Yearendyearend1140x150

សហព័ន្ធស្រូវអង្ករចេញផែនការបន្ទាន់ដើម្បីនាំស្រូវអង្ករឱ្យបាន១លានតោនតាមការកំណត់របស់រដ្ឋាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករបានចេញផែនការបន្ទាន់ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានកំណត់នូវគោលដៅក្នុងការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំជាអាទិភាពរបស់កម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារស្រូវអង្កររបស់ប្រជាកសិករ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ដើម្បីជំរុញឲ្យវិស័យស្រូវអង្ករកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ជាពិសេសក្នុងការជំរុញឲ្យបានតាមផែនការកំណត់របស់រាជរដ្ឋាភិបាល សហព័ន្ធស្រូវអង្ករ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗ ដោយផ្តោតលើការជ្រើសរើសពូជ ដើមទុន ទីផ្សារក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានោះដែរ សហព័ន្ធស្រូវអង្ករបានដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំណុច ដែលចំណុចទី១ នោះគឺជាយុទ្ធសាស្ត្រទីផ្សារដែលនឹងបង្កើតកិច្ចសន្យាកសិកម្មជូនកសិករគឺជាទីផ្សារក្នងស្រុក។ ទី២ គឺធ្វើការនាំចេញទៅទីផ្សារនៅប្រទេសធំៗមានទីផ្សារប្រទេសចិនដែលជាទីផ្សារមួយដែលសម្ដេចនាយករដ្ឋមន្ត្រីចរចាបាន៤០ម៉ឺនតោន។ យុទ្ធសាស្ត្រទី៣ គឺសហព័ន្ធស្រូវអង្ករចង់កែច្នៃនូវកសិផលដែលសល់អំពីការកែច្នៃអង្ករនេះ។

ចំណែកយុទ្ធសាស្ត្រទី៤ សហព័ន្ធស្រូវអង្ករចង់រៀបចំឲ្យមានបច្ចេកវិទ្យាជាចង្វាក់ផលិតកម្មទាំងកសិករ ម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ដែលមានបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព គុណភាពជូនដល់អ្នកប្រើប្រាស់។ ទី៥ គឺការកសាងនូវប្រសិទ្ធភាពគឺកាត់បន្ថយថ្លៃដើម និងអនុវត្តធ្វើមានការកែទម្រង់ការដឹកជញ្ជូន ដែលជួយបម្រើទាំងកសិករនិងតម្លៃ និងទី៦ គឺការផ្ដល់នូវកម្ចីហិរញ្ញប្បទាន និងវិនិយោគទៅលើការវិស័យកសិកម្ម។

លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ផែនការសំខាន់ៗដែលសហព័ន្ធស្រូវអង្ករបានបង្កើតឡើងនេះ គឺជាផែនការបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំផលិតផលអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់ប្រជាកសិករ និងអាជីវករនៅក្នុងស្រុក ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានចំនួន៤២៦ ០៧៣ តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨,៣៣% ដែលធៀបទៅនឹងរយៈ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង