Cct850x100 1

លទ្ធផលតេស្តចុងក្រោយ៖អ្នកដំណើរនាវាវេសស្ទឹដាមជាង១ពាន់នាក់គ្មានវីរុសCOVID-19

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា អ្នកដំណើរនាវាវេសស្ទឹដាមដែលសេសសល់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចំនួន១២៨៦នាក់ គឺមិនមានផ្ទុកវីរុសកូរ៉ូណាថ្មីទេ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបានធ្វើការត្រួតពិនិត្យ និង ធ្វើតេស្តរកមេរោគកាលពីម្សិលមិញ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបង្ហាញថា ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ ហើយពួកគេមានសុខភាពធម្មតា និង មិនមានអ្នកឡើងកម្តៅខ្លួនឡើយ។

លទ្ធផលធ្វើតេស្តនេះ ក្រសួងបានបញ្ជាក់ថា ខ្លួនបានសហការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក(WHO)មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ និងជំងឺឆ្លងសហរដ្ឋអាមេរិក(US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងៗទៀត។

បច្ចុប្បន្នក្រសួងសុខាភិបាល និង មន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងបញ្ចេញកិច្ចការដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឲ្យអ្នកដំណើរដែលនៅសេសសល់ទាំងអស់ អាចបន្តដំណើរបានតាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំគ្រួសារ ប្រកបការងារនិងជីវិតប្រចាំថ្ងៃរសប់ពួកគេរៀងៗខ្លួន។

ក្រសួងបានសង្កត់ធ្ងន់ថា មកទល់ពេលនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មី(COVID-19)នោះឡើយ។

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង