Cct850x100 1

រយៈពេល៤២ថ្ងៃក្រសួងយុត្តិធម៌ដោះស្រាយ«សំណុំរឿងកកស្ទះ»បានជាង៣០០០ករណី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ(គ.យ.ក.ស)

ភ្នំពេញ៖នៅក្នុងរយៈពេល៤២ថ្ងៃនៃឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌កម្ពុជា បានដោះស្រាយសំណុំរឿងបានជាង ៣០០០ ករណី ស្នើនឹង២៧ភាគរយ។សំណុំរឿងភាគច្រើនជាបទល្មើសគ្រឿងញៀន បទល្មើសនេសាទជលផល ព្រៃឈើ និងបទល្មើសផ្សេងៗទៀត។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ(គ.យ.ក.ស) បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី ៣១ ខែកក្កដានេះថា នៅក្នុងរយៈពេល៤២ថ្ងៃដំបូង ឬក្នុងរយៈពេលជិត២ខែមកនេះ មន្រ្តីនីមួយៗនៅតាមតុលាការ បានអនុវត្តទៅតាមផែនការ ឬយុទ្ធនាការយ៉ាងសកម្ម និងយកចិត្តទុកដាក់នៅក្នុងការដោះស្រាយសំណុំរឿងនានាដែលបានកកស្ទះនាពេលកន្លងមក។ បច្ចុប្បន្នតុលាការបានដោះស្រាយសំណុំរឿងនានាបានជាង៣០០០ ត្រូវជា ២៧% នៅក្នុងរយៈពេល៤២ថ្ងៃនៃឆ្នាំ២០២០។

បើតាមឯកឧត្តម ជិន ម៉ាលីន ការកកស្ទះនៃសំណុំរឿងទាំងនេះ គឺមិនមែនជាកំហុសរបស់ភាគីណាមួយឡើយ ក៏ប៉ុន្តែវាជាកត្តាសត្យានុម័តដែលកើតមានឡើងជាហេតុថា ដោយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអនុវត្តនូវយុទ្ធនាការបង្ក្រាបបទល្មើសទៅគ្រប់វិស័យទាំងអស់រួមមាន បទល្មើសគ្រឿងញៀន បទល្មើសនេសាទជលផល ព្រៃឈើ និងបទល្មើសផ្សេងៗទៀត ហើយច្រើនកើតមានឡើងនៅក្នុងរាជធានីភ្នំពេញ ព្រោះវាជាទីកន្លែងដែលមានបណ្តុំមនុស្សជាច្រើនចូលមកក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ឬវិនោយោគទុនផ្សេងៗ។

សម្រាប់អ្នកនាំពាក្យរូបនេះ ពន្យល់ថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ត្រូវបានទទួលជោគជ័យក្នុងការបង្រ្កាបបទល្មើសបានជាច្រើន ដែលជាហេតុនាំឱ្យការកសាងសំណុំរឿងនៅតុលាការក៏បានកើនឡើងកាន់តែច្រើន ហើយហួសពីសមត្ថភាពរបស់តុលាការដែលមាននាពេលបុច្ចប្បន្ន ពោលគឺដោះស្រាយពុំទាន់ ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ១៨ ខែឧសភា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស។យុទ្ធនាការនេះ គឺដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង ដើម្បីពន្លឿនការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋលើកកម្ពស់ និងផ្តល់យុត្តិធម៌ឱ្យបានលឿន និង ល្អប្រសើរដល់ប្រជាពលរដ្ឋ។ជួយដល់ការកាត់បន្ថយនូវភាពចង្អៀតណែននៅក្នុងពន្ធនាគារ៕

Khcct banner

អត្ថបទទាក់ទង