Yearendyearend1140x150

«វិវាទដីធ្លីជាង២០ឆ្នាំ»ត្រូវបានបញ្ចប់ដោយគោលការណ៍ឈ្នះឈ្នះរបស់សម្តេចហ៊ុន សែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចសន្យាទទួលការដោះស្រាយតាមគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ភ្នំពេញ៖ ពិតជាមានប្រសិទ្ធិភាពមែន គោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោបានទម្លុះទម្លាយវិវាទដីធ្លីដែល មានរយៈពេលជាង២០ឆ្នាំដ៍ស្មុគស្មាញមួយមកនេះ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ នេះបានធ្វើ អោយប្រជាពលរដ្ឋចំនួន ១៦គ្រួសារទទួលបានយុត្តិធម៌ពិតប្រាកដ ។

 រឿងរ៉ាវក្តីក្តាំដីធ្លីនៅប៉ោយប៉ែតដែលបានប្តឹងផ្តល់គ្នាទៅវិញទៅមកចំនួន០៤ករណី រវាងប្រជាពលរដ្ឋ ១៦គ្រួសារ ដែលមាទីតាំងនៅ ភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ តាមផ្លូវតុលាការ រហូតដល់មានសាលដីកាស្ថាពរ និង សជណ ពីរាជរដ្ឋាភិបាលចំនួន ៣ និងចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន ៤ លើក អោយកាត់ដីដោះស្រាយជូនប្រជាពលរដ្ឋ ក៏នៅតែមិនអាចអនុវត្តបានរហូតមកទល់ថ្ងៃទី ៣០ កក្កដា នេះទើបបានដោះស្រាយបញ្ចប់ជាស្ថាពរ បន្ទាប់ពីមានការសម្រុះសម្រួលផ្សះផ្សាដ៏ប៉ិនប្រសព្វរបស់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយប្រើពេលវេលាត្រឹម២ថ្ងៃ កាលពីរសៀលថ្ងៃទី២៩ ដល់ព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២០។

លោក ដួង តារា បានថ្លែងថា សំណុំរឿងវិវាទដីធ្លីនេះបានកើតឡើងមុនឆ្នាំ២០០០ មកម៉្លេះ ដែលមាន លក្ខណៈស្មុគស្មាញនិងចាក់ស្រេះបំផុត ដោយមានការប្តឹងផ្តល់គ្នារវាងកូនចុងកូនដើម បងប្អូនបង្កើត និងពលរដ្ឋពាក់ព័ន្ធមួយចំនួនទៀតសរុបមានចំនួន ១៦គ្រួសារ។ ការប្តឹងផ្តល់គ្នាជាង ២០ឆ្នាំមក នេះ ពួកគាត់នៅមិនទទួលបានយុត្តិធម៌ ហើយបន្តរស់នៅលើដីគ្មានបណ្ណកម្មសិទ្ធិពោរពេញដោយ ជម្លោះរវាងគ្នានឹងគ្នា ដោយភាគីម្ខាងៗបានត្រឹមតែប្តឹងទប់ស្កាត់គ្នាទៅវិញទៅមកហើយអស់លុយកាន់តែច្រើន។ ទើបចុងក្រោយសម្រេចចិត្តមកសុំក្តីសាណ្តោសពីសម្តេចតេជោជាលើកទី៥។

នៅថ្ងៃទី ១៦ កក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលមានចំណែកទទួលបានដីធ្លីនៅទីតាំងខាងលើ បានធ្វើលិខិតស្នើសុំមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំជួយរកយុត្តិធម៌។ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងក្រុមការងារបានចុះទៅដល់ទីតាំងកើតហេតុនៅទីក្រុងប៉ោយប៉ែត ហើយបានជួបពិភាក្សាជាមួយប្រធាន និងអនុប្រធានសុរិយាដីខេត្តបន្ទាយមានជ័យ នឹងបានសិក្សាស្រាវជ្រាវរកការពិតមួយចំនួន ទាំងអង្គហេតុ និងអង្គច្បាប់ មុននឹងឈានដល់ការផ្សះផ្សារសម្របសម្រួលដើម្បីបញ្ចប់វិវាទ។

នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានអញ្ជើញបងប្អូន ប្រជាពលរដ្ឋទាំង ១៦ គ្រួសារអោយមកជួបប្រជុំពិភាក្សាគ្នារកដំណោះស្រាយនៅការិយាល័យលោកនៅ វិមានសន្តិភាព។ ការប្រជុំពិភាក្សាសម្របសម្រួលរកដំណោះស្រាយបញ្ចប់វិវាទខាងលើនេះត្រូវបានបញ្ចប់ជាស្ថាពរដោយប្រើពេលវេលាចំនួន២ថ្ងៃ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដោយបានអនុវត្តតាមគោលការណ៍ឈ្នះឈ្នះប្រកដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីធ្វើអោយប្រជាពលរដ្ឋទាំងអស់មានការពេញចិត្តយ៉ាងខ្លាំង ហើយទទួលយកដំណោះស្រាយដោយយុត្តិធម៌នេះដោយបានព្រមព្រៀងសម្បទានឱ្យគ្នាទៅវិញទៅមកប្រកបដោយស្នាមញញឹមជាមួយលទ្ធផលដូចខាងក្រោម៖

១)ភាគី បងប្រុសឈ្មោះ ញៀន ជីវ៉ា ដែលបានលួចលក់ដីទាំងអស់មិនផ្តល់ថវិកាខ្លះដល់ប្អូនៗចំនួន៣នាក់ (ក្រោយឪពុកម្តាយស្លាប់អស់) ពេលនេះបានយល់ព្រមប្រគល់ប្រាក់ដល់ប្អូនៗចំនួន ៣នាក់ គឺក្នុងម្នាក់ៗទទួលបាន $20,000 (ពីរម៉ឺនដុល្លារ) ។

២) ភាគីមីង វ័ន ផាន់ ដែលកាន់កាប់ដីខ្លួន និងដីអ្នកដទៃលើសចំនួន (9.3m x22m) ពេលនេះបានយល់ព្រមទទួលយកតែ (8x22m) រីឯដីដែលលើសគឺត្រូវប្រគល់ជូនម្ចាស់គេវិញ។

៣)ភាគី លោក គត់ សារូម ដែលបានជួលដីអោយមីង វ័ន ផាន់ ចំនួន (3 ម៉ែត្រ) ពេលនេះទទួលបានដីពីមីងមកវិញចំនួន (1.3ម) បូកនឹងថវិកាសម្បទាន $22,000 ដោយមានឯកភាពពីគ្រប់ភាគីទាំងអស់ដែលយល់ព្រមរៃថវិកាផ្តល់ជូនទៅគាត់។

៤)ភាគីលោកស្រី ស៊ុ រ័ត្ន (ភាគីកូនស្រីប្រពន្ធចុង) យល់ព្រមទទួលថវិកា $80,000 (ប្រាំបីម៉ឺនដុល្លារ) គឺ $50,000 នឹងផ្តល់ដោយ ឈ្មោះ នាង សឿន (ភាគីប្រពន្ធដើម) បូកនឹងថវិកា $30,000 ដែលយល់ព្រមបង់ដោយភាគីទាំងអស់ ដោយយល់ព្រមចាកចេញពីដីទំហំ (4x14m) ដែលត្រូវប្រគល់ទៅអោយភាគី នាង សឿន ។

៥) ភាគី នាង សឿន (ប្រពន្ធដើម) យល់ព្រមទទួលដីពីភាគី ស៊ុ រ័ត្ន ទំហំ 4x14m (ទៅតាមទំហំរស់នៅកាន់កាប់ជាក់ស្តែងសព្វថ្ងៃ)

ភាគីទាំងអស់បានយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទ ដោយមានមេធអាវី ៣ រូប និងពលរដ្ឋជាម្ចាស់ដីទំនាស់ទាំងអស់ចំនួន ១៩ នាក់ផងដែរ។ បងប្អូនប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយក្រៃលែងដែលបានបញ្ចប់រឿងក្តីក្តាំដ៏រាំរ៉ៃដែលមានរយៈពេលជាង២០ឆ្នាំមកនេះ បានឆាប់បំផុត ក្រោមការសម្របសម្រួលផ្សះផ្សាឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន ។ ពួកគាត់ទាំងអស់គ្នាវេទនាខ្លាំងណាស់ពីរឿងវិវាទដីធ្លីដែលមានរយៈពេលដ៏យូរនេះ។

ប្រជាពលរដ្ឋទាំងអស់គឺសុទ្ធសឹងតែជាអ្នកបោះឆ្នោតអោយគណបក្សប្រជាជនកន្លងមក។ បងប្អូនប្រជាពលរដ្ឋបាន គោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានជួយដោះស្រាយផ្តល់យុត្តិធម៍ជូនពួកគាត់ទាំងអស់គ្នានៅថ្ងៃនេះ។ បងប្អូនបន្តបោះឆ្នោតគាំទ្រសម្តេចដើម្បីបន្តដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។

លោក ដួង តារា បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចតែងតែស្រឡាញ់នឹងមានព្រហ្មវិហារធម៍ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។ លោក ដួង តារា បានគោរពជូនពរសម្តេច តេជោមានសុខភាពល្អរឹងមាំដើម្បីជាម្លប់ដ៏កក់កក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ លោក ដួង តារា ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ព្រមទាំងលោកមេធាវីស្ម័គ្រចិត្ត និងក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលានិងធនធានក្នុងការចូលរួមសម្របសម្រួលដោះស្រាយបញ្ចប់វិវាទជូនបងប្អូនប្រជាពលរដ្ឋបានចប់ជាស្ថាពរនៅថ្ងៃនេះ។ អរគុណសន្តិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង