Yearendyearend1140x150

ឯកឧត្តមខៀវ កាញារីទ្ធ៖ព័ត៌មានក្លែងក្លាយអាច​«ចាក់ក្រឡេកឱ្យមន្ត្រី»កុំឱ្យដេកលក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ៤ សីហា ឆ្នាំ២០២០នេះ។

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រៀបប្រដូចព័ត៌មានក្លែងក្លាយ ឬ Fake News អាចចាក់ក្រឡេកឱ្យមន្ត្រីនៅតាមមន្ទី តាមខេត្តមួយចំនួនឱ្យរហ័សរហួនកុំឱ្យដេកលក់។ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ៤ សីហា ឆ្នាំ២០២០នេះ។

នៅចំពោះមុនអ្នកសារព៏ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសពីជំហររបស់ក្រសួងព័ត៌មានថា ក្រសួងមិនប្តឹងផ្តល់នោះទេ ព្រោះថា ព័ត៌មានក្លែងក្លាយ ឬ Fake News អាចចាក់ក្រឡេកឱ្យមន្ត្រីនៅតាមមន្ទី តាមខេត្តមួយចំនួនឱ្យរហ័សរហួនកុំឱ្យដេកលក់ ហើយងើបមកបំភ្លឺបកស្រាយនឹងការចុះផ្សាយ។

បើតាមឯកឧត្តម ខៀវ កាញារីទ្ធ ព័ត៌មានក្លែងក្លាយ ឬ Fake News វាសំខាន់ក្រសួងយកតួលេខ ភាពជាក់ស្តែង ដើម្បីដាក់ជាការងារសំខាន់ ហើយក្រសួងមិនអាចយកអ្នកសរសេរព័ត៌មានក្លែងក្លាយ ឬ Fake Newsទាំងអស់ទៅដាក់គុកនោះទេសំខាន់ការបំភ្លឺរបស់មន្ត្រី។

ជាមួយនឹងការលើកឡើងខាងលើ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានមើលឃើញផងដែរពីមន្ត្រីមួយចំនួនដែលតែងតែចាត់ទុកអ្នកកាសែតដែលផ្សាយព័ត៌មានមិនល្អពីខ្លួនថាជា ក្រុមប្រឆាំង។ឯកឧត្តម បានស្នើឱ្យបោះបង់គំនិតនេះ ហើយឱ្យមន្ត្រីគួរតែសិក្សារឱ្យបានស៊ីជម្រៅពីព័ត៌មានដែលបានផ្សាយថា តើពិត ឬមិនពិត?

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា៖ «...កុំឲ្យតែឃើញគេសរសេរអត្ថបទអវិជ្ជមាន គេសុទ្ធតែអ្នកប្រឆាំងទាំងអស់។ ឲ្យតែគេសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំង អាហ្នឹងមួយត្រូវចោល»

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងទទួលស្គាល់ថា ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល នាំពាក្យឱ្យក្រសួងគឺសុទ្ធតែជាការងារហត់នឿយ។ប៉ុន្តែឯកឧត្តមស្នើដល់អ្នកនាំពាក្យថា ទី១ កុំទុកអ្នកកាសែតជាសត្រូវ ហើយទី២កុំខឹងឱ្យសោះជាមួយអ្នកការសែត បើខឹងនឹងចាញ់អ្នកការសែត។សម្រាប់ឯកឧត្តម ខៀវ កាញារីទ្ធ អ្នកការសែត និងមន្ត្រីនៃរាជរដ្ឋាភិបាល វាជារូបពីរនៃក្រដាសប្រាក់តែមួយដោយក្រដាសប្រាក់តែមួយចំហៀងមិនអាចចាយបានទេ ពោលវាទាមទារឱ្យមានទាំងពីរ។ប៉ុន្តែក្រដាសប្រាក់ពីរនេះមិនអាចចូលគ្នាបានទេ ដោយកុំគិតថា អ្នកការសែតសុទ្ធតែសរសេរល្អពីអ្នកនាំពាក្យ ហើយអ្នកការសែតក៏ដូចគ្នាដែរ។

គួរបញ្ជាក់ថា ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលមានឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធាន។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានតួនាទីស្នូលក្នុងការសម្របសម្រួលឱ្យមានឯកភាព ប្រសិទ្ធភាព សណ្ដាប់ធ្នាប់ក្នុងការផ្ដល់ និងការផ្សព្វផ្សាយព័ត៌មាន បាននិងកំពុងធ្វើឱ្យវិស័យព័ត៌មានផ្លូវការរបស់រដ្ឋ មានវិសាលភាពជ្រួតជ្រាបផុសផុលល្អប្រសើរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គួរជាទីមោទនៈ។

ក្នុងឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសន្និសីទសារព័ត៌មានសាមញ្ញ(តាមគម្រោងផែនការ)ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួងស្ថាប័ននានា ជាបន្ដបន្ទាប់ចំនួន ២៧លើក និងវិសាមញ្ញ (បច្ចុប្បន្នភាព តបនឹងព្រឹតិ្តការណ៍ជាក់ស្តែង រយៈពេល៧ខែកន្លងមក) ចំនួន ១០លើក ក្នុងនោះក៏មានសន្និសីទស្ដីពីបញ្ហាសាសនាគ្រប់និកាយចូលរួមផងដែរ ក្នុងកិច្ចជំរុញយុទ្ធនាការទប់ស្កាត់ និងការគ្រប់គ្រងរីករាលជំងឺកូវីដ ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង