Yearendyearend1140x150
Img 0571

រដ្ឋាភិបាលអនុម័ត«សេចក្តីព្រាងច្បាប់ស្ដីពី គោលនយោបាយជាតិដំឡូងមី»ដើម្បីជួយកសិករ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ សីហានេះ បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួនលើ “សេចក្តីព្រាងច្បាប់ស្ដីពី គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥”។នេះបើតាមការថ្លែងឱ្យដឹងរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោកផៃ ស៊ីផាន បានគូសបញ្ជាក់ថា គោលនយោបាយជាតិដំឡូងមីមានចក្ខុវិស័យកសាងមូលដ្ឋានផលិតកម្មដំឡូងមី ប្រកបដោយនិរន្តរភាពសម្រាប់ការកែច្នៃប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិត ផលកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយនិរន្តរភាព សម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក។

បើតាមលោកផៃ ស៊ីផាន ដើម្បីសម្រេចនូវគោលបំណងខាងលើ គោលនយោបាយជាតិនេះ បានកំណត់គោលដៅចំនួន៣។ទី១ ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម និងការអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួលបានប្រាក់ចំណូលខ្ពស់ ការប្រើប្រាស់ដីប្រកបដោយចីរភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ទី២ គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកែច្នៃផលិតផលដំឡូងមី ដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យដំឡូងមី។ទី៣ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់ និងសម្របសម្រួលជាមួយអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

តាមការសេចក្តីសន្និដ្ឋានគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥នេះ ធ្វើឱ្យផលិតផលដំឡូងមីកម្ពុជា នឹងក្លាយជាដំណាំយុទ្ធសាស្រ្តមួយ ដែលផ្តល់ប្រាក់ចំណូលច្រើនដល់កសិករ និងជាមូលដ្ឋាននៃការអភិវឌ្ឍឧស្សាហកម្មកែច្នៃនៅកម្ពុជា។ កម្ពុជាពិតជាអាចបោះជំហានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយយកផលិតផលដំឡូងមី ជួយជំរុញកំណើន និងចែករំលែកផលប្រយោជន៍នៃកំណើននេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង