Yearendyearend1140x150

យុវជនទុយសុខដុង៖ដរាបណានៅមានដង្ហើម សូមកុំអស់សង្ឃឹមត្រូវតែតស៊ូទៅមុខទៀត

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបភាពដោយ៖ យុវជន ទុយ សុខដុង

ភ្នំពេញ៖ថ្លែងពីប្អូនប្រុសម្នាក់ដែលមានស្រុកកំណើតនៅភូមិពោធិ៍តាអ៊ុន ឃុំស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ជាកូនទី៥ ក្នុងចំណោមបងប្អូន ០៦នាក់ គឺយុវជន ទុយ សុខដុង ដែលមានឪពុកធ្វើស្រែចម្ការ ហើយម្ដាយនៅផ្ទះមើលថែកូន ហើយសព្វថ្ងៃសុខដុងជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យានៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឆ្នាំសិក្សា ២០១៩-២០២០នេះ។ ទោះបីជាពិការភាព តាំងពីកំណើតមកម្ល៉េះ យុវជនរូបនេះ ក៏មិនដែលនឹងអស់សង្ឃឹមនឹងជីវិតខ្លួនឯងឡើយ ស្របពេលជាមួយអ្នកនៅជុំវិញតែងតែងលើកទឹកចិត្តក៏ដូចជាយុវជន សុខដុង ផ្ទាល់ តែងតែរំលឹកខ្លួនឯងថា «ដរាបណានៅមានដង្ហើម កុំអស់សង្ឃឹម ត្រូវតែមានសង្ឃឹម»។ ទោះបីជាមានអ្នកមួយចំនួននិយាយពាក្យអ្វី ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លួន។ យុវជនរូបនេះ តែងប្រាប់ខ្លួនឯងថា សូមកុំអស់សង្ឃឹម ហើយកុំយកមកគិត នាំតែឱ្យខ្លួនពិបាកចិត្ត មិនចង់ធ្វើអ្វីបាន ប្រាប់ខ្លួនឯងថាដើម្បីសម្រេចក្ដីស្រមៃ យើងត្រូវតែតស៊ូទៅមុខទៀត។ 

តាំងពីតូចមក យុវជន ទុយ សុខដុង ធ្លាប់ជួបប្រទះពាក្យសម្ដីមើលងាយ ការបង្អាប់ពីបណ្ដាអ្នកភូមិមួយចំនួនតូច ហើយអ្នកខ្លះទៀត ថែមទាំងមិនសូវផ្ដល់តម្លៃដល់រូបគេឡើយនៅខណៈមនុស្សមួយចំនួនផ្សេងទៀត តែងលើកទឹកចិត្ត និងអាណិតស្រលាញ់ផងដែរ។ រឿងម្យ៉ាងដែលធ្វើឱ្យយុវជន សុខដុងស្លុតចិត្តមែនទែននោះគឺ ពេលខ្លួនកើតមក ហើយមានអ្នកភូមិម្នាក់ បានប្រាប់ឱ្យពុកម៉ែសុខដុងយកខ្នើយមកសង្កត់ឱ្យស្លាប់តាំងពីតូច ដោយមិនចង់ឱ្យមានជីវិត។ ទោះជាយ៉ាងណាក៏ដោយ ពុកម៉ែសុខដុង មិនស្ដាប់ និងទៅធ្វើរឿងបែបនេះទេ គាត់ស្រលាញ់សុខដុងណាស់ មិនដែលស្អប់ និងមានតែស្រលាញ់ខ្លាំង ប្រឹងប្រែងចិញ្ចឹមកូនឱ្យបានធំរហូតបច្ចុប្បន្ន។ និយាយពីរឿងទៅរៀននៅសាលា ម៉ែពុកឆ្លាស់គ្នា ឌុបកូនដែលគ្មានលទ្ធភាពទៅសាលារៀនដោយខ្លួនឯងជារៀងរាល់ថ្ងៃ។

យុវជន ទុយ សុខដុង
ពេលកំពុងរៀនក្នុងថ្នាក់ (រូបភាពដោយ៖ យុវជន ទុយ សុខដុង)
(រូបភាពដោយ៖ យុវជន ទុយ សុខដុង)

នៅពេលដែលពុកម៉ែឌុបសុខដុងទៅសាលា នៅមានអ្នកខ្លះនៅក្នុងភូមិ តែងតែនិយាយដាក់ពួកគាត់ថា «មិនដឹងជាឱ្យរៀនធ្វើអីទេ ទោះរៀនដល់ណាក៏មិនមានការងារអ្វីធ្វើដែរ កុំឌុបអីនាំតែខាតពេលវេលាទេ»។ ប៉ុន្តែពុកម៉ែមិនស្ដាប់គេទេ គាត់នៅតែឌុបសុខដុងទៅសាលាជារៀងរាល់ថ្ងៃ ធ្វើយ៉ាងណាឱ្យកូនបានសិក្សា រៀនសូត្រចេះដឹងនឹងគេ កុំឱ្យគេមើលងាយនៅថ្ងៃមុខ។ ជួនកាលពេលពួកគាត់ឈឺជើងមិនអាចឌុបកូនទៅរៀនកើត ក៏គាត់ឱ្យប្អូនពៅឌុបសុខដុងទៅសាលាវិញ ហើយសុខដុងក៏បានសិក្សារហូតដល់ចប់ថ្នាក់វិទ្យាល័យ និងបានប្រលងសញ្ញាបត្រមធ្យមទុតិយភូមិជាប់ជាស្ថាពរនៅចុងឆ្នាំ២០១៩ផងដែរ។

(រូបភាពដោយ៖ យុវជន ទុយ សុខដុង)
យុវជន ទុយ សុខដុង កាលនៅរៀនថ្នាក់វិទ្យាល័យ (រូបភាពដោយ៖ យុវជន ទុយ សុខដុង)

យុវជន សុខដុង បានបញ្ជាក់ថា «ពេលសរសេរមេរៀនម្ដងៗ ធ្វើចម្លើយលើក្ដារខៀន ហើយនិងពេលសរសេរសំណៅចម្លើយនៃការប្រឡងបាក់ឌុបផងនោះ ខ្ញុំបាទតែងតែប្រើវិធីតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំ យកប៊ិកមកគៀបនឹងចង្ការរបស់ខ្ញុំ ដើម្បីអាចសរសេរបាន។ ខ្ញុំបេជ្ញាចិត្តថា នឹងប្រឹងប្រែងសិក្សាឱ្យបានចប់ថ្នាក់វិទ្យាល័យ ហើយបន្តការសិក្សាបានថ្នាក់ខ្ពស់នឹងគេ ធ្វើយ៉ាងណាកុំឱ្យអ្នកដែលធ្លាប់មើលងាយថា ខ្ញុំមិនអាចទៅរៀនបាន ហើយបានឃើញពីភាពជោគជ័យរបស់ខ្ញុំនាថ្ងៃខាងមុខ សំខាន់ខ្ញុំត្រូវបន្តដើរតាមក្ដីស្រមៃរបស់ខ្ញុំ មិនត្រូវអស់សង្ឃឹមឡើយ ដោយពាក្យមើលងាយ និងការរិះគន់របស់គេ តែផ្ទុយទៅវិញ ខ្ញុំបានយកពាក្យសម្ដី និងទង្វើរបស់ពួកគេមកធ្វើជាកម្លាំងជម្រុញធ្វើឱ្យខ្ញុំមានកម្លាំងទៅមុខទៀតវិញ ហើយវាបានបង្រៀនឱ្យខ្ញុំចេះតស៊ូ មានចិត្តមួយអត់ធ្មត់ រឹងមាំនឹងបញ្ហាដែលកើតឡើងក្នុងជីវិតផងដែរ។ គោលបំណងរបស់ខ្ញុំបន្ទាប់ពីពេលប្រឡងចប់បាក់ឌុប គឺចង់រៀនផ្នែកអាយធី ក្លាយជាអ្នកសរសេរកម្មវិធីតាមប្រព័ន្ធកុំព្យូទ័រម្នាក់(Programmer)។ ក្រោយមក ខ្ញុំក៏បានជាប់អាហារូបករណ៍របស់ក្រសួងអប់រំ ទទួលបានការសិក្សាក្នុងមុខវិជ្ជាដែលខ្ញុំបានប៉ងប្រាថ្នាមែន»។

ពេលមកបន្តការសិក្សានៅរាជធានីភ្នំពេញ យុវជន ទុយ សុខដុង ស្នាក់នៅបន្ទប់ជួលនៅក្បែរជិតសាលារៀន ដោយការចាយវាយប្រចាំថ្ងៃ គឺទទួលបានប្រាក់ឧបត្ថម្ភដ៏ថ្លៃថ្លាពីឯកឧត្តម ហោ ណាំហុង និងគ្រួសារ ហើយស្ថានភាពនៃការសិក្សានៅវិទ្យាល័យនៅស្រុក និងថ្នាក់មហាវិទ្យាល័យនៅទីក្រុងភ្នំពេញ វាមានលក្ខណៈខុសគ្នាត្រង់ថា សុខដុងត្រូវនៅឆ្ងាយពីផ្ទះនឹកគ្រួសារ ហើយការហូបចុកក៏ដូចជា ការធ្វើដំណើរ ក៏ត្រូវចំណាយអស់ច្រើនផងដែរ។ តែយ៉ាងណាក្ដី មកសិក្សានៅទីក្រុង វាបានផ្ដល់មេរៀនជីវិតជាច្រើន ពុំមានអាក់អន់ចិត្តជាមួយអ្នកដទៃឡើយ ព្រោះនៅទីនោះ មានអ្នកជួយច្រើន ជាពិសេសមិត្តភក្តិ និងអ្នកស្គាល់ជាច្រើននៅទីក្រុង ពួកគាត់តែងតែជួយយកអាសា និងផ្ដល់តម្លៃដល់រូបខ្ញុំបាទ។ សុខដុង បានជួបរឿងល្អៗច្រើន និងមានឱកាសការងារ ព្រោះឮលោកគ្រូនាយកនៅសាលាធ្លាប់និយាយថា បើរៀនពូកែគាត់ជួយរកការងារឱ្យ ហើយម្យ៉ាងទៀតបើរៀនពូកែចង់ទៅរៀននៅក្រៅប្រទេស គាត់ជួយរៀបចំឯកសារអោយ។

សកម្មភាពពេលប្រលងសញ្ញាបត្រទុតិយភូមិ នៅក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងទៅ
រូបភាពដោយ៖ យុវជន ទុយ សុខដុង

យុវជន ទុយ សុខដុង ប្រាប់ថា នៅពេលដែលខ្លួនមានអារម្មណ៍ពិបាកចិត្ត សុខដុងតែងតែសរសេរកូដអំពីមេរៀន ឬស្ដាប់ចម្រៀង ព្រោះការសរសេរកូដធ្វើឱ្យខ្លួនឯងអាចឈប់គិតរឿងដែលមិនល្អ បែរជាផ្ដោតទៅលើការអនុវត្តមេរៀន និងមកគិតអំពីការសរសេរកូដដោះស្រាយបញ្ហាពាក់ព័ន្ធនឹងមេរៀនជំនួសវិញ។ ពេលមករៀននៅថ្នាក់មហាវិទ្យាល័យ យុវជន ទុយ សុខដុង តែងតែបែងចែកកាលវិភាគនៃការសិក្សារបស់ខ្លួន ដោយពេលព្រឹក ចន្លោះម៉ោង៥ព្រឹក ដល់ម៉ោង១១ព្រឹក សុខដុងរៀនមេរៀនដែលត្រូវការការទន្ទេញដោយត្រូវការអានឱ្យបានច្រើនផងដែរ។ បន្ទាប់មកនៅម៉ោង១១ព្រឹក រហូតដល់ម៉ោង១ សុខដុងសម្រាកញាំបាយ និងសម្រាកយកកម្លាំង ហើយពេលក្រោកម៉ោង ១រសៀល ខ្លួនក៏បានរៀបចំងូតទឹកទៅសាកល។ លុះដល់វេលាម៉ោង ៨យប់ សុខដុង រៀនខាងមុខវិជ្ជាគិត និងវិភាគនៃមេរៀនម្ដងដោយការគណនា និងវិភាគស៊ីជម្រៅដូចជាមុខវិជ្ជាគណិតវិទ្យា និងអេឡិចត្រូនិច (Math and Electronic) ជាដើម។ ត្រឹមម៉ោង ១១យប់ សុខដុងនៅតែបន្តរៀនសរសេរកូដដល់ម៉ោង១ ឬ២យប់ ពេលខ្លះដល់ម៉ោង៣ក៏មាន បើសិនជាចាំបាច់។ ទោះបីជាយ៉ាងណាក្ដី វជនរូបនេះ នៅតែពេញចិត្តធ្វើ ដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ ដឹងថា រៀនផ្នែកនេះ ពិតជាហត់ និងត្រូវគិតច្រើន តែដោយសារខ្លួនស្រលាញ់ចូលចិត្ត និងប៉ងប្រាថ្នា។

យុវជន ទុយ សុខដុង បានប្រាប់ស្រាយបញ្ជាក់ថា « នៅក្នុង Profile Facebook របស់ខ្ញុំបាទ បានសរសេរថា "នៅមានដង្ហើម ត្រូវតែមានសង្ឃឹម" ពាក្យនេះគឺចង់សំដៅ និងបានន័យថា នៅពេលណាមួយដែលខ្លួនប្រឈមមុខនឹងការណ៍ និងស្ថានភាពណាមួយដែលវាពិបាកខ្លាំង ខ្ញុំបាទតែងតែទន្ទេញពាក្យ"នៅមានដង្ហើម ត្រូវតែមានសង្ឃឹម" នេះជាប់ជានិច្ច ដើម្បីដាស់ស្មារតី និងលើកទឹកចិត្តខ្លួនឯងវាជាកត្តាចម្បងដែលមិនខ្វះបានក្នុងជីវិតរបស់ខ្លួន ព្រោះអីជីវិតមនុស្សម្នាក់ៗនៅវែងឆ្ងាយណាស់ រមែងតែងជួបបញ្ហានានាជាច្រើនដែលមិនអាចប្រកែកបានឡើយ បើសិនជាយើងមិនផ្ដល់កម្លាំងឱ្យខ្លួនឯងទេ នោះយើងនឹងបាក់ទឹកចិត្ត និងឆាប់អស់សង្ឃឹមក្នុងជីវិត មានអ្វីដែលយើងចង់ធ្វើអ្វីបន្តទៀតបាន។ ក្នុងន័យនេះ ខ្ញុំប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថា "ដរាបណាជីវិតនៅមាន ក្ដីសង្ឃឹមក៏នៅតែមានជានិច្ច ត្រូវតែញញឹមរួចបន្តដំណើរទៅមុខទៀត" »។

យុវជន ទុយ សុខដុង និងម្ដាយបង្កើត (រូបភាពដោយ៖ យុវជន ទុយ សុខដុង)
យុវជន ទុយ សុខដុង និងបងប្រុសបង្កើត រូបកាលនៅកុមារភាព  (រូបភាពដោយ៖ យុវជន ទុយ សុខដុង)
យុវជន ទុយ សុខដុង ថតនៅវត្តភ្នំ រាជធានីភ្នំពេញ (រូបភាពដោយ៖ យុវជន ទុយ សុខដុង)

យុវជន ទុយ សុខដុង បន្ថែមថា ខ្លួនមានថ្ងៃនេះ គឺដោយសារតែមានឪពុកម្ដាយ បងប្អូន ក្រុមគ្រួសារអ្នកនៅជុំវិញខ្លួនដែលមានចិត្តធម៌ស្រលាញ់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ជាពិសេស សុខដុង ខ្លួនមានមោទកភាពចំពោះឪពុកម្ដាយមានចិត្តមេត្តាធម៌ និងព្រហ្មវិហារធម៌ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅរហូតមក។ ពួកគាត់តែងតែជួយទំនុកបម្រុងទាំងការសិក្សា និងតម្រូវការមួយចំនួន ហើយព្យាយាមធ្វើយ៉ាងណាឱ្យកូនបានសប្បាយចិត្ត ដូចជាបានចូលរៀននៅសាលាដូចមនុស្សទូទៅ និងបានប្រឡងជាប់ទៅរៀនបន្តនៅសាកលវិទ្យាល័យ ហើយមានសមត្ថភាពអាចធ្វើអ្វីបានជាច្រើនសម្រាប់ខ្លួនឯង ។

សម្រាប់គម្រោង ឬគោលបំណងបន្ទាប់ទៀត ពេលយុវជនវ័យ ២០ឆ្នាំរូបបានចូលឆ្នាំទី២ ឆ្នាំសិក្សាថ្មី គឺខ្លួនចង់រៀនផង និងធ្វើការងារផងសម្រាប់ទទួលបានបទពិសោធន៍ពាក់ព័ន្ធមុខវិជ្ជាសិក្សារបស់ខ្លួន ហើយគោលបំណងដែលធំមួយនោះទៀត គឺការខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងគោលបំណងចង់ប្រឡងអាហារូបករណ៍បន្តការសិក្សានៅក្រៅប្រទេសផងដែរ ប្រសិនជាអាច។

យុវជន ទុយ សុខដុង សូមអរគុណពុកម៉ែដែលបានចិញ្ចឹមថែរក្សាខ្លួនរហូតមក និងសូមអរគុណដល់បងប្អូនសប្បុរសជនដែលមានមេត្តាធម៌ទាំងអស់ ដែលធ្លាប់បានជួយឧបត្ថម្ភ ជួយទំនុកបម្រុងខ្លួនកន្លងមក និងជាពិសេសអរគុណដល់លោកអ៊ុំ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង យ៉ាងជ្រាលជ្រៅនិងថ្លៃថ្លា ដែលលោកមានចិត្តករុណា បានជួយថ្លៃបន្ទប់ និងការចាយវាយប្រចាំខែ សម្រាប់សិក្សានៅទីក្រុងភ្នំពេញផងដែរ។ បច្ចុប្បន្ន សុខដុង ព្យាយាមខិតខំដុសខាត់នូវសមត្ថភាពរបស់ខ្លួនដោយរៀនជំនាញកុំព្យូទ័រដែលសុខដុងចេះ និងព្យាយាមសិក្សាបន្ថែមគឺមានដូចជា ការកាត់ត ឬកែរូបភាព រូបថត ការកាត់ និងបង្កើតវីដេអូ សរសេរកូដ ជាដើម។

ជាចុងក្រោយ យុវជនដែលមានស្រុកកំណើតក្នុងខេត្តកំពង់ធំ យុវជន ទុយ សុខដុង សូមផ្ដាំផ្ញើរទៅបងប្អូនប្រុសស្រីទាំងអស់ សូមកុំមើលងាយជនពិការ ព្រោះជនពិការក៏ជាមនុស្សដែរ និងសូមឱ្យបងប្អូនពិការទាំងឡាយ សូមកុំអស់សង្ឃឹម ដរាបណានៅមានដង្ហើម ដរាបនោះត្រូវតែមានសង្ឃឹម។ សូមចងចាំថា « ទោះបីជាមានអ្នកណានិយាយពាក្យអ្វីដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ក៏ដោយ សូមកុំអស់សង្ឃឹមឱ្យសោះ ហើយកុំយកមកគិតខ្លាំងពេក គួរយកពេលវេលារបស់យើង ខិតខំកែច្នៃសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរ។ មួយជីវិតនេះ យើងត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើន ត្រូវចេះស្ដាប់បេះដូង និងការគិតរបស់ខ្លួនឱ្យបានច្រើន។ យើងទាំងអស់គ្នា ត្រូវតែក្រោកឈរ និងតស៊ូទៅមុខទៀត កុំបោះបង់ខ្លួនឯងដោយសារតែគេមិនឃើញពីតម្លៃរបស់យើងឱ្យសោះ គឺគ្មានអ្នកណាយល់ពីយើងច្បាស់ ក្រៅពីខ្លួនយើងឡើយ»។

(រូបភាពដោយ៖ យុវជន ទុយ សុខដុង)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង