Yearendyearend1140x150

ទំនាក់ទំនងកម្ពុជា-ចិន៖តើកម្ពុជា និងចិន ចំណេញអ្វីខ្លះពីទំនាក់ទំនងដ៏ជិតស្និតនេះ?

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
រាប់ពីឆ្វេង គឺសម្តេច ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងជាយុទ្ធសាស្រ្តមួយដែលកើតចេញ និងរីកចម្រើនឡើងជាលំដាប់ដោយកត្តាប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ និង សេដ្ឋកិច្ច ហើយក៏ជាកត្តាដែលទាញភ្ជាប់ប្រទេសទាំងពីរឱ្យខិតរកគ្នាផងដែរ។ នេះ គឺជាលើកឡើងរបស់លោកលឹម សុវណ្ណរិទ្ធ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាម្ពុជានៅក្នុងអត្ថបទស្រាវជ្រាវមួយឈ្មោះថា«របត់ថ្មីនៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងសតវត្សរ៍ទី២១»។

នៅក្នុងទំនាក់ទំនងដ៏ស្និតស្នាលនេះ លោកលឹម សុវណ្ណរិទ្ធ បានបើកបង្ហាញពីផលចំណេញដែលកម្ពុជាទទួលបាន និង ចិនទទួលបានដូចគ្នា។ សម្រាប់មហាយក្សចិន លោកលឹម សុវណ្ណរិទ្ធ បានលើកឡើងថា ការទាក់ទងជាមួយកម្ពុជា គឺកម្ពុជានឹងគោរព«នយោបាយចិនតែមួយ»ដែលនេះជាផលចំណេញខាងនយោបាយសម្រាប់ចិន។ ក្រៅពីរឿងនេះ កម្ពុជា គឺជាច្រកការទូតយ៉ាងសំខាន់មួយទៅកាន់អាស៊ានសម្រាប់ចិន។ ចិន ដែលមានបំណងចូលខ្លួនក្នុងសមាហរណកម្មតំបន់ និងជ្រៀតឥទ្ធិពលចូលក្នុងនាមជាប្រទេសមហាអំណាចតំបន់ ក៏ដូចពិភពលោក។

ម្យ៉ាងវិញទៀត ចិនក៏មើលឃើញសារៈសំខាន់របស់កម្ពុជានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។ បន្ថែមពីលើបញ្ហាទាំងនេះ លោកលឹម សុវណ្ណរិទ្ធ ក៏បានសង្កេតមើលឃើញថា តាមរយៈទំនាក់ទំនងល្អជាមួយកម្ពុជា ចិនក៏ទទួលបាននូវសំឡេងគាំទ្រមួយក្នុងឋានៈកម្ពុជាសមាជិកនៃស្ថាប័នអន្តរជាតិ កិច្ចប្រជុំថ្នាក់តំបន់ និង កិច្ចសហប្រតិបត្តិការនានាដូចជា អង្គការសហប្រជាជាតិ អាស៊ាន កិច្ចប្រជុំអាស៊ានបូក៣ កិច្ចប្រជុំអាស៊ាន-ចិន កិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំជាច្រើនផ្សេងទៀត។

ចំណែក កម្ពុជាដែលជាប្រទេសដ៏តូចមួយវិញ ក៏ទទួលបានផលប្រយោជន៍មិនតិចដែរពីទំនាក់ទំនងចាក់ទឹកមិនលិចជាមួយមហាយក្សចិននេះ។ សម្រាប់លោកលឹម សុវណ្ណរិទ្ធ ផលប្រយោជន៍នៃទំនាក់ទំនងជាមួយចិន គឺផ្តល់ឱ្យកម្ពុជានូវប្រយោជន៍ជាយុទ្ធសាស្រ្តក្នុងនាមចិនជាមហាអំណាចតំបន់ និងពិភពលោក ជាពិសេស គឺផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈជំនួយ និងការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់។ លោកលឹម សុវណ្ណរិទ្ធ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ចិនក្នុងសតវត្សទី២១នេះ ជាទំនាក់ទំនងជាយុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយផង ជាទំនាក់ទំនងក្នុងនាមដៃគូគាំទ្រគ្នាទៅវិញទៅមកផងនិងជាទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅផងទៀត។

តែទោះជាបែបនេះក្តី កម្ពុជាដែលកំពុងស្ថិតនៅលើផ្លូវអភិវឌ្ឍរបស់ខ្លួន ត្រូវការជាចាំបាច់នូវការចូលរួមជ្រោមជ្រែងអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមពីបណ្តាប្រទេសដែលមានការរីកចម្រើនលើវិស័យជាច្រើនផ្សេងទៀត។ លោកលឹម សុវណ្ណរិទ្ធ បានគូសបញ្ជាក់ដូច្នេះថា៖«ការអនុវត្តនយោបាយការបរទេសចម្រុះពណ៌របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការជ្រើសរើសផ្លូដ៏ត្រឹមត្រូវមួយ ដែលកម្ពុជាមិនអាចទោរទន់ ឫផ្អែកទាំងស្រុងទៅលើមហាអំណាចណាមួយ ហើយប្រឈមនឹងមហាអំណាចណាមួយនោះឡើយ»៕  

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង