Yearendyearend1140x150

ក្រសួងអប់រំ៖ឆ្នាំ២០២០និង២០២១ គ្រឹះស្ថានសិក្សានឹងមិនអាចមានដំណើរការបានដូចមុនទេ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឲ្យឃើញថា នៅក្នុងឆ្នាំ២០២០ និង ២០២០នេះ គ្រឹះស្ថានសិក្សាគ្រប់ប្រភេទនឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិនៃជំងឺកូវីដ១៩ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ«សេចក្តីព្រាងយុទ្ធសាស្ត្រស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ»។

តាមរយៈការវាយតម្លៃរបស់ក្រសួងអប់រំ បានបង្ហាញឲ្យឃើញថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់នឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិកូវីដ១៩ឡើយ។ គ្រឹះស្ថានសិក្សាត្រូវសម្របសម្រួលទៅតាម «ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី» (New Normal Life) តាមរយៈការអនុវត្តវិធានការសុវត្ថិភាពសិក្សា ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងផ្ដល់ទំនុកចិត្តដល់មាតាបិតា។

ជាមួយគ្នានោះ ក្រសួងអប់រំ បានរៀបចំយុទ្ធសាស្ត្រស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញដោយឈរលើអភិក្រម២គឺ ទី១ ការបើកដំណើរការឡើងវិញតាមដំណាក់កាល នៅគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាម«ស្តង់ដារសុវត្ថិភាពសុខភាព» និងទី២ ការបន្តអនុវត្តវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះ គឺជាការសិក្សាក្នុងថ្នាក់រៀន ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមបែបប្រពៃណី រួមទាំងការធ្វើស្វ័យសិក្សា (សម្រាប់សិស្សនៅទីជនបទ)។

ដោយឈរលើអភិក្រមទាំងពីរនេះ «យុទ្ធសាស្ត្រស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ចំនួន៥ចំណុចរួមមាន ទី១ ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាលបន្តបន្ទាប់គ្នា។ ២ គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញពេញលេញនៅឡើយនិងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះ។

ចំណែកទី៣ ការអនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ តាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សាទាំងនោះបានត្រៀមខ្លួនរួចរាល់និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សានិងការបង្រៀននៅគំនិតដោយក្រសួង។

ទី៤ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍សម្រេចចិត្តដែលមានការទទួលខុសត្រូវខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ ទី៥ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្រ្តនៃគម្រិតហានិភ័យរបស់ការរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីធានាបាននូវសុវត្ថិភាពរបស់សិស្សានុសិស្ស បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងៗទៀត និងសង្គមទាំងមូល ក្រសួងអប់រំបានណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជាផ្អាកដំណើរការចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គ្រឹស្ថានអប់រំ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង