៉ារឌី និងលោក រៀម ចំរើន (រូបភាពដោយ៖ DMC Photo Festival)
លោក Jerry Thai  (រូបភាពដោយ៖ DMC Photo Festival)
លោក Jerry Thai ជាស្ថាបនិកនៃក្រុមហ៊ុន@homephotography ដែលបានចំណាយពេលមកចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាពិព័រណ៍រូបថតDMC (រូបភាពដោយ៖ DMC Photo Festival)
អ្នកស្រី វុធ ច័ន្ទម៉ូលី ដែលនឹងចូលរួមធ្វើជាវាគ្មិននៃពិព័រណ៍រូបថតDMC  (រូបភាពដោយ៖ DMC Photo Festival)
អ្នកស្រី វុធ ច័ន្ទម៉ូលី ជាគ្រូបង្រៀនផ្នែករបាំបុរាណនៅសាលាមធ្យមជាតិសិល្បះ (រូបភាពដោយ៖ DMC Photo Festival)
លោក ម៉ា ច័ន្ទបញ្ញា ជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងម្នាក់ ដែលនឹងចូលរួមសម្ដែង នៃពិព័រណ៍រូបថតDMC 
(រូបភាពដោយ៖ DMC Photo Festival)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង