Yearendyearend1140x150

រដ្ឋសភាគាំទ្រផែនទីចង្អុលផ្លូវដើម្បីស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានគាំទ្រចំពោះផែនទីចង្អុលផ្លូវ(Roadmap) ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចណ៍ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ (Post-COVID-19)។

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ក្នុងជំនួបកិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) និងក្រសួងទេសចរណ៍ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានគាំទ្រចំពោះផែនទីចង្អុលផ្លូវ Roadmap) ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចណ៍ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ (Post-COVID-19)។

គណៈកម្មការទី៧ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ថោង ខុន និងមន្ត្រីរាជការក្នុងគ្រាលំបាកនៃកូវីដ១៩ ដោយសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពជាច្រើនក្នុងវិស័យទេសចរណ៍នាពេលកន្លងមក ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ យុទ្ធសាស្ត និងផែនទីបង្ហាញផ្លូវដ៏ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញ។

គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានស្វែងយល់ពីបញ្ហាប្រឈមដែលក្រសួងទេសចរណ៍បាន និងកំពុងជួបប្រទះ ហើយបានផ្តល់អនុសាសន៍ជាធាតុចូលបន្ថែម និងផ្តល់ការគាំទ្រដល់ក្រសួងក្នុងជំរុញការអនុវត្តគោលដៅយុទ្ធសាស្ត្រទាំងបួន ការៀបចំផែនទីចង្អុលផ្លូវ (Road Map) ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងការសិក្សាលើគោលការណ៍ «Travel Bubble» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ក្នុងគោលដៅជំរុញចលនាទេសចរណ៍។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យក្រសួងបន្តបេសកកម្មរបស់ខ្លួន ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេស ដោយផ្តោតការគិតគូរលើកត្តាសំខាន់បីក្នុងនោះរួមមាន៖ កត្តាចក្ខុវិស័យ និងយុទ្ធសាស្ត្រ កត្តាបច្ចេកទេស និងកត្តាមហាជន (សាធារណមតិ)។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដែរថា ក្នុងដំណាក់វិបត្តិកូវីដ១៩នេះ ការកសាង បង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ មិនថាក្នុងស្រុក ឬភ្ញៀវអន្តរជាតិ ពិតជាមានសារសំខាន់បំផុត ស្របពេលនឹងការខិតខំបន្តបង្កើនកិច្ចសហប្រតិបត្តិការជាលក្ខណៈស៊ីសង្វាក់ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ និងការផ្សព្វផ្សាយបង្ហាញថា កម្ពុជាជាប្រទេសដែលពោរពេញដោយសុខសុវត្ថិភាព និងភាពកក់ក្តៅក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង