Yearendyearend1140x150
Img 0571

តើអ្វីទៅជាផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០?

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជា-វៀតណាមបានផ្ទុះកម្រើកឡើងវិញ បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន ដែលចោទប្រកាន់រដ្ឋាភិបាលរឿងព្រំដែនកម្ពុជា-វៀតណាម សម្រេចប្រើប្រាស់រួមគ្នានូវផែនទីថ្មី ហៅថាផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០។ តើអ្វីទៅជាផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០?

ផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ត្រូវបានធ្វើឡើងដោយភាគីកម្ពុជា និងវៀតណាម ហើយដែលត្រូវបានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែននៅប្រទេសទាំងពីរ ដោយប្រគល់ឲ្យប្រទេសទី៣ ជាអ្នកបោះពុម្ព គឺក្រុមហ៊ុនBLOMINFO A/S នៃប្រទេសដាណឺម៉ាក បន្ទាប់ពីការប្រកាសដេញថ្លៃជាអន្តរជាតិតាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែលក្រោយមកត្រូវបានផ្ទេរបន្តទៅឱ្យក្រុមហ៊ុន NIRAS Mapping A/S ប្រទេសដាណឺម៉ាក ដោយប្រទេសទាំងពីរបានប្រគល់សិទ្ធិចុះថ្ងៃទី៣០ ខែឧសភាឆ្នាំ ២០១៣។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មារធិការព្រំដែន។

បើតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ខ្សែព្រំដែនដែលមាននៅលើផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ត្រឹមត្រូវតាមខ្សែព្រំដែនដូចមាននៅលើផែនទីបោនខ្នាត ១/១០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន លើកលែងតែតំបន់មួយចំនួនដែលពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម បាននិងកំពុងរស់នៅដាំដុះ អាស្រ័យផលមិនសមស្របតាមព្រំដែនផែនទីបោន ខ្នាត ១/១០ ០០០ តែប៉ុណ្ណោះ។

គណៈកម្មារធិការព្រំដែនពន្យល់ថា ដើម្បីរក្សាទុកដីទាំងនោះជូនពលរដ្ឋខាងលើ រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាដោយរក្សាទុកដីទាំងនោះជូនពររដ្ឋឲ្យបានទៅរស់នៅ និងកាន់កាប់ជាបន្តទៀត ដោយយកគោលការណ៍ដោះដូរដី មួយស្មើមួយ ឈរលើស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងសុខដុមរមនារបស់ពលរដ្ឋនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ផែនទីឋានលេខាព្រំដែនខ្នាត១/២៥ ០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា ៨៥% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារព្រំដែន ជាផែនទីផលិតឡើងតាមរយៈការថតរូបភាពពីលើអាកាស (orthophoto-maps) តាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាក់ណា ដែលបានឃើញយ៉ាងច្បាស់នូវទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែនដែលមានទាំងនិយាមការ និងឋានលេខាជាក់លាក់។

ដើម្បីងាយស្រួលក្នុងការទុកដាក់ និងប្រើប្រាស់ផែនទីឲ្យបានត្រឹមត្រូវ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានឯកភាពគ្នាចងក្រងផែនទីឋានលេខាព្រំដែនខ្នាតនេះ ជាសៀវភៅ (album) ផែនទីព្រំដែនតាមលក្ខណៈបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានធ្វើការបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងបំភ្លៃការពិតទាក់ទងការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដោយបានអះអាងថានេះជាការងារបច្ចេកទេសកម្រិតខ្ពស់អនុវត្តដោយក្រុមជំនាញនៃប្រទេសទាំងពីរ ដែលយកគោលការណ៍ខ្សែព្រំដែនមិនកែប្រែតាមផែនទីផ្លូវការបោនខ្នាត ១/១០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឲ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង